ភ្នំពេញៈ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) និង​ដៃគូ​ពាក់​ព័ន្ធ នឹង​រួមគ្នា​ប្រារព្ធ​ទិវា​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​អន្តរជាតិ​លើក​ទី​៩ ដើម្បី​ចែក​រំលែក​ពី​សារៈសំខាន់​នៃ​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​នៅ​ក្នុង​បរិយាបន្ន​សង្គម និង​ការ​រួម​ចំណែក​របស់​ពួកគេ​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ជាតិ។

វេទិកានេះ​នឹង​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន ទន្លេ​បាសាក់​២ ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ដែល​មាន​អ្នក​ចូលរួម​ផ្ទាល់​ប្រមាណ ៥០ នាក់ ដែល​ជា​អ្នក​លក់ដូរ​តាម​ផ្លូវ តំណាង​មក​ពី​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍ និង​តំណាង​ក្រសួង​ពាក់ព័ន្ធ ព្រម​ទាំង​មាន​អ្នក​ចូលរួម​ពីចម្ងាយ (Online) ចំនួន​ប្រមាណ ៣០០ នាក់​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ IDEA បាន​ឱ្យ​ដឹង​ថា វេទិកា “កិច្ច​គាំពារ​សង្គម​សម្រាប់​អ្នក​លក់​ដូរ​តាម​ផ្លូវ​នៅ​កម្ពុជា” ត្រូវ​បាន​រៀប​ចំ​ឡើងដើម្បី​រំឭក និង​ទទួល​ស្គាល់​សិទ្ធិ​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ ពិភាក្សា​អំពី​ស្ថានភាព និង​បញ្ហា​ជួប​ប្រទះ​របស់​ពួកគេ ព្រម​ទាំង​ចែក​រំលែក​ព័ត៌មាន និង​បទ​ពិសោធន៍ ស្តីពី​គោលនយោបាយ និង​ការ​អនុវត្ត​កិច្ច​គាំពារ​សង្គម។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ ជួប​ប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា គ្មាន​សុវត្ថិភាព គ្មាន​អនាម័យ គ្មានកិច្ច​គាំពារ​សង្គម រង​ការ​បៀតបៀន និង​ការ​រើសអើង​គ្រប់​រូបភាព។ ក៏​ប៉ុន្តែ ពួកគេ​ពុំ​ទាន់​បាន​ទទួល​ស្គាល់ និង​ចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ​របប​សន្តិសុខសង្គម​នៅ​ឡើយ។ បន្ថែម​ពី​នេះ ការ​រីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​កាន់​តែ​ជួប​ការ​លំបាកបន្ថែម​ទៀត ហើយ​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​ងាយ​រង​គ្រោះ ព្រម​ទាំង​ប្រឈម​នឹង​ហានិភ័យ និង​ភាព​មិន​ជាក់​លាក់​កាន់​តែ​ច្រើន។

លោក វន់ ពៅ ប្រធាន​សមាគម IDEA ថ្លែង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក សមាគម​របស់​លោក បាន​ធ្វើ​សកម្មភាព​ជាច្រើន​ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ទូទៅ រួម​ទាំង​កិច្ចគាំ​ពារ​សង្គម​សម្រាប់​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ ដើម្បី​បញ្ចូល​ពួកគេ​ទៅ​ក្នុង​គោល​នយោបាយ​គាំពារសង្គម ក៏​ដូចជា​ការ​ជំរុញ​ច្បាប់​ស្តី​របប​សន្តិសុខ​សង្គម​ដើម្បី​ពង្រីក​វិសាលភាព​ក្នុង​ការ​គាំពារ​ពួកគេ​ក្នុង​ច្បាប់​នេះ​ផងដែរ។

លោក​ថា អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ ​ក៏ត្រូវ​ការ​កិច្ច​គាំពារ​សង្គម​ពី​ច្បាប់​នេះ ដើម្បី​កម្ពុជា​ឈាន​ទៅ​រក​សង្គម​មួយ​ប្រកប​ដោយ​សមភាព និង​សមធម៌។

លោក​បាន​បន្ថែម​ថា៖ «បច្ចុប្បន្ន IDEA បាន និង​កំពុង​សម្រប​សម្រួល បណ្តុះ​បណ្តាល និង​ចងក្រង​អ្នក​លក់​ដូរ​តាម​ដងផ្លូវ ក្នុង​រាជធានីភ្នំពេញ និង​បណ្តា​ខេត្ត​នានា បាន​ចំនួន ២២​ក្រុម ដើម្បី​ផ្តួច​ផ្តើម​ឱ្យ​មាន​ការ​សន្ទនា​សមស្រប​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល​ពាក់​ព័ន្ធ​មួយ​ចំនួន ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ពី​សិទ្ធិ​របស់​ពួកគេ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ពួកគេ​អាច​ទទួល​បាន​កិច្ច​គាំ​ពារ​សង្គម និង​លក្ខខណ្ឌរស់នៅ​សមរម្យ»។

លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាម មាន​ប្រសាសន៍​ថា អ្នក​លក់ដូរ​តាម​ផ្លូវ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ចគ្រួសារ និង​សេដ្ឋកិច្ច​ជាតិ។ ពួកគាត់​មាន​សិទ្ធិ​ដូច​កម្មករ​ក្នុង​វិស័យ​ដទៃ​ទៀត​ដែរ។ ការ​ទទួល​បាន​នូវ​របប​កិច្ចគាំពារ​សង្គម និង​សុខុមាលភាពដែល​រួម​បញ្ចូល​ទាំង​ការ​ធានា​សុខភាព ការ​ថែទាំ​កុមារ កិច្ច​គាំពារ​មាតុភាព ការ​អប់រំ ការ​មាន​អនាម័យ និង​សុវតិ្ថភាព​នៅ​កន្លែង​លក់ដូរ និងការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ ហើយ​ដែល​ពួកគាត់​គួរ​ទទួល​បាន​ដូច​កម្មករ​ដទៃ​ទៀត​ដែរ ជា​ពិសេស​នៅ​ក្នុង​បរិបទ​កូវីដ១៩​នេះ។

លោក​ស្រី​បាន​បន្ថែម​ថា៖ «អង្គការ​ អុកស្វាម យល់​ឃើញ​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​លក់ដូរ​តាម​ផ្លូវ​ឱ្យ​មាន​ប្រសិទ្ធភាព ជាការ​ចាំបាច់​ដែល​ទាមទារ​បន្ត​ឱ្យ​មាន​ការ​គាំទ្រ ផ្តល់​កិច្ចគាំ​ពារសង្គម និង​មាន​ការ​សិក្សា​ស្រាវជ្រាវ​ច្បាស់​លាស់ អំពី​តម្រូវ​ការ និង​ស្ថានភាពជាក់​លាក់​របស់​ពួកគាត់ ដើម្បី​អភិវឌ្ឍ​ទៅ​ជា​គោល​នយោបាយ​ដែល​ឆ្លុះ​បញ្ចាំង និង​ឆ្លើយតប​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​អ្នក​លក់​ដូរ​តាម​ផ្លូវ»៕