ភ្នំពេញៈ ក្រុម​ការងារ​តាម​ដាន​អំពី​ការ​ដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ លោក ស ខេង បាន​ទទួល​សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចំនួន ១៩៥​គណនី ដោះ​ស្រាយ​បានចំនួន ៥២​គណនី។

តាមរយៈហ្វេសប៊ុក លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ខែ​តុលា ឆ្នាំ ២០២១ នេះ ក្រុមការងារ​តាម​ដាន​អំពី​ការ​ដោះស្រាយ​ចំពោះ​មតិ​យោបល់ ឬ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង បាន​ទទួល​សំណូមពរ និង​សំណួរ​របស់​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចំនួន ១៩៥ គណនី។

ក្នុងចំណោមនោះ ក្រុម​ការងារ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​គណនី និង​ដោះស្រាយ​ចំនួន ៥២​គណនី។ ក្រៅពី​នេះ​ករណី​ផ្សេង​ទៀត​ក្នុង​ខែ​តុលា និង​សេសសល់​ពី​ខែ​មុនៗ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដោះស្រាយ ខណៈ​សំណូមពរ សំណួរ និង​បញ្ហា​ខ្លះ​ទៀត ត្រូវ​បាន​រក​ឃើញ​ថា ខុស​ពីសមត្ថកិច្ច​ក្រសួង​មហាផ្ទៃ។

ក្នុងហ្វេសប៊ុក លោក ស ខេង សរសេរថា ៖ «ជន​រួមជាតិ​ជា​ទីគោរព! វឌ្ឍនភាព​ការងារ​នេះ អាច​សម្រេច​បាន​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​សហការ​គ្នា​ដ៏​ល្អ​រវាង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ក្រុម​ការងារ​គេហទំព័រហ្វេសប៊ុក​របស់​ខ្ញុំ នៅ​ពេល​ប្រឈម​មុខ​នឹង​បញ្ហា​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩​​ក៏​ដោយ»។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែង​អំណរ​គុណ​បងប្អូន​ជន​រួមជាតិ ដែល​បាន​លើក​ជា​មតិយោបល់ និង​សំណូមពរ​នានា​មក​កាន់​រូប​លោកតាម​រយៈទំព័រ​ហ្វេសប៊ុក​ដើម្បី​យើង​រួម​គ្នា​ដោះស្រាយ​នូវ​បញ្ហា​នានា​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​អាច​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ការ​រួមគ្នា​អភិវឌ្ឍន៍​សង្គមជាតិ។

ជាមួយគ្នានោះ លោក​ក៏​បាន សុំ​ការ​យល់​យោគ​អធ្យាស្រ័យ​ពី​បងប្អូន​ជន​រួមជាតិ ចំពោះ​ករណី​មួយ​ចំនួន​ទៀត​ដែល​ក្រុម​ការងារ និង​ភាគី​ពាក់ព័ន្ធ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់ អាស្រ័យ​លើ​ករណី​ខ្លះ​ទាមទារ​ពេល​វេលា និង​អនុវត្ត​ទៅ​តាម​នីតិវិធី៕