ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​សហការគ្នា ពង្រឹង​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​បង្ក​បរិយាកាស​ល្អ ដល់​ការរៀបចំ​ការបោះឆ្នោត​។

លោក ស ខេង ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​អនុវត្ត​ផែនការ​រួម ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ខេត្ត​ព្រៃវែង​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ឱ្យដឹងថា អាជ្ញាធរ​ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បាន​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​បាន​ល្អ​ប្រសើរ ពិសេស​អាស្រ័យ​ដោយ​ការប្ដេជ្ញាចិត្ត​ចូលរួម​អនុវត្ត​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព ទោះបី​ជា​ជួបប្រទះ​នឹង​បញ្ហា​នានា​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​នេះ​យ៉ាងណា​ក្ដី ក៏​អាជ្ញាធរ និង​កងកម្លាំង បាន​ខិតខំ​ពុះពារ​លើកស្ទួយ និង​ធ្វើឱ្យ​សម្រេចបាន​កិច្ចការ​សំខាន់ៗ​ស្របទៅតាម​ផែនការ ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​ ២០២២ ដែល​មកដល់​ពេល​នេះ​ក្រុមការងារ​ និង​គណបក្ស​គ្រប់​ថ្នាក់ ក៏​កំពុង​បំពេញ​ភារកិច្ច និង​សកម្មភាព​ដឹកនាំ​សមាជិក​បក្ស និង​អ្នកគាំទ្រ​គណបក្ស​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ព្រមទាំង​កិច្ចការ​សំខាន់ៗ​មួយចំនួន​ទៀត​។

លោក​ថ្លែងថា ការអនុវត្ត​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​ ២០២២ រួមមាន​បន្ត​ណែនាំ​ក្រុម​សមាជិក​បក្ស និង​អ្នកគាំទ្រ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ទៅ​ចុះឈ្មោះ​បោះឆ្នោត ជំរុញ​ការទទួល​បាន​អត្តសញ្ញាណប័ណ្ណ ពង្រឹង​ភ្នាក់ងារ​គណបក្ស​ ដើម្បី​ទប់ស្កាត់​ការបំពានច្បាប់​បោះឆ្នោត បញ្ចៀស​ការធ្វើការងារ​រដ្ឋ​ពាក់ព័ន្ធ​នឹង​ការងារ​នយោបាយ​ដែល​រង​ការរិះគន់ និង​ត្រៀម​រៀបចំ​សន្និបាត​គណបក្ស​ឃុំ- សង្កាត់​ឱ្យបាន​ទាន់ពេលវេលា​។

លោក សោម សូរីដា អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​ឱ្យដឹងថា ការរៀបចំ​ដំណើរការ​បោះឆ្នោត ចាំបាច់​ត្រូវ​មាន​ការការពារ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត កុំ​ឱ្យ​មាន​ការភ័យខ្លាច និង​មាន​ការគំរាមកំហែង​។

លោក​ថ្លែងថា​៖ «​កន្លងមកនេះ យើង​ឃើញ​ដំណើការ​ចុះឈ្មោះ​បោះឆ្នោត យើង​ដែល​រាប់​តាំងពី​ការរៀបចំ​បញ្ជី​បោះឆ្នោត ការរៀបចំ​ចុះបញ្ជី​គណបក្ស​នយោបាយ ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​បោះឆ្នោត គឺ ត្រូវ​ស្ថិតនៅក្នុង​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​»​។

រាជរដ្ឋាភិបាល​បាន​កំណត់​កាលបរិច្ឆេទ​នៃ​ការរៀបចំ​ដំណើរការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ នៅ​ថ្ងៃទី​ ៥ ខែ មិថុនា ឆ្នាំ ២០២២៕