បាត់ដំបងៈ ​អាជ្ញាធរ​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់​ដំបង បាន​អំពាវនាវ​ដល់​ប្រជាព​លរដ្ឋឱ្យ​បង្កើន​ការប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ជំនន់​ទឹកភ្លៀង ​ខណៈ​ទំនប់​ស្ទាក់​ទឹក​បាសាក់​បាន​ជន់​ឡើង​សា​ជាថ្មី​កាលពី​ម៉ោង ​៣ ​ទៀប​ភ្លឺ​ថ្ងៃទី ១៤ ​ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​នៅ​ផ្នែក​ខាង​លើ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​ភាគ​ខាង​ជើង​នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។

លោក​ ផេង​ ផល អភិ​បាលរង​ស្រុក​រុក្ខ​គិរី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេល​នេះ​កម្ពស់​ទឹក​នៃ​ទំនប់​អាង​ស្ទាក់​ទឹក​បា​សាក់ បាន​ជន់​ឡើង​ដល់ ​៦,៤ ម៉ែត្រ លើសពី​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ ២០​ សង់​ទីម៉ែត្រ ដែល​តម្រូវ​ឲ្យ​មានការ​បើក​ទ្វារ​ទំនប់​ដើម្បី​រំដោះ​ទឹក​ចេញពី​អាង ការ​ពារ​ការបាក់​ស្រុត​ខ្នង​ទំនប់​។

លោក​ផល​បាន​បញ្ជាក់​ថា៖ «នៅពេលនេះ​ស្ថានភាព​ទឹកជំនន់​បាន​ជន់​លិច​លំនៅឋាន​ពលរដ្ឋ​មួយចំនួន​ក្នុង​ឃុំ​បាសាក់​ និង​ឃុំ​ព្រែ​ជីក ប៉ុន្តែ​នៅមានកម្រិត​ស្រាល​ជាង​បើ​ធៀប​ទៅនឹង​ការ​ជន់​លិច​កាលពី​អំឡុង​ខែតុលា​កន្លងទៅថ្មីៗនេះ។ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី​រដ្ឋបាល​ស្រុក​រុក្ខ​គិរី​យើង បាន​ត្រៀម​កម្លាំង​និង​មធ្យោបាយ ដើម្បី​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ ពី​តំបន់​រងគ្រោះ​រួចជា​ស្រេច​ហើយ»។

បើតាម​ លោក ផល កាលពី​ខែតុលា​កន្លងទៅនេះ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផល​ប៉ះពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ ជាង​២០០​គ្រួសារ ប៉ុន្តែ​មាន​ពលរដ្ឋ​ប្រមាណ​តែ៧៥គ្រួសារ​ប៉ុណ្ណោះ ​ដែល​បានសម្រេច​ចាក​ចេញមក​ស្នាក់​នៅលើ​ទីទួល​សុវត្ថិភាព ។ ដោយឡែក​កាលពី​ខែតុលា ឆ្នាំ ២០២០ ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​ពី​តំបន់ភ្នំ បានធ្វើ​ឲ្យ​បាក់​ទំនប់​អាង​បាសាក់ បង្ក​ជន់​លិច​និង​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ជា ២ ០០០​ គ្រួសារ​ នៅ​ទូទាំង​ស្រុក​រុក្ខ​គិរី។

ជុំវិញ​ករណីនេះ លោក ឆែ ម៉ាប់ អធិការ​ស្រុក​រុក្ខ​គិរី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ពេលនេះ ទឹកបាន​ជន់​លិច​ខ្លាំង​នៅ​ចំណុច​ភូមិ​កែវ​មុ​នី្ន និងភូមិ​រំចេក​ឃុំ​បាសាក់ ហើយ​កំពុង​ហូរ​ធ្លាក់​ចុះទៅ​ផ្នែក​ខាងក្រោម ដែល​ធ្វើ​ឲ្យ​ដំណាំ​ចម្ការ​និង​លំនៅឋាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត នៅ​ឃុំ​ព្រៃ​ជីក​រង​ការ​ជន់​លិច​ជា​បណ្ដើរ​ផងដែរ។

លោក​ថ្លែងថា៖«នៅពេលនេះ កម្លាំង​សមត្ថកិច្ច​យើង​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ភូមិ​ឃុំ ដែល​កំពុង​រង​ការ​ជន់​លិចនិង​ណែនាំ​ឲ្យ​ពួកគាត់ត្រៀមលក្ខណៈ​ដើម្បី​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ប្រសិនបើ​ការ​ជន់​លិច​មាន​រយៈពេល​យូរនិង​កាន់តែ​ជ្រៅទៅៗ ព្រោះ​ក្នុងខណៈ​នេះ នៅ​ផ្នែក​ខាងលើ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​នៅមាន​ភ្លៀង​ធ្លាក់​នៅឡើយ»។

បើតាម​សម្ដី​លោក ឆែ ម៉ាប់ មន្ត្រី​ជំនាញ​ផ្នែក​ធនធាន​ទឹកប្រចាំ​នៅ​ទំនប់​អាង​បាសាក់បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នៅ ម៉ោង​ ១១ ​ព្រឹក ​ថ្ងៃទី ១៤ ខែវិច្ឆិកាថា ទឹកបាន​ស្រក​ប្រមាណ​ជា ២ តឹក​វិញ បន្ទាប់ពី​ការបើកទ្វារ​ទឹក​បង្ហូរទឹក​ចេញពី​អាង​បាន​ប្រមាណ​ជាង ៦ ម៉ោង​រួចមក ប៉ុន្តែ​ស្ថានភាព​អាកាសធាតុ​នៅ​ផ្នែក​ខាងលើ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ ផ្ទៃមេឃ​នៅមាន​សភាព​អាប់​អ៊ួ​រ​នៅឡើយ។

ជា​មួយ​គ្នានេះ ​លោក ​ស៊ា ស៊ី មេឃុំ​បាសា​ក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​នៅ​រសៀល​ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១​ ខាង​មន្ត្រី​ជំនាញ​ធន​ធាន​ទឹកប្រចាំ​ទំនប់​អាង​បាសាក់​បានសម្រេច​បិទ​ទ្វារ​ទឹកជា​បណ្ដោះអាសន្ន​វិញក្រោយពី​ទឹកបាន​ស្រក​មក​នៅក្រោម​ចំណុច​ទំនប់​បង្ហៀរ​ប្រមាណ ១​ តឹក ដើម្បី​រក្សា​ទឹក​ទុក ប្រើប្រា​ស់​នៅ​រដូវ​ប្រាំង​ខាងមុ​ខនេះ។

លោក​ស៊ី​បាន​បញ្ជាក់​ថា៖ «ទោះយ៉ាងណា​យើង​នៅតែ​បារម្ភ ព្រោះ​នៅពេល​នេះ​ទឹកបាន​ជន់​លិច​ចូល​ក្រោមផ្ទះ ប្រជា​ពលរដ្ឋ​ជា​ច្រើ​នគ្រួសារ​ត្រឹម​ស្មងជើង​ទៅហើយ វា​នឹង​អាច​ជន់​ឡើង​ថែមទៀត ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​មេ​ពីរ​មេ​បន្តទៀត ព្រោះ​មន្ត្រី​ជំនាញ​គេ​បាន​ប្រាប់​យើង​ថា បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ​ទៀត គេ​នឹង​បើកទ្វារ​ទឹក​ឡើង​វិញទៀត»៕

វីដេអូ៖