The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជំរុញ​ឱ្យ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ នៅក្នុង​ក្រុង​សៀមរាប

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជំរុញ​ឱ្យ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ នៅក្នុង​ក្រុង​សៀមរាប

Content image - Phnom Penh Post
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ពិនិត្យ​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​សៅរ៍​។ រូប ក្រសួង​សាធារណការ

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ជំរុញ​ឱ្យ​ពលរដ្ឋ​រួមគ្នា​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ នៅក្នុង​ក្រុង​សៀមរាប

សៀមរាបៈ ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជំរុញ​ឱ្យ​ពលរដ្ឋ​រួមគ្នា​ថែរក្សា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ ដែល​ទើប​សាងសង់​ថ្មី នៅ​ក្រុង​សៀមរាប​ឱ្យ​បាន​គង់វង្ស ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ខណៈ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​សម្រេចបាន ៨៩,៣៩% ​នៃ​ទំហំ​ការងារ​សរុប​។

ការប្រកាស​ពី​លទ្ធផល​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ​នេះ បានធ្វើ​ឡើង​ក្រោយពី​រដ្ឋមន្ត្រីក្រសួង​ចំនួន​ ៣ មាន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំងនេះ កាលពី​ថ្ងៃទី​ ១៣ វិច្ឆិកា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ ចុះ​ថ្ងៃទី​ ១៣ វិច្ឆិកា ឱ្យដឹងថា យោងតាម​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស គឺ​គិត​ត្រឹម​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ លទ្ធផល​ការងារ​នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ក្រុង​សៀមរាប​សម្រេច​បាន ៨៩,៣៩% នៃ​ទំហំ​ការងារ​សរុប​។

សមិទ្ធផល​ទាំងនោះ រួមមាន​ការងារ​ស្ថាបនា​ផ្លូវ​ការងារ​សាងសង់​ប្រព័ន្ធ​លូទឹក និង​លូទឹក​ភ្លៀង និង​ការងារ​ដំឡើង​បរិក្ខារ​ផ្លូវថ្នល់ ក្នុងនោះ​មាន​ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព បង្គោលភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ បរិក្ខារ​ចរាចរណ៍ ភ្លើង​សញ្ញា​ចរាចរណ៍ និង​ការដាំ​ដើមឈើ​។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​បន្ថែមថា​៖ «​ការស្តារ កែលម្អ​ដងស្ទឹង​សៀមរាប​ទាំងសងខាង ចាប់ពី​ស្ពាន​រ៉ោករ៉ាក​ដល់​អាងក្រពើ​ប្រវែង​សរុប ៩ ០៥០ ​ម៉ែត្រ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែតុលា រួម​មាន​ការសម្របសម្រួល​ដោះស្រាយ​សំណង់​បណ្តោះអាសន្ន​ចេញពី​ដងស្ទឹង​សម្រេចបាន ១០០ ​ភាគរយ​។ ការយក​សំណង់ តូប​លក់ដូរ​ចេញពី​ដងស្ទឹង ការងារ​ស្តារ​ភក់​ពី​បាត​ស្ទឹង ការងារ​ទប់​ដី​មិនឱ្យ​បាក់​ច្រាំង​តាម​ដង​ទន្លេ ការងារ​រៀបចំ​ខឿន​អង្គុយ​កម្សាន្ត និង​ការដាំដុះ​រុក្ខជាតិ​ជាដើម គឺ​សម្រេចបាន​ជារួម ៦៦ ភាគរយ​»​។

Content image - Phnom Penh Post
ទិដ្ឋភាព​ផ្លូវ ១ ​ខ្សែ​ក្នុងចំណោម ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​។ រូបថត ក្រសួង​សាធារណការ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បាន​លើកឡើងថា នៅពេល​គម្រោង​នេះ​សម្រេច​ហើយ នឹង​ប្រែក្លាយ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ឱ្យក្លាយ​ជា​ទីក្រុង​ដ៏ទំនើប ពោរពេញ​ដោយ​សោភណភាព​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ឱ្យ​ស័ក្ដិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​កាន់តែច្រើន​។ លោក​បញ្ជាក់ថា គម្រោង​នេះ​ក៏​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការតភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​សៀមរាប ទៅ​កាន់​តំបន់​ដាច់ស្រយាល​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ នឹងចូលរួម​សម្រួល​ចរាចរណ៍ លើកកម្ពស់​សោភណភាព​ទីក្រុង ទាក់ទាញ​ទេសចរ និង​វិនិយោគ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព ធានា​ជំរុញ​អភិវឌ្ឍ​ក្រុង​សៀមរាប​ដែលជា​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ពិភពលោក​ឱ្យក្លាយ​ទៅជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍន៍​ជាតិ​»​។

នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំងនេះ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​កោតសរសើរ​ចំពោះ​ក្រុមការងារ​នៃ​អង្គភាព​អនុវត្ត​គម្រោង​ដែល​បានរៀបចំ​ទីតាំង​នៅតាម​បណ្ដោយ​ដងស្ទឹង​ខេត្ត​សៀមរាប​ប្រកប​ដោយ​សោភណភាព ក្រោម​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ជាមួយ​គ្នា​នេះ លោក​ក៏បាន​ជំរុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា​ទ្រព្យ​សម្បត្តិ​នេះ​ឱ្យបាន​គង់វង្ស​ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។

លោក​ថា​៖ «​សមិទ្ធផល​នេះ​កើតឡើង​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សមាជិក​សមាជិកា​គណៈកម្មការ​គម្រោង និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ តាម​ការចង្អុលបង្ហាញ​ដ៏ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ លោក ទៀ បាញ់ ឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ជាង​ ៣ ​លាន​ ៨ ​សែន​ដុល្លារ​សម្រាប់​សាងសង់​ចំណតរថយន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦ ដែលមាន​ប្រវែង​ជាង ២ ០០០ ម៉ែត្រ​។

ថវិកា​ទាំងនេះ​ក៏​សម្រាប់​តភ្ជាប់​បណ្តាញ​លូ ទឹកភ្លៀង និង​ទឹកកខ្វក់​ពី​ផ្ទះ​ចូលក្នុង​បណ្តាញ​រដ្ឋ ដែលមាន​ប្រមាណ​ជាង​ ១២ ០០០ ​តំណ ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ ៣៨ ​ខ្សែ ដែលជា​ចំណងដៃ​ថ្មី​មួយទៀត​ជូន​ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។

លោក​ថា ការបន្ថែម​ថវិកា​សាងសង់​បន្ថែម​នេះ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ជួប​បញ្ហា​មួយចំនួន ដូចជា ការស្នើសុំ​ភ្ជាប់​ប្រព័ន្ធ​លូ ទឹកភ្លៀង និង​ទឹកកខ្វក់​ពី​ផ្ទះ​ចូលក្នុង​បណ្តាញ​របស់​រដ្ឋ ដែល​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បង់ប្រាក់ និង​បញ្ហា​កង្វះ​ចំណត​ចត​រថយន្ត​ជាដើម​។

សូមជម្រាបថា គម្រោង​សាងសង់​ផ្លូវ​ទាំង ៨ ​ខ្សែ​នេះ គឺមាន​ប្រវែង​សរុប​ ១០៦,៤២៤ ​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ជាង ១៤៩ ២១៦ ៥៩៥ ​ដុល្លារ​ដោយ​ក្នុងនោះ​ចំនួន​ ៩ ​លាន​ដុល្លារ​ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុង​ការរៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ស្ថិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​ ៣៨ ​នេះ ចំណាយពេល​សាងសង់​ចំនួន​ ១៣ ​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២១​។

លោក គង់ រតនៈ ប្រធានស្ដីទី​នៃ​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មើលឃើញថា ការចុះ​ត្រួតពិនិត្យ​របស់​ថ្នាក់ដឹកនាំ​ទាំងនេះ គឺ​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់ ក្នុង​ការពង្រឹង​គុណភាព​នៃ​ការសាងសង់ ចៀសវាង​ការសាងសង់​ដែល​មិន​គោរព​ទៅតាម​ស្តង់ដា​បច្ចេកទេស​។ ក្រៅពី​ចូលរួម​សាទរ លោក គង់ រតនៈ យល់ថា គម្រោង​នេះ វា​នឹង​ផ្តល់​ផល​ដ៏ធំធេង​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ ក្នុង​រយៈពេល​វែង​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍