កំពង់ធំៈ​ ក្រុមការងារ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៃ​គម្រោង​រេ​ដ​បូក​ទំរីង នៅ​ថ្ងៃទី​ ១៣ ខែវិច្ឆិកា បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​អូរ​ព្រូស ក្នុងភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ ចាប់បាន​រណា​រយន្ត​ ១ គ្រឿង និង​ឈើ​អុស​សរុប​ចំនួន ៨ ​ស្ទែរ​។

​លោក ឈៀង មាលា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយា ថ្លែង​នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា​ថា ការចុះ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ចាប់​រណា​រយន្ត​ចំនួន​ ១ ​គ្រឿង ​និង​តេ​អូរ​ចំនួន ១ ​គ្រឿង ដែល​ជនល្មើស​អារ​ជ្រៀក​ឈើ​នៅពេល​យប់ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ទៅដល់​ម្ចាស់​បាន​រត់​គេចខ្លួនបាត់។ ជាមួយគ្នា​នោះ សមត្ថកិច្ច​ក៏បាន​ចាប់​ឃាត់​ការធ្វើ​សន្និធិ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នូវ​អុស​ចម្រុះ​​ចំនួន ៨ ​ស្ទែរ ដែល​ជនល្មើស​បាន​កាប់​ទម្លាក់​ចោល​រួច​បើក​គោយន្ត​គេចខ្លួនបាត់​មុនពេល​សមត្ថកិច្ច​ទៅដល់​។ ចំណែក​វត្ថុតាង​ប្រមូល​យកមក​រក្សាទុក​នៅ​ទីស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រយា​។

លោក​ថ្លែងថា​៖ «យើង​ចាប់​មនុស្ស​អត់​បានទេ ព្រោះ​ពេល​ទៅ​សមត្ថកិច្ច​ទៅដល់​គេ​រត់គេចខ្លួន​អស់ ហើយ​ភាគច្រើន​គេ​សុទ្ធ​តែមាន​អាយកូម អាយ​អី ឱ្យព័ត៌មាន​គ្នា​ទៅវិញទៅមក អ៊ីចឹងទៅ​យើង​ចាប់​អត់​បានទេ យើង​បង្ក្រាប​បន្តបន្ទាប់​បានតែ​វត្ថុតាង បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​»។

លោក មាលា បញ្ជាក់ថា ពេលខ្លះ​សមត្ថកិច្ច​ក៏មាន​បញ្ហា​ប្រឈម​ក្នុងការ​ចុះបង្ក្រាប​ផងដែរ ព្រោះ​ជន​ប្រព្រឹត្ត​បទល្មើស មួយចំនួន​បាន​តដៃ​ជាមួយ​សម​ត្ថ​កិច្ច​ទៀត​ផង ប៉ុន្តែ​យ៉ាងណា​សមត្ថកិច្ច​នៅតែ​បន្ត​ចុះ​ល្បាត​ជា​បន្តបន្ទាប់ ដែល​ចាប់បាន​រណា​រយន្ត កាំបិត ពូថៅ ម៉ូតូ ជាដើម​។ លោក​ថា ក្នុង​រយៈពេល​ជិត ​២ ខែ​ចុង​ក្រោយនេះ សមត្ថកិច្ច​សង្កាត់រដ្ឋបាល​ព្រៃឈើ បាន​បញ្ជូន​សំណុំរឿង ទៅកាន់​តុលាការ​បាន​ចំនួន ប្រមាណ ៤០ សំណុំរឿង​។

លោក​ថ្លែងថា៖ «​ទោះបីជា​យើង​ចាប់​មនុស្ស​មិនបាន ប៉ុន្តែ​វត្ថុតាង​ទាំងនោះ​យើង​បានធ្វើ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់​ដែរ ក្នុង​រយៈពេល​នៃ​ខែតុលា និង​វិច្ឆិកា​នេះ យើង​បាន​បញ្ជូនទៅ​ប្រមាណ​ ៤០​ សំណុំរឿង​ហើយ តែបើ​គិតពី​ដើមឆ្នាំ​មក យ៉ាងតិច​បំផុត​ក៏​យើង​បានធ្វើ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បាន ៦០ ​ករណី​ដែរ»។​

ដោយឡែក នៅ​ខេត្តព្រះវិហារ​ឯនោះ​វិញ លោក សុង ច័ន្ទ​សុជាតិ ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា​នេះ បាន​បញ្ជា​ឱ្យ​មន្ត្រី​បរិស្ថាន​ចុះទៅពិនិត្យ​មើល​នៅ​ចំណុច​​អូរ​ទីទុយ ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​គំនរ​ឈើ​លាក់ទុក​នៅ​ទីនោះ​ដោយ​ខុសច្បាប់​។

លោក​ថ្លែងថា៖ «ករណីនេះ​ខ្ញុំ​មិនទាន់​ដឹងថា យ៉ាងណាទេ ខ្ញុំ​នឹង​ឱ្យ​មន្ត្រី​បរិស្ថាន​ចុះទៅពិនិត្យ​មើល​ដល់​កន្លែង​»៕