ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចាត់​ឱ្យ​មាន​ការ​ធ្វើ​អធិការកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ជន​ជាប់​ឃុំ​រត់​រួច​ពី​ពន្ធនាគារ​នៅ​ខេត្តស្ទឹងត្រែង ក្រោយ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​ជាប់​ឃុំ​ចំនួន ៥​នាក់ ក្នុង​ចំណោម ៧​នាក់ ដែល​បាន​វាយ​ទម្លុះ​ជញ្ជាំង​ពន្ធនាគារ​រត់​គេច​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា មក​វិញ។ នេះ​បើ​តាម​ហ្វេសប៊ុក លោក ស ខេង នៅព្រឹកនេះ។

លោក ស ខេង បាន​ឱ្យ​ដឹង​តាម​រយៈ​ហ្វេសប៊ុក​នៅ​ព្រឹក​នេះថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​ជាប់​ឃុំ​ចំនួន ៥​នាក់​មក​វិញ​ហើយ ក្នុង​ចំណោម​ជនជាប់​ឃុំ​ចំនួន ៧​នាក់ ដែល​បាន​វាយ​ទម្លុះ​ជញ្ជាំង​ពន្ធនាគារ​លួច​រត់​គេច​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។ ជាមួយគ្នា​នោះ លោក​បាន​ចាត់​ឱ្យ​មាន​ការ​ធ្វើ​អធិការកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​ធ្វើ​ឱ្យ​ជន​ជាប់​ឃុំ​រត់​រួច​ពី​ពន្ធនាគារ​នៅ​ខេត្ត​ស្ទឹងត្រែង។

លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឱ្យ​ដឹង​ទៀត​ថា ជន​ជាប់​ឃុំ​ដែល​សមត្ថកិច្ច​ចាប់​បាន​មក​វិញ​នោះគឺ​មាន​ជនជាតិ​ឡាវចំនួន ២នាក់ និង​ជនជាតិ ខ្មែរ​ចំនួន ៣​នាក់។ ដោយឡែក ទណ្ឌិត ២​នាក់​ជា​ជនជាតិ​ឡាវ​ដែល​មាន​បទល្មើស​គ្រឿង​ញៀន សមត្ថកិច្ច​កំពុងតែ​ស្វែង​រក​ចាប់​ខ្លួន​មក​វិញ​ផងដែរ។

លោកថ្លែងថា៖«ជន​រួមជាតិ​ជា​ទីគោរព! ​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​នៅ​ពេល​នេះ​គឺ​លទ្ធផល​ប្រតិបត្តិការនេះ​ពិត​ជា​កើតឡើង​បាន​ដោយសារ​តែ​មានការ​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​បាន​ជួយ​ស្រាវជ្រាវ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ឈាន​ទៅ​ដល់​ការ​ចាប់​បាន​មក​វិញ​នូវ​ទណ្ឌិត​ដែល​សុទ្ធ​តែ​ជា​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ទាំង​នេះ»។

បើតាមលោក ស ខេង លទ្ធផលនេះ​បាន​បង្ហាញ​ថា គ្រប់​សកម្មភាព​សង្គម​អាច​សម្រេច​បាន​ដោយសារ​តែ​មាន​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ហើយ​វា​ជា​មោទនភាព​ដែល​លទ្ធផល​នេះ​បាន​បង្ហាញ​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង​ពិត​ជា​មាន​ការ​យល់​ដឹង​និង​ចូល​រួម​ក្នុង​គោល​នយោបាយភូមិ​ឃុំ​មាន​សុវត្ថិភាព ក៏​ដូចជា ការ​ថែរ​រក្សាសន្តិសុខ សុវត្ថិភាព​សង្គម​ផងដែរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្ដែ​នូវ​ការ​កោត​សរសើរ ដល់​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់​ដែល​បាន​ខ្នះ​ខ្នែង​ធ្វើ​កិច្ច​ប្រតិបត្តិការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ហើយ​លោកសង្ឃឹម​ថា ការ​ចាប់​ខ្លួន​ទណ្ឌិត ២​នាក់​ទៀត​នឹង​សម្រេច​បាន​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក​ថ្លែង​ថា៖ «ក្នុង​ឱកាសនេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ផង​ដែរ ដល់​បង​ប្អូន​ជន​រួមជាតិ គ្រប់​មជ្ឈដ្ឋាន​សូម​បន្ត​គាំទ្រ​និង​ចូល​រួម​អនុវត្តគោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក៏​ដូចជា ការ​គាំទ្រ​និង​ចូលរួម​បន្ត អនុវត្ត​តាម ពាក្យ​ស្លោក​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ៣​កុំ ១​រាយការណ៍ ទាំងអស់​គ្នា ដើម្បី​សុវត្ថិភាព និង​ភាព​សុខសាន្ត​ក្នុង​សង្គម​ជាតិ​យើង»៕