The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​នាយក​រដ្ឋមន្ត្រី​នឹងបើក​សម្ពោធ​ឱ្យប្រើ​ប្រាស់​ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​ នៅថ្ងៃទី ២៣ វិច្ឆិកា

លោក​នាយក​រដ្ឋមន្ត្រី​នឹងបើក​សម្ពោធ​ឱ្យប្រើ​ប្រាស់​ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​ នៅថ្ងៃទី ២៣ វិច្ឆិកា

Content image - Phnom Penh Post
ទិដ្ឋភាពស្ពានឆ្លងកាត់ទន្លេមេគង្គ (ស្ទឹងត្រង់-ក្រូចឆ្មារ​ )កាលពីថ្ងៃទី ១២ វិច្ឆិកា ។ រូបថត ក្រសួងសាធារណការ និងដឹកជញ្ជូន

លោក​នាយក​រដ្ឋមន្ត្រី​នឹងបើក​សម្ពោធ​ឱ្យប្រើ​ប្រាស់​ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​ នៅថ្ងៃទី ២៣ វិច្ឆិកា

កំពង់ចាមៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវកា​រនូវ​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ ស្ទឹង​ត្រង់-ក្រូចឆ្មារ​ប្រវែង​ជាង ​១​ គីឡូម៉ែត្រ​រវាង​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូងឃ្មុំ​ ដែលជា​ស្ពាន​ទី៨ និង​ជា​ជំនួយ​របស់​ចិន នៅ​ថ្ងៃទី​ ២៣ ខែវិច្ឆិកា។ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​សាលា​ខេត្ត​កំពង់​ចាម។

លោក ឃន ​ប្រុស អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់​ចាម​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ១៤​ ខែវិច្ឆិកាថា៖​ «[សម្ភោ​ធ] ​ថ្ងៃ ២៣ ខែ ១១ ហ្នឹង។ ឯក​ឧត្តម ​យូ ស៊ុន​ទ្បុ​ង [រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី] បានមក​ប្រជុំ​ដាក់​ផែន​ការ​រៀ​ចំ​អស់​ហើយ​នៅតែ​ជិត​ដល់​ថ្ងៃ​ហ្នឹង បាន​យើង​ទៅ​រៀបចំ ប៉ុន្តែ​សម្អិត​សម្អាត​ទីតាំង​អី​រួច​រាល់​អស់​ហើយ»។

លោក​ ឃ​ន ប្រុស ថ្លែង​ថា ស្ពាន​នេះ ​បាន​ជួយ​ដល់​ប្រជា​ពលរដ្ឋ​បាន​ច្រើន​ដោយ​ចំណេញ​ទាំង​ថវិកា និង​ពេល​វេលា។ «[ដូច] ដែល​សម្តេច​នាយក​ថា ដាក់​លុយ​ចូល​ហោរ​ប៉ៅ​គាត់​ដោយ​មិនដឹង​ខ្លួន។គាត់​ឆ្លង​ស្ពាន ព​ន្លឿ​ន​ពេល​វេលា​គាត់។ គាត់​ចង់​មក​ពេទ្យឬ​មាន​កិច្ចការងារ​អី​យប់​ព្រលប់...គឺ​វា​បាន​អី​បាន​គ្រប់​បែប​យ៉ាង​ទាំងអស់។ហ្នឹង​ផល​ប្រយោ​ជន៍​គឺ​ប្រជា​ពលរដ្ឋ​យើង​ហើយ»​។

ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​ កាលពី​ខែ​មីនា បាន​សម្រេច​ដាក់ឱ្យ​ដំណើរ​ការ​ជា​បណ្តោះ​អា​សន្ន​ស្ពាន​នេះ​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពល​រដ្ឋ​ពិសេស​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ខ្មែរ​។

ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃទី​ ១២​ ខែវិច្ឆិកា បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​កថា៖ «គម្រោង​ស្ពាន​ឆ្លង​ទន្លេ​ភ្ជាប់​ស្រុក​ស្ទឹង​ត្រង់​ខេត្ត​កំពង់​ចាម ​និង​ស្រុក​ក្រូច​ឆ្មារ​ខេត្ត​ត្បូងឃ្មុំ​ ដែលជា​ជំនួយ​សាង​សង់​ដោយ​រដ្ឋាភិ​បាល​ចិន​ត្រូវ​បាន​បញ្ចប់​រួច​រាល់។​ សម្ដេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​ស្ពាន​ខាងលើ។ នេះ​ គឺជា​ស្ពាន​ទី៨​ ដែល​ជា​ជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា»​។

គេហ​ទំព័រ​ក្រសួង​សា​ធារ​ណ​ការ និង​ដឹក​ជញ្ជូន​បញ្ជាក់​ថា ស្ពាន​នេះ​នឹង​ចូលរួម​ចំណែក​យ៉ា​ងសំខាន់​ ដើម្បី​ត​ភ្ជាប់​ទំនាក់​ទំនង​ការដឹក​ជញ្ជូន និង​ការធ្វើដំណើ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខេត្តកំពង់​ចាម និង​ខេត្ត​ឃ្មុំ ​ដែល​រស់នៅ​យ៉ាង​ច្រើន​កុះករ នៅ​ត្រើយ​ខាង​កើត និង​ត្រើយ​ខាង​លិច ទន្លេ​មេគង្គ ឱ្យបាន​ងាយ​ស្រួល និង​ឆាប់​រហ័ស​។

ស្ពាន​នេះ​មាន​ទីតាំង​ស្ថិត​នៅត្រ​ង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម ឆ្លង​កាត់​ទន្លេ​មេគង្គ​ទៅ​ត្រើយ​ខាងកើត​ស្ថិត​នៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្ត​កំពង់​ចាមទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ។ ​។

ស្ពាន​នេះ​មាន​ប្រវែង​សរុប ១ ១៣១ ម៉ែត្រ និង​ទទឹង ១៣,៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​អា​មេ ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ ក្រោម​អធិ​បតី​ភាព​លោក​នាយក​រដ្ឋមន្ត្រី​មន្ត្រី ហ៊ុន សែន។

យោង​តាម​គេហទំព័រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ចាម​បានឱ្យដឹ​ងថា ក្រៅពី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹង​ត្រង់-ក្រូចឆ្មារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​ ៧១C នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា​ ​ផង​ដែរ។ ពិ​ធី​នេះ​នឹង​ធ្វើឡើង​នៅ​ត្រើយ​ខាងលិច​ស្ពាន​នេះ​ដែល​ស្ថិតនៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម៕

អត្ថបទគួរចាប់អារម្មណ៍