​បាត់ដំបងៈ​ សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំព្រឹក នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា​នេះ បាននិងកំពុង​បន្ត​ស្រាវជ្រាវ​ករណីរ​ប្រទះឃើញ​អាវុធ AK ជាច្រើន​ដើម នៅ​ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ១២ ខែវិច្ឆិកា​។​

​លោក ហេង បារាំង អធិការនគរបាល​ស្រុកភ្នំព្រឹក ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ព្រឹក​ថ្ងៃទី ​១៣ ខែវិច្ឆិកា​ថា កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​រកឃើញ​អាវុធ​នោះ ដែល​ព័ត៌មាន​លម្អិត​យ៉ាងណា​មិនទាន់​អាច​បញ្ជាក់ប្រាប់​បានទេ​។​

​លោក​ថ្លែងថា​៖ «​យើង​កំពុង​ស្រាវជ្រាវ​រឿង​ហ្នឹង អ៊ីចឹង មិនទាន់​អា​ចប​ញ្ជេ​ញ​ព័ត៌មាន​បានទេ យើង​ត្រូវ​រក្សា​ការសម្ងាត់​សិន​ ដើម្បី​ស្រាវជ្រាវ​»​។​

លោក សុង សុភ័ក្ត្រ អភិបាល​ស្រុកភ្នំព្រឹកបាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​កាំភ្លើង​វែង​ប្រភេទ​អាកាស្វ័យ AK ចំនួន ៤០ ដើម និង​អាវុធ​ M79 នៅ​ភូមិ​អូររំដួល ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

​លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា​ថា ការរកឃើញ​អាវុធ​ខុសច្បាប់​ទោះ​តិច​ ឬ​ច្រើន ក៏​អាច​បង្ក​ការបារម្ភ​ពី​​សុវត្ថិភាព​នៅក្នុង​សង្គម​ដែរ ហេតុនេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួ​រតែ​ព​ន្លឿ​ន​ការស្រាវជ្រាវ និង​ធ្វើយ៉ាងណា​ធានា​ឱ្យ​​បាន​នូវ​ការគ្រប់គ្រង​អាវុធ និង​ការ​ចរាចរណ៍​ឱ្យ​បានល្អ​ប្រសើរ​ ដើម្បី​សុខ​សុវត្ថិភាព​សម្រាប់​សង្គម​ជាតិ​។

​លោក​ថ្លែងថា៖ «​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បង្កើន​ការយកចិត្តទុកដាក់ និង​ស៊ើប​អ​ង្គេ​ត​ករណីនេះ ជាពិសេស​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​អាវុធ​និង​ការ​ចរាចរណ៍​អាវុធ នៅក្នុង​ប្រទេស​យើង​ ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព​សម្រាប់​សង្គម​ជាតិ​ទាំងមូល​»៕