បាត់ដំបងៈ អាជ្ញាធរ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​បាន​ព្រមាន​​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​លបលួច​ចូលទៅ​នេសាទ​ត្រី​ក្នុង​ទីតាំង​តំបន់​អភិរក្ស​សត្វ​ស្លាប​​ទឹក​នៃ​តំបន់​រ៉ាមសារ​ព្រែក​ទាល់​។

លោក ម៉ិល សុផល អភិបាលស្រុក​ឯកភ្នំ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា កាលពី​ ៣ ​ថ្ងៃមុន​លោក​បាន​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ជាច្រើន​ករណី​ដោយបាន​កាប់បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​មួយចំនួនធំ ដែល​ត្រូវបាន​គេ​លួច​បង្កប់​ចោល​នៅក្នុង​ទឹក ក្នុង​តំបន់​ដែន​អភិរក្ស​សត្វ​ស្លាប​ទឹក​នៃ​តំបន់​រ៉ាមសារ​ព្រែក​ទាល់​។

លោក​បាន​បន្តថា ការនេសាទ​ត្រី​ក្នុង​តំបន់​ដែន​អភិរក្សសត្វ​ស្លាប​ទឹក​មិន​ត្រឹម​ធ្វើឱ្យ​បាត់បង់​ពូជ​ត្រី​ប៉ុណ្ណោះ​ទេ ថែមទាំង​បាត់បង់​នូវ​ជីវចម្រុះ និង​ធ្វើឱ្យ​ចំនួន​សត្វ​ស្លាប​ទឹក​ក្នុង​តំបន់​រ៉ាមសារ​ព្រែក​ទាល់​ដ៏ធំ​ចុងក្រោយ​ក្នុង​អាស៊ីអាគ្នេយ៍​មួយ​នេះ​ថយចុះ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្មាន​ត្រី គ្មាន​សត្វ​ស្លាប​ទឹក គ្មាន​ភ្ញៀវ​ទេសចរ ពលរដ្ឋ​បាត់បង់​ចំណូល ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ការពារ​ និង​អភិរក្ស​តំបន់​អភិរក្ស​សត្វ​ស្លាប​ទឹក​នេះ​ឱ្យបាន ដោយ​រួមគ្នា​បង្ការ​​ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រប់​ទម្រង់​ពិសេស​បទល្មើស​នេសាទ និង​ការកាប់​រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​នេះ​»​។

បើតាម​លោក សុផល ក្រៅពី​ការរកឃើញ និង​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​នៅក្នុង​តំបន់​នេះ ក្រុមការងារ​របស់លោក​ក៏បាន​រកឃើញ​ទីតាំង​នេសាទ​ដែល​ប្រើ​ឧបករណ៍​ល្មើស​​ច្បាប់​ចំនួន​ ១៦ ​កន្លែង​ផងដែរ ប៉ុន្តែ​ដោយសារ​ទីតាំង​ទាំងនោះ​​ស្ថិតនៅ​ខាងក្រៅ​តំបន់​អភិរក្ស លោក​បានផ្ដល់​ឱកាស​ដល់​ប្រជានេសាទ​ទាំងនោះ​រុះរើ​ដោយ​​ខ្លួនឯង​ឱ្យ​ហើយ​រួចរាល់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​។

លោក​បាន​បញ្ជាក់ទៀតថា​៖ «​គិត​ត្រឹម​ថ្ងៃទី​ ១០ ខែវិច្ឆិកា គឺ​គ្រប់ ៣ ​ថ្ងៃ​ហើយ អ៊ីចឹង​ទេ​នៅ​​ពេល​ក្រុមការងារ​យើង​ចុះទៅ​​ពិនិត្យ​ហើយ​រកឃើញ​នៅ​មិន​​ទាន់​រុះរើ​នោះ​គឺ​យើង​នឹង​កាប់​​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​​ទាំងនោះ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តែម្ដង​»​។

លោក​បាន​បន្ថែមថា នៅ​ថ្ងៃទី​ ១០ ​ខែវិច្ឆិកា​ឆ្នាំនេះ មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​រ៉ាមសារ​ព្រែក​ទាល់​​បាន​រាយការណ៍​ថា ហ្វូង​សត្វ​ស្លាប​ទឹកជា​ច្រើន​បាន​បំផ្លាស់​ទី​ពី​តំបន់​ផ្សេងៗ​មកកាន់​តំបន់​ព្រែក​ទាល់​ក្នុងនោះ​ក៏មាន​សត្វ​ត្រដក់​ធំ​ផងដែរ​។ យ៉ាងណាក្ដី គេ​នៅ​មិនទាន់​ដឹង​អំពី​ចំនួន​សត្វ​ស្លាប​ទឹក​ទាំងនោះ​មាន​​ការថយចុះ ឬ​កើនឡើង​នៅ​​ឡើយ​ទេ ដោយសារតែ​ពួកវា​ទើបតែ​ចាប់ផ្ដើម​បំផ្លាស់ទី​មក​​ដល់​ជា​បណ្ដើរៗ​។

ទន្ទឹមនឹងនេះ លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​ដើម្បី​បង្កើន​បរិមាណ​ត្រី​ទឹកសាប​ឱ្យ​សម្បូរ​ឡើងវិញ ការងារ​បង្ក្រាប​បទល្មើស​ជលផល​ដែល​រាប់បញ្ចូល​ទាំង​បទល្មើស​នេសាទ និង​បទល្មើស​កាប់​រុករាន និង​ដុតបំផ្លាញ​ព្រៃ​លិចទឹក​ត្រូវ​បាន​រឹតបន្តឹង និង​ចុះ​អនុវត្ត​បង្ក្រាប​ជាប្រចាំ​ដោយ​​គ្មាន​ការលើកលែង​។

លោក​ថ្លែងថា​៖ «​ដើម្បី​បង្ក្រាប​បទល្មើស​ជលផល​ឱ្យមាន​ប្រសិទ្ធភាព​គឺត្រូវធ្វើ​ឡើង​ឱ្យមាន​តម្លាភាព និង​ដោយ​គ្មាន​ការលើកលែង ជាពិសេស​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​។ ប្រការនេះ​យើង​បាន​ណែនាំ​ក្រើនរំឭក​ដល់​មន្ត្រី​យើង​រួចរាល់​​ហើយ និង​បាន​ព្រមាន​ផងដែរ​ថា​នឹង​កសាង​សំណុំរឿង​ទៅ​តុលាការ​ប្រសិនបើ​រកឃើញ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​»​។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​សុំឱ្យ​ពលរដ្ឋ ជាពិសេស​ប្រជានេសាទ​លក្ខណៈ​គ្រួសារ​ចូលរួម​សហការ​ផ្តល់​​ព័ត៌មាន​ពីបទ​ល្មើស​នេសាទ​ និង​អ្នកប្រព្រឹត្ត​កាប់​ទន្ទ្រាន​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​ដែន​ត្រី​ពង​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​​ខ្លួន​ដើម្បី​សមត្ថកិច្ច​ជំនាញ​ចុះ​ចាត់វិធានការ​បង្ក្រាបបាន​ទាន់ពេលវេលា​។

ទាក់ទង​នឹង​ការងារ​អភិរក្ស​ធនធាន​ជលផល​នេះ លោក ជួង សុភា បានឱ្យ​ដឹងថា ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ទិញ​បង្គោល​ចំនួន​ ៦០ ​និង​បាន​បោះបង្គោល​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ជម្រក​មច្ឆជាតិ​ពី​ចំណុច​ឃុំ​ឫស្សីក្រាំង​ក្នុងស្រុក​មោងឫស្សី​រហូត​​ដល់​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ​រួចរាល់​​ហើយ​និង​បន្ត​បោះបង្គោល​បន្ថែមទៀត​នៅ​ឆ្នាំក្រោយ ដើម្បី​ភ្ជាប់​ទៅដល់​ស្រុក​ថ្មគោល​។

ចំណែក​លោក​ កត់ បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការពិត​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប​ទឹក ក្នុង​តំបន់​រ៉ាមសារ​ព្រែកទាល់ មាន​ករណី​ប្រជានេសាទ​លក្ខណៈ​គ្រួសារ លួច​ចូលមក​នេសាទ​ខ្លះ​ដែរ​កាលពី​កន្លងមក ប៉ុន្តែ​បច្ចុប្បន្ន ពុំមាន​ទៀត​ទេ​។

លោក​ថ្លែងថា​៖ «​ក្រុមមន្ត្រី​អនុរក្ស​បរិស្ថាន​យើង​ប្រចាំ​តំបន់​រ៉ាមសារ​ព្រែកទាល់ បាន​ចុះ​ល្បាត​ស្ទើរតែ​រៀងរាល់ថ្ងៃ មិនមាន​ករណី​បទល្មើស​នេសាទ​ជា​លក្ខណៈ​ដុំកំភួន​កើតឡើង​នោះទេ តែ​ការនេសាទ​លក្ខណៈ​គ្រួសារ ក្បែរ​តំបន់​ដែន​អភិរក្ស​ពិតជា​នៅមាន​កើតឡើង​ខ្លះ​ដែរ តែ​ពួកគាត់​ក៏​មិនបាន​បំពាន​ចូលក្នុង​តំបន់​ដែន​អភិរក្ស​សត្វ​ស្លាប យើង​នោះដែរ​»​។

បើតាម​លោក បូរ៉ាន់ ពេលនេះ​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ​​បាន​វិល​ត្រឡប់មក​រស់នៅ​ និង​បន្ត​ពូជ​ក្នុង​តំបន់​រ៉ាមសារ​ព្រែកទាល់​ជា​បន្តបន្ទាប់ ហើយ​ប្រភេទ​ត្រដក់​ក៏បាន​កើនឡើង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ជាប់​គ្នា​ស្របពេល​រដូវ​នេះ​សត្វ​ប្រភេទ​នេះ​វា​កំពុង​បន្ត​កាច់​សម្បុក​បន្ត​ពូជ​ជា​បន្តបន្ទាប់​ផងដែរ​៕

វីដេអូ៖