
ជនអនាថាសុំទាននៅលើផ្លូវជាតិលេខ ២ តំបន់ចាក់អង្រែក្រោម។ ហុង មិនា
ភ្នំពេញៈ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាណែនាំឱ្យមន្ទីរសង្គមកិច្ចធ្វើជាសេនាធិការរាជធានី-ខេត្ដរៀបចំជនអនាថាឱ្យបានច្បាស់លាស់កុំដឹកយកទៅចោលនៅតាមផ្លូវទន្ទឹមពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្ដគោលនយោបាយជំនួយសង្គម និងផ្ដល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រ។
លោក វង សូត បានថ្លែងណែនាំបែបនេះទៅកាន់មន្ត្រីក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការជំនួយសង្គមលើកទី៥ កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង ដោយលោកបានរំឭកថា កន្លងមកទាក់ទិននឹងរឿងជនអនាថាលោកក៏ធ្លាប់បាននិយាយហើយដែរ តាមប្រព័ន្ធហ្ស៊ូមជាមួយនឹងមន្ដ្រីពាក់ព័ន្ធ។
លោកថ្លែងថា៖ «និយាយពីជនអនាថានេះ គឺថាយើងដូចវែកចកអ៊ីចឹង។ យូរៗទៅស្ដាប់មើល គឺថាមន្ទីរនឹងឆ្លើយដាក់គ្នា ជាពិសេសរាជធានីភ្នំពេញដាក់ពីភ្នំពេញយកទៅចោលកណ្ដាលផ្លូវទៅ ២-៣ ថ្ងៃ មកមុខដដែល (ជនអនាថា) គឺបកមកវិញ។ បានជាខ្ញុំគិតថា ឥឡូវមន្ទីរជាសេនាធិការឱ្យរាជធានី-ខេត្ដត្រូវតែធ្វើរឿងហ្នឹងឱ្យប្រាកដប្រជា»។
លោក វង សូត ថ្លែងថា កន្លងមកមន្ត្រីតែងតែអះអាងថា រកកន្លែងកំណើតស្នាក់នៅរបស់ជនអនាថាមិនឃើញ។
លោកថ្លែងថា៖ «ខ្ញុំថា មិនដែលវាកើតមកពីលើមេឃទេវ៉ីវាកើតមកពីម៉ែឪវាៗមានស្រុក មានភូមិ មានខេត្ដ ម៉េចបានរកមិនឃើញ? រឿងរកនេះយើងស៊ើបអង្កេតមើល។ យ៉ាងហោចណាស់ក៏ដឹងថាវានៅខេត្ដដែរ បើសិនជាមិនដឹងភូមិ»។
លោកថ្លែងថា បច្ចុប្បន្ននេះនៅតាមមូលដ្ឋានរាជរដ្ឋាភិបាល ក្រុមការងារកំពុងចុះជួយ ពលរដ្ឋក្រីក្រដែលគ្មានផ្ទះគឺធ្វើផ្ទះឱ្យពលរដ្ឋគ្មានដីរកដីឱ្យ ព្រោះដីសម្បទានសង្គមកិច្ចស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងដែនដី គឺសម្រាប់ចែកជូនដល់ពលរដ្ឋក្រីក្រ។ ហេតុអ្វីក៏នៅដើរអណ្ដែតអណ្ដូង ឬក៏នៅចង់រកស៊ីរបៀបនឹងមួយជីវិត អាហ្នឹងវាមិនបានទេ។ វាទាក់ទិនដល់សណ្ដាប់ធ្នាប់ សុវត្ថិភាព និងជីវភាពអនាគតកូនចៅរបស់ពួកគាត់។ មិនមែនអ្នកឯងមកដើររកស៊ីសុំទានអ៊ីចឹងថា ជាមុខរបរមួយស្របច្បាប់ជារៀងរហូតនោះទេ។
លោកបន្តថា នាពេលខាងមុខនឹងមិនមានអ្នកណាជួយតាមរយៈការសុំទាននេះទៀតទេ។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់។ លោកបានណែនាំដល់មន្ដ្រីឱ្យទៅមូលដ្ឋាន ស្រាវជ្រាវមើល បើជនអនាថានោះក្រីក្រ គឺជួយពួកគេតាមរយៈបណ្ណសមធម៌ឱ្យទទួលបានប្រាក់ឧបត្ថម្ភដែលក្រសួងកំពុងអនុវត្ដផ្ដល់ជារៀងរាល់ខែ។
លោក វង សូត បញ្ជាក់ថា៖ «រឿងអីយើងធ្វើមិនបាន អាហ្នឹងមុខដដែលៗ។ ខ្ញុំថា ឱ្យដោះឱ្យចប់រឿងហ្នឹងទៅ គាត់លែងមកមុខនឹងទៀតហើយ។ ប៉ុន្ដែកន្លងមក យើងចេះតែជះដាក់គ្នា។ ឥឡូវខ្ញុំសូមណែនាំចំណុចនេះជាចំណុចថ្មីថា យើងនាំគ្នាធ្វើជាសេនាធិការឱ្យអាជ្ញាធររាជធានី-ខេត្ដសហការគ្នាហើយបញ្ជូនបងប្អូនទៅ កុំដាក់ចោល»។
លោក អំ សំអាត នាយករង អង្គការសិទ្ធិមនុស្ស លីកាដូ បានថ្លែងថា កន្លងមកទាក់ទងនឹងការប្រមូលជនអនាថារបស់សមត្ថកិច្ចទៅដាក់នៅមណ្ឌលព្រៃស្ពឺនៃមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ គឺនៅបន្តមានការរិះគន់ចំពោះការគ្រប់គ្រងនៅមិនទាន់មានភាពល្អប្រសើរ ដែលធ្វើឱ្យជនអនាថាដែលប្រមូលទៅនោះជួបនូវបញ្ហាច្រើន។
លោកថ្លែងថា៖ «ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ដ្រីនេះ គឺជារឿងល្អហើយ ព្រោះធ្វើយ៉ាងណា ចំពោះជនអនាថាដែលប្រមូលទៅនេះ គួរតែមានការគ្រប់គ្រង និងចាត់ចែងបានល្អ ដើម្បីកុំឱ្យមានការចោទប្រកាន់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងការធ្វើសមាហរណកម្មពួកគាត់ត្រឡប់ទៅគ្រួសារ ឬមូលដ្ឋានវិញដោយត្រឹមត្រូវ»។
លោកថា ក្របខ័ណ្ឌគោលនយោបាយ និងច្បាប់របស់កម្ពុជាមាន ប៉ុន្ដែជាអ្នកធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរងគ្រោះ៕
វីដេអូ៖