ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​មាន​អ្នក​វិជ្ជ​មាន​វីរុស​កូ​វីដ ១៩​ ជាង​ ៥០ នាក់ ​និង​មាន​អ្នក​ជា​សះ​ស្បើយ​ជាង​ ៥០​ នាក់​ផង​ដែរ ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​បន្ថែម​ទៀត​មាន​ចំនួន ៥​ នាក់​ ដោយ​ក្នុង​នោះ​មាន ​៤​ នាក់ មិន​បាន​ចាក់​វ៉ាក់​សាំង​កូ​វីដ ​១៩​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១​ នេះ បាន​ឱ្យដឹង​ថា អ្នក​ដែល​បាន​រក​ឃើញ​ឆ្លង​ថ្មី​បន្ថែម​ទៀត​ចំនួន ៥២ (PCR)នាក់ និង​មាន​អ្នកជា​សះ​ស្បើយចំនួន ៥៥ ​នាក់។ អ្នក​ដែល​បាន​ឆ្លង​ថ្មី​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍​ចំនួន​ ៤៨ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន​ ៤ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ១៥​ ខែ វិច្ឆិកា ឆ្នាំ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ​១១៩ ៥៨៨ នាក់ អ្នកជា​សះ​ស្បើយ សរុប​ចំនួន​ ១១៥​ ៩៧៩ ​នាក់ និង​អ្នកស្លាប់​ចំនួន ២ ៨៧២​ នាក់៕