ភ្នំពេញៈ ទីតាំង​ល្បែង​ស៊ីសង​ខុសច្បាប់​ចំនួន ៤ កន្លែង​​ ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ​ដែល​បម្រុង​បើក​ដំណើរការត្រូវបាន​អាជ្ញាធរ​ខណ្ឌនេះចុះ​រឹបអូស​យក​ឧបករណ៍​កុំ​ព្យួ​ទ័​រ​ និង​បិទ​មិនឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី ១៣ វិច្ឆិកា។

លោក ​ចាប ឌី​ណា នាយក​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​រសៀល​ថ្ងៃទី ១៤ វិច្ឆិកា​ថា ​ឧបករណ៍ និង​សម្ភារ​ដែល​អាជ្ញាធរ​ខណ្ឌដូនពេញ​ដកហូត​បាន​ពី​ទីតាំង​ដែល​បម្រុង​បើក​លេងល្បែង​ខុសច្បាប់​នោះ​មាន ៤ ទីតាំង​ ស្ថិតនៅក្នុង​សង្កាត់​ស្រះចក។ លោកថា ២ ទីតាំង​ក្នុងចំណោម ៤ ទីតាំង​នោះ ​ត្រូវ​អាជ្ញាធរ​ដកហូត​កុំ​ព្យូ​ទ័​របា​ន ៣៨ គ្រឿង ម៉ូនីទ័រ​ចំនួន ២៧ គ្រឿង ​និង​ទូរទស្សន៍​បាន​ចំនួន ២៧ គ្រឿង​រួម​នឹង​សម្ភារ​មួយចំនួនទៀត។

លោក​បន្តថា​ការដែល​អាជ្ញាធរ​ខណ្ឌ​ចុះ​បិទ និង​រឹបអូស​យក​ឧបករណ៍ និង​សម្ភារ​ពី​ទីតាំង​បម្រុង​បើក​លេងល្បែង​ខុសច្បាប់​ខាងលើ​ គឺ​បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​រាយការណ៍​មក​ប្រាប់​អាជ្ញាធរ។

បើតាមលោក ​ចាប ឌី​ណា ផ្អែកតាម​សេចក្តី​រាយកា​រណ៍និង​យោង​តាម​ការចុះ​ពិនិត្យ​ជាក់ស្តែង​គឺថា​ ជនខិល​ខូច​បម្រុង​បើក​លេង​ល្បែង​លួច​លាក់​ខុស​ច្បាប់។ ចំពោះ​ឧបក​រណ៍និង​សម្ភារ​ទាំងអស់នោះ​​ គឺ​លោក​បាន​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​ ដើម្បី​ទុកឱ្យ​ម្ចាស់​ទីតាំង​ទាំងនោះ​ចូល​ខ្លួន​ដោះ​ស្រាយ​។

លោក​បាន​បញ្ជាក់​ថា៖ «ទាំងនេះ​ គឺជា​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ជាមួយ​អាជ្ញាធរ​ក្នុងការ​ទប់​ស្កាត់​បទ​ល្មើស​ល្បែង​ស៊ី​សង​ខុស​ច្បាប់។ នេះ​គឺជា​ការរួម​ចំណែក​យ៉ាង​សកម្ម​របស់​ប្រជា​ពលរដ្ឋ​យើង​»។

យោង​តាម​មន្ត្រីនគ​របាល​ខណ្ឌ​មួយរូប​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​នៅ​រសៀល​ថ្ងៃទី ១៤ វិច្ឆិកា​ថា​ កន្លងមក​នៅក្នុង​ភូមិ​សាស្ត្រ​ខណ្ឌដូន​ពេញ​ មុន​សម័យ​កូ​វីដ​ គឺ​ក្រុម​ជនខិលខូច​តែង​លួច​បើក​ល្បែង​លួចលាក់​បង្កឱ្យមាន​អសន្តិសុខ​ក្នុង​មូលដ្ឋាន។ ប៉ុន្តែ​ដោយ​មាន​ការ​រឹតបន្តឹង​ផ្នែក​សន្តិសុខ​សណ្តាប់​ធ្នាប់ និង​ការ​អនុវត្ត​គោលន​យោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ អាជ្ញា​ធរ​បាន​ទប់​ស្កាត់​ និង​បិទ​ទីតាំង​ល្បែង​ជា​បន្ត​បន្ទាប់​។

មន្ត្រីនគរ​បាល​រូបនោះបន្តថា ​រហូត​ចូល​មក​ទល់​ពេល​មាន​ការ​រាត​ត្បាត​ជំងឺ​កូ​វីដ​កាន់តែ​ខ្លាំង​ គឺ​អាជ្ញា​ធរនិង​សមត្ថកិច្ច​បានបិទ​មិន​អនុញ្ញាត​ឱ្យមាន​ទីតាំង​ល្បែង​តែម្តង​ សូម្បីតែ​ស្រប​ច្បាប់​ក៏ដោយ។ កិ​ច្ចការ​នេះ​ក៏មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​ដែរ​ទើប​ទទួល​បាន​ជោគ​ជ័យ​ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា៖​ «ជារួម​រាល់​បទ​ល្មើស​នៅក្នុង​មូល​ដ្ឋាន​ឬ​ក្នុងភូមិ​សាស្ត្រ​ក្នុង​ខណ្ឌដូ​នពេញ​ទាំង​មូល​មិនសូវ​កើតមាន​ទេ។ បញ្ហា​នេះ​ដោយ​សារ​ទាំង​កម្លាំង​មាន​សមត្ថ​កិច្ច​ទាំង​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ចូលរួម​សហ​ការ​បាន​យ៉ាង​ល្អ»​៕