ព្រះសីហនុៈ បុរស​ម្នាក់​ត្រូវបាន​រថភ្លើង​បុក​ស្លាប់ កាលពី​ថ្ងៃទី​ ១៣ ​វិច្ឆិកា ខណៈ​គាត់​កំពុង​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​រថភ្លើង​នៅ​ភូមិ​អូរត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​នេះ​​ជា​គ្រោះថ្នាក់​លើក​ទី​២ ​ហើយ​​នៅក្នុង​ឃុំ​នេះ បន្ទាប់ពី​លើក​​ទី​១ ​កើតឡើង​ពី​ខែតុលា ឆ្នាំ​ ២០២១ ដោយ​រថភ្លើង​បុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​អ្នកបើក​រថយន្ត​ស្លាប់​ម្នាក់ ក្រោយពី​បញ្ជូនទៅ​មន្ទីរពេទ្យ​។

លោក សួន គឹមសំ អធិការរង​នគរបាល​ស្រុក​ព្រៃនប់​បានឱ្យដឹង​​ពីថ្ងៃ​ទី​ ១៤ វិច្ឆិកា​ថា ជនរងគ្រោះ​ឈ្មោះ លីវ ហុង អាយុ​ ៦៦ ​ឆ្នាំ រស់នៅ​ភូមិ-ឃុំ កើតហេតុ​។

លោក គឹមសំ បាន​បន្តថា កន្លែង​បុក​មនុស្ស​ស្លាប់​ពីថ្ងៃ​ ១៣ ​វិច្ឆិកា​នោះ គឺ​គេ​មិនមាន​ដាក់​​បារ៉ាស​ឱ្យ​អ្នកដំណើរ​បានដឹង​ទេ​ព្រោះ​ជា​ផ្លូវលំ​។ ​ប៉ុន្តែ​តាម​ក្បួន​​ច្បាប់​នៅពេល​មាន​រថភ្លើង​បើក​ជិត​ដល់​ផ្លូវ​ឆ្លងកាត់​គឺ​អ្នកបើកបរ​រថភ្លើង​ត្រូវតែ​ទាក់ទង​តាម​វិទ្យុទាក់ទង​ទៅ​ឆ្មាំ​យាមផ្លូវ​ ដើម្បី​ឱ្យ​ដាក់​បារ៉ាស​កុំឱ្យ​ឆ្លងកាត់​ ឬ​ស៊ីផ្លេ​ឱ្យដឹង​។

លោក​ថា​៖ «​ជនរងគ្រោះ​គាត់​ធ្វេសប្រហែស​។ ​និយាយ​រួម​ទៅ​យើង​អត់​ចោទ​ខាង​រថភ្លើង​ហ្នឹង​យ៉ាងម៉េច​ទេ ព្រោះ​យើង​ជា​អ្នកបើក​ម៉ូតូ​ខ្លួនឯង​ហ្នឹង​មិន​ប្រយ័ត្ន​។

ឯ​រថភ្លើង​អាង​តែ​ផ្លូវ​អាទិភាព​ក៏​ចេះតែ​បើក​ដែរ​»​។

លោក​បាន​រំឭក​ដែរ​ថា កាលពី​ខែតុលា​ឆ្នាំនេះ​ក៏មាន​រថភ្លើង​​បុក​រថយន្ត​ ១ ​គ្រឿង​ដែរ​ពេល​​ឆ្លងកាត់​ផ្លូវជាតិ​លេខ​ ៤ ​ធ្វើឱ្យ​​បុរស​អ្នកបើករថយន្ត​ស្លាប់​ពេល​នាំទៅ​មន្ទីរពេទ្យ​។

លោក ពៅ សុវណ្ណ នាយប៉ុស្តិ៍​នគរបាល​ឃុំ​សំរុង បាន​ប្រាប់​​តាម​សម្តី​អ្នកភូមិ​នៅ​ថ្ងៃទី​ ១៤ ​វិច្ឆិកា​ថា គ្រោះថ្នាក់​នៅ​រសៀល​​ថ្ងៃទី​ ១៣ ​វិច្ឆិកា​នោះ គឺ​ខណៈ​​រថភ្លើង​បានចេញ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។ កន្លែង​កើត​​ហេតុ​នោះ​មិនមាន​ដាក់​បារ៉ាស​ជា​សញ្ញា​អ្វី​ទេ​។ ប៉ុន្តែ​ពេលនេះ​​អាជ្ញាធរ​កំពុង​គិតគូរ​ ដើម្បី​ដាក់​ស្លាក​សញ្ញា​។ ​លោក​ សុវណ្ណ ឱ្យ​​ដឹង​ដែរ​ថា ក្រោយពី​បុក​មនុស្ស​ស្លាប់​គឺ​រថភ្លើង​មិនបាន​ឈប់​ចុះ​មើល​ជនរងគ្រោះ​ទេ​។ ​រីឯ​សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​ហើយ​។

លោក​ថា ករណីនេះ គ្រួសារ​ជនរងគ្រោះ​ថា នឹង​ដាក់​ពាក្យ​ស្នើសុំ​ថវិកា​ខ្លះ​ពី​ខាង​ភាគី​រថភ្លើង​ក្រោយ​ធ្វើបុណ្យ​រួចរាល់​៕