ពោធិ៍សាត់ៈ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​ ១៣ ខែវិច្ឆិកា​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណី​សម្លាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ឃុំ​ប្រម៉ោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​ ៩ ខែវិច្ឆិកា​។

សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​គឺពាក់ព័ន្ធ​ករណី​ប្លន់​សម្លាប់ ដោយ​កាប់​ចំនួន​ ៧ ​កាំបិត​ទៅលើ​បុរស​ម្នាក់ ដែលជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រួច​យក​សម្ភារ​មួយចំនួនធំ គេចខ្លួន​បាត់ស្រមោល​។

សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា ជនសង្ស័យ​បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​កាលពី​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ចំក ថ្គាម ស្មា​ខាងឆ្វេង ចំនួន​ ៧ ​កាំបិត បណ្តាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង (​ក្នុង​បន្ទប់​លើ​គ្រែ​) នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ប្រម៉ោយ ត្រង់ចំណុច​ទួលគ្រួស ស្ថិតក្នុង​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រម៉ោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។

សមត្ថកិច្ច​បញ្ជាក់ថា ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ប្រមូល​សម្ភារ ដែល​ក្នុងនោះ​រួមមាន ម៉ូតូ​ ១ ​គ្រឿង ទូរស័ព្ទដៃ​អាយហ្វូន ៣ ​គ្រឿង និង​ចិញ្ចៀនពេជ្រ​ ១ ​វង់ រត់គេចខ្លួន​បាត់ស្រមោល​។

សមត្ថកិច្ច​បាន​បំបែក​សំណុំរឿង និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង ​៩ និង ៤០ ​នាទី​ព្រឹក ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ នៅ​វត្ត​កែវឧត្តម ហៅ​វត្តកណ្តាល ស្ថិតក្នុង​ភូមិ​គល់ទទឹង ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

ជនសង្ស័យ​ឈ្មោះ រឿន រ៉ូ ភេទ​ប្រុស អាយុ​ ១៥ ​ឆ្នាំ ជា​ឈ្នួល​រស់នៅ​ធ្វើការ​ជាមួយ​ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​ស្ទឹងតូច សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​៕

វីដេអូ៖