តាកែវៈ ក្រុម​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា បន្ត​រកឃើញ​សម្បុក​សត្វ​ស្លាប​ទឹក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ខេត្តតាកែវ នៅ​ឆ្នាំ ២០២១ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ BirdLife បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា​នេះ​ថា កំណើន​សត្វ​ស្លាប​នេះ ដោយ​ផ្អែកលើ​ការ​ជំរឿន​សម្បុក​សត្វ​ស្លាប​ជា​សកម្មភាព​អង្កេត​តាមដាន​ថ្មី ដែល​ត្រូវបាន​អនុវត្តន៍​នៅ​ទីតាំង​ពង​កូន​នៃ​សត្វ​ស្លាប​ទឹក​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុង​ឆ្នាំ​ ២០២០ និង​ ២០២១​ នេះ​។​

អង្គការ​នេះ​បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២១ សង្កេតឃើញថា សម្បុក​សត្វ​ស្លាប​ទឹក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​បើ​ប្រៀបធៀប​ទៅ​ឆ្នាំមុន ដែល​បាន​បង្ហាញថា បឹង​ព្រែក​ល្ពៅ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សត្វ​ស្លាប​ទឹក​រស់នៅ​និង​ពង​កូន​។

អង្គការ BirdLife បាន​បន្តថា​៖ «ក្នុងឆ្នាំនេះ សម្បុក​សត្វ​ស្លាប​ទឹក​ចំនួន​០៦​ប្រភេទ​ត្រូវបាន​កត់ត្រា​ដែល​ក្នុងនោះ​រួមមាន សម្បុក​សត្វ​ចង្កៀលខ្យង​ចំនួន​ ២ ៩៣១ សម្បុក ក្អែក​ទឹកតូច​ចំនួន ២៨៥ សម្បុក សត្វ​ខ្វែក ១៨០ សម្បុក សត្វ​ស្មោញ​ ៣២ សម្បុក ក្រសារ​ប្រផេះ​ ៣០ សម្បុក និង សា​ធ្នង់​ ២២ សម្បុក​»​។​

លោក លឹម វ៉ាត នាយករង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការកើនឡើង​សម្បុក​សត្វ​ស្លាប​ទឹក​នេះ ដោយសារ​កត្តា​សុខ​សុវត្ថិភាព​របស់​សត្វ និង​ការការពារ​ទីជម្រក​សម្រាប់​ពពួកសត្វ​ទាំងនោះ​។

លោក​ថា​៖ «​យើង​ការពារ​បាន មិនមាន​ជនខិលខូច​ចូល​បរបាញ់ ហើយ​យើង​ខំប្រឹង​ការពារ​ទីជម្រក​សត្វ បានន័យថា ការពារ​សម្បុ​ក ការពារ​ដើមឈើ​ព្រៃ​លិច​ទឹក​ទាំងអស់ ហើយ​ការពារ​បាន​កាន់តែ​ប្រសើរ​ជាង​មុន ដូច្នេះ​សត្វ​ទាំង​នោះមក​ធ្វើជា​ទ្រនំ ធ្វើជា​សម្បុ​ក​ពង​កូន​»​។​

លោក​បន្តថា បន្ថែម​ពីនេះ​អង្គការ​ដៃគូ​កំពុង​ដាំ​កូនឈើ​ប្រភេទ​ព្រៃ​លិច​ទឹក​បន្ថែមទៀត ដូចជា​ដើម​រាំង ព្រោះដើម​រាំង គឺជា​ប្រភេទ​ឈើ​ព្រៃ​លិច​ទឹក​ដែល​សត្វ​ស្លាប​ចូលចិត្ត​រស់នៅ​។​

លោក លឹម វ៉ាត បាន​គូសបញ្ជាក់​ថា​៖ «​យើង​មាន​មោទនភាព​សម្រាប់​ខេត្តតាកែវ ដែល​យើង​ការពារ​បាន​ធនធានធម្មជាតិ​ទាំងអស់ ហើយ​មានការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅ​តំបន់​នេះ ហើយ​សាធារណជន​ទាំងអស់​កាន់តែ​មើលឃើញថា តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ពិតជា​សក្តានុពល​មែន​»​។ «​កាលពីមុន​កូ​វីដ​ ១៩ តំបន់​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរច្រើនណាស់ បើ​ភ្ញៀវ​បរទេស​វិញ​មក​មើល​ម្តងៗ​ជិត ១០​ ប្រទេស ព្រោះ​តំបន់​នេះ​ផ្ទៃដី​ធំ ហើយ​សម្បូរ​សត្វ​ស្លាប​»​។​

បើតាម​លោក លឹម វ៉ាត ក្រោយ​បង្កើត​តំបន់​អភិរក្ស​ច្រើន​ឆ្នាំ​មកនេះ សត្វ​ស្លាប​បានចាប់ផ្តើម​កើនឡើង​គួរឱ្យកត់សម្គាល់​ ទើបតែ​មួយរយៈ​ចុងក្រោយ​នេះ ពោល​ចាប់ពី​ឆ្នាំ ២០២០ និង ២០២១​។​

សម្រាប់​គម្រោង​អភិរក្ស និង​គ្រប់គ្រង​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ សហការ​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន ដែលមាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ​ជា​សេនាធិការ អង្គការ​ជីវ​សត្វ​ស្លាប​អន្តរជាតិ (BirdLife) អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife) និង​អង្គការ WWT​។ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ត្រូវបាន​រដ្ឋាភិបាល​បង្កើត​កាលពី​ឆ្នាំ ២០១៦ លើ​ផ្ទៃដី​ទំហំ​ជាង ៨ ពាន់​ហិកតា នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ ក្នុង​គោលបំណង​ធានា​ការថែរក្សា និង​ការពារ​សោ​ភ័​ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី វប្បធម៌ និង​ជីវៈចម្រុះ​៕