កណ្ដាលៈ អាជ្ញាធរខេត្ត​កណ្តាល​បាន​សម្រេច​បិទ​អាជីវកម្ម​ជីករណ្ដៅ​ដី ចំនួន​ ៣ ​កន្លែង​ក្នុងស្រុក​កណ្ដាលស្ទឹង បន្ទាប់ពី​រកឃើញ​ថា​បានធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ខុសពី​លក្ខខណ្ឌ និង​បទដ្ឋាន​បច្ចេកទេស​ដែល​បាន​កំណត់ដោយ​ច្បាប់​។

លោក ណុប ដារ៉ា អភិបាលរង​ខេត្តកណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​ថា ក្រុម​គណៈកម្មការ​ចម្រុះ ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ បាន​ចុះ​ត្រួតពិនិត្យ​ និង​អនុវត្ត​ច្បាប់​ចំពោះ​អាជីវកម្ម​ជីកដី និង​ដឹកជញ្ជូន​ដី និង​ខ្សាច់​ពុំមាន​ច្បាប់​អនុញ្ញាត និង​ខុស​បច្ចេកទេស ដែល​បាន​ណែនាំ​ដោយ​អាជ្ញាធរ​ជំនាញ​។

លោក​បញ្ជាក់ថា​៖ «​នៅក្នុង​នោះ​ក្រុម​គណៈកម្មការ​ចម្រុះ​យើង​បានសម្រេច​បិទ​អាជីវកម្ម​ការដ្ឋាន​ជីករណ្ដៅ​ដី​ចំនួន​ ៣ ​កន្លែង​ក្នុងស្រុក​កណ្ដាលស្ទឹង​ជា​បណ្ដោះអាសន្ន ក្នុង​នោះ​ ១ ​កន្លែង​គ្មាន​ច្បាប់​អនុញ្ញាត និង​ ២ ​កន្លែង​ទៀត​បាន​អនុវត្ត​ ឬ​ធ្វើ​សកម្មភាព​ខុស​បទដ្ខាន​បច្ចេកទេស​ដែល​បានកំណត់​នៅក្នុង​អាជ្ញាប័ណ្ណ​អាជីវកម្ម​»​។

លោក​ ដារ៉ា ថ្លែងថា ម្ចាស់​អាជីវកម្ម​ជីក​អាចម៍ដី​នៅ​ចំណុច​ភូមិ​ត្រោះ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ឈ្មោះ «​តា ម៉ាប់​»​ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ ខណៈ​ឈ្មោះ រ៉ុង រ៉ា និង​ឈ្មោះ គង់ គៀង ដែលមាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជីកកាយ​លក់​អាចម៍ដី​នៅក្នុង​ស្រុក​នេះ ដែល​ចេញ​ដោយ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កណ្ដាល​ត្រូវ​បាន​រកឃើញថា បាន​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់​អនុញ្ញាត​។

ម្ចាស់​ការដ្ឋាន​អាជីវកម្ម​ជីក​លក់​អាចម៍ដី ឈ្មោះ រ៉ុង រ៉ា និង​ឈ្មោះ គង់ គៀង មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជីក​កាយ​លក់​អាចម៍ដី​នៅ​ចំណុច​ភូមិ​ថ្មី និង​ភូមិ​ក្រាំងតី ឃុំ​ថ្មី ស្រុក​កណ្ដាលស្ទឹង ក្នុង​ទំហំ​ផ្ទៃដី​ត្រឹមតែ​ ១ ​ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ជីកកាយ​រណ្ដៅ​ដី​ទាំង​ ២ ​នេះ​បាន​ធ្វើ​សកម្មភាព​ជីក​កាយ​អាចម៍ដី​រហូតដល់​ ៣ ​ហិកតា លើសពី​ការកំណត់​នៃ​ច្បាប់​។ ជុំវិញ​ករណីនេះ ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ទាំង​ ៣ ​ទីតាំង មិនអាច​ទាក់ទង​ស្នើសុំ​ការបំភ្លឺ ឬ​អត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក អ៊ូច សារឿន អភិបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការពិត​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី ឈ្មោះ «​តាម៉ាប់​» នោះ គាត់​បានដាក់​សំណើ​ធ្វើ​អាជីវកម្ម​ជីកកាយ​អាចម៍ដី​ទៅ​មន្ទីរ​រ៉ែ និង​ថាមពល​រួចហើយ ប៉ុន្តែ​នៅ​មិនទាន់​ធ្លាក់​អាជ្ញាប័ណ្ណ​។ ទោះយ៉ាងណា​ក៏ដោយ សកម្មភាព​របស់គាត់ កន្លងមក​នេះ​ជា​អំពើ​ល្មើស​ទៅនឹង​ច្បាប់​អាជីវកម្ម ដែល​បាន​កំណត់​ដោយ​ច្បាប់​។

ចំណែក​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ចំនួន​ ២ ​នាក់​ទៀត ក៏​បាន​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់​អាជីវកម្ម​ផងដែរ បើទោះជា​ពួកគាត់​មាន​អាជ្ញាប័ណ្ណ​ក៏ដោយ ព្រោះ​ពួកគាត់​បាន​ធ្វើ​អាជីវកម្ម​លើស​ពី​ការកំណត់​នៃ​អាជ្ញាប័ណ្ណ​។ សមត្ថកិច្ច​ជំនាញ​បាន​សម្រេច​បិទ​អាជីវកម្ម​របស់​ពួកគាត់​ជា​បណ្ដោះអាសន្ន និង​បាន​ណែនាំ​ឱ្យ​ពួកគាត់​ទៅ​បង់ប្រាក់​ផាកពិន័យ​ទៅ​តាម​ការកំណត់​នៃ​ច្បាប់ និង​ទៅសុំ​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ដល់​មន្ទីរ និង​ក្រសួង​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់ មុនពេល​បន្តសកម្មភាព​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ​។

លោក​ថា​៖ «​ក្រោយពី​មាន​ការធ្វើ​ប្រតិភូកម្ម​អំណាច​មក​ថ្នាក់មូលដ្ឋាន រដ្ឋបាល​ស្រុក​កណ្ដាលស្ទឹង​យើង​បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ឱ្យ​ប្រកប​នូវ​របរសុចរិត គឺ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ដែល​បាន​កំណត់​ដោយ​ច្បាប់​។ ចំពោះ​អាជីវកម្ម​ជីក​លក់​អាចម៍ដី​ទាំង​ ៣ ​កន្លែង ដែល​គណៈកម្មការ​ចម្រុះ​ខេត្ត​បាន​រកឃើញ​កំហុស​នាពេល​ថ្មីៗ​នេះ រដ្ឋបាល​ស្រុក​កណ្ដាលស្ទឹង​យើង​បាន​ណែនាំ​ឱ្យ​ពួកគាត់​ទៅ​បង់​ការផាកពិន័យ​អន្តរកាល​ជា​សួយ​សារ​រ៉ែ​ចូល​រដ្ឋ​ឱ្យបាន​ត្រឹមត្រូវ​មុនពេល​បន្ត​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ​»​។

លោក ជា សារិទ្ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកណ្ដាល​ថ្លែងថា ម្ចាស់​អាជីវកម្ម​ជីកកាយ លក់​អាចម៍ដី​ទាំង​ ៣ ​ទីតាំង​នោះ​ត្រូវ​ជាប់​ពិន័យ​អន្តរកាល​តាម​មាត្រា​ ៣៥ និង​មាត្រា​ ៣៦ ​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​។ ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ទាំង​ ៣ ​ទីតាំង​នោះ​បាន​ទទួល​ស្គាល់​ និង​យល់ព្រម​នឹង​បង់ការ​ផាកពិន័យ​អន្តរកាល​ជា​សួយ​សារ​នៃ​អាជីវកម្ម​នោះ​តាម​មាត្រា ៣៥ និង​មាត្រា​ ៣៦ ​នៃ​ច្បាប់​នេះ​៕