រដ្ឋបាលខេត្ត​ព្រះសីហនុ​ណែនាំ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និង​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់ បញ្ចប់​ការធ្វើ​ចត្តាឡីស័ក ចំពោះ​បុគ្គលិក កម្មករ និយោជិត ដើម្បី​ចាប់ផ្តើម​ធ្វើការងារ​ធម្មតា សំដៅ​បើកទទួល​ទេសចរ​វ៉ាក់សាំង សម្រាប់​ការមក​ទស្សនា​កម្សាន្ត នៅក្នុង​ក្រុងព្រះសីហនុ​។

ការណែនាំ​នេះ​ធ្វើឡើង​ បន្ទាប់ពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​មុនគេ​ក្នុង​ការទទួល​ទេសចរ​វ៉ាក់សាំង សម្រាប់​ការមក​ទស្សនា​កម្សាន្ត​នៅក្នុង​ក្រុងព្រះសីហនុ និង​ក្រុង​កោះរ៉ុង​។

យោងតាម​លិខិត​របស់លោក​ គួច ចំរើន ប្រាប់​ទៅ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅថ្ងៃនេះ បាន​ឱ្យ​ដឹងថា រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ណែ​ឱ្យ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​រោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ​ និង​មូលដ្ឋាន​អាជីវកម្ម ទាំងអស់​ត្រូវ​អនុញ្ញាត​ឱ្យ​បុគ្គលិក កម្មករ និយោជិត​របស់​ខ្លួន​អាច​ចេញចូល​ទីតាំង​អាជីវកម្ម បាន​តាម​ការកំណត់​ព្រមព្រៀងគ្នា ឬ​អាច​ចេញទៅ​សម្រាក​នៅផ្ទះ​ ឬ​ទីសំណាក់​របស់ខ្លួន​បាន នៅក្រោយពេល​បញ្ចប់​ម៉ោង​ការងារ​។

លោក​អភិបាលខេត្ត​បាន​លើកឡើង​ថា ម្ចាស់ ឬ​អ្នកគ្រប់គ្រង​រោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និង​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​ត្រូវ​ពង្រឹង​ការងារ​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​លោក​នាយករដ្ឋមន្ត្រី ឱ្យ​បាន​ម៉ឺងម៉ាត់ ជាមួយ​បុគ្គលិក កម្មករ និង​យោជិត​របស់ខ្លួន ក៏ដូចជា​អ្នក​មក​ទទួល​សេវា​។

លោក​ គួច ចំរើន បានឱ្យដឹង​ទៀតថា ម្ចាស់ ឬ​អ្នកគ្រប់គ្រង​រោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ​កាស៊ីណូ និង​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់ ត្រូវ​ធានាថា​បុគ្គលិក កម្មករ និង​យោជិត​ និង​ភ្ញៀវ​ចេញចូល​ទាំងអស់ ត្រូវតែ​ពាក់​ម៉ាស់ ត្រូវបាន​វាស់​ម្តៅ ដើម្បី​ពិនិត្យ​សុខភាព​ជាបឋម មុន​ពេល​ចូលទៅ​កាន់​ទីកន្លែង​បំពេញ​ការងារ ផ្តល់​សេវា និង​ចូលទៅ​ទទួល​សេវា​។

លោក​ថ្លែងថា៖ «​ត្រូវ​រៀបចំ​ឱ្យមាន ការស្គេន QR Code (stop covid-19) មាន​ឧបករណ៍​វាស់​កម្តៅ ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មេរោគ អាល់កុល​ ឬ​ជែល សាប៊ូ​លាង​សម្អាត​ដៃ​»​។ ​ជាមួយ​គ្នា​នោះ ត្រូវខិតខំ​អនុវត្តតាម​វិធី​ស្តងដា​អប្បបរមា SOP សម្រាប់​ភ្ញៀវ និង​កម្មករ បុគ្គលិក​។ ម្ចាស់ ឬ​អ្នកគ្រប់គ្រង ទីតាំង​ត្រូវ​ម្ចាស់ការ ចាត់ចែង​យក​វត្ថុ​សំណាក​ ដើម្បី​វិភាគ​មេរោគ​កូវីដ​ ១៩ ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​ជាបន្ទាន់​។

លោក​ថា ក្នុងករណី​បាន​រកឃើញ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ដល់​បុគ្គលិក កម្មករ​របស់ខ្លួន​ម្ចាស់​ទីតាំង​ត្រូវរាយការណ៍ជូន អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល ដែល​នៅ​ជិត​បំផុត ដើម្បី​ចាត់​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ឬ​អនុញ្ញាតឱ្យ​អ្នកជំងឺ​ទៅ​ព្យាបាល​នៅតាម​ផ្ទះ​។

លោក​អភិបាលខេត្ត​បញ្ជាក់ថា ក្រោយពេល​បុគ្គលិក កម្មករ និយោជិត បានជា​សះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ដោយមាន​ការបញ្ជាក់​ពី​មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​អនុញ្ញាតឱ្យ​គាត់​ចូល​បម្រើ​ការងារ​នៅ​កន្លែង​ដើម​វិញ​ដោយ​គ្មាន​ការរើសអើង​ឡើយ​៕

វីដេអូ៖