ក្រចេះ​ តុលា​ការ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃទី ១៤ វិច្ឆិកា ​បាន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ បន្ទាប់​ពី​ឃាត់​ខ្លួន​បាន ១ ថ្ងៃ ​ពាក់ព័ន្ធក​រណី​កាប់​ប្រពន្ធ​របស់​ខ្លួន​ឯង​ស្លាប់​ក្នុង​ជម្លោះ​គ្រួសារ​ប្រព្រឹត្ត​នៅ​ភូមិ​វឌ្ឍនៈ​ឃុំ​រលួស​មានជ័យ ​ស្រុក​សំបូរ ​ខេត្តក្រចេះ​ ខណៈ​ទាំង ២ ​នាក់​ប្តី​ប្រពន្ធ​ កំពុង​មាន​វិជ្ជ​មាន​ជំងឺ​កូ​វីដ ​១៩​។

លោក ​កែវ ច​ន្ធី នាយកា​រិយា​ល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន​ខេត្តក្រចេះ ​ឱ្យដឹង​នៅ​ថ្ងៃទី ១៥ វិច្ឆិកា​ថា បុរស​ឈ្មោះ ជេ​ម សុធា ​អាយុ​ ២៦ ​ឆ្នាំ​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ក្រចេះ​ សម្រេច​ចេញ​ដីកាឃុំ​ក្នុង​ពន្ធនាគារ​ កាលពី​ថ្ងៃទី ១៤​ វិច្ឆិកា។ ទាំង​ស្ត្រី​រងគ្រោះ ​និង​ជន​ត្រូវ​ចោទ​មាន​ផ្ទុកវីរុស​កូ​វីដ​ ១៩ នៅក្នុង​ខ្លួន​ ហើយ​លោកគ្រូ​ពេទ្យ​បាន​តម្រូវឱ្យ​បុរស​រូបនោះ​ស្លៀកពាក់​ខោអាវ​កូ​វីដ​ ក្នុង​ពេល​សាកសួរ​នៅ​តុលាការ។

លោក​បន្តថា​ ករណីនេះ​ខាង​ពន្ធនា​គារ​ខេត្ត​មិនបាន​យក​ជន​ត្រូវ​ចោទ​ម្នាក់​នោះ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​​កន្លែង​ផ្សេង​ក្រៅពី​ពន្ធនាគារ​ទេ។ ព្រោះ​ក្នុង​ពន្ធនា​គារ​ក៏មាន​គ្រូពេទ្យ​ និង​មាន​បន្ទប់​មួយ​ដាច់​ដោយ​ឡែក​ទុក​សម្រាប់​ដាក់​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ដែរ បើទោះជា​បច្ចុប្បន្ន​ស្ថាន​ភាព​ជំងឺ​កូ​វីដ​បាន​ធូរ​ស្បើយ​ក្តី។

លោក​ថា៖ «តាម​ខ្ញុំ​ដឹង​នៅក្នុង​ពន្ធនាគារ​គេ​មាន​ពេទ្យ​របស់គេ។គេ​មាន​បន្ទប់​ដាច់ដោយឡែក​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ។ បញ្ហា​ជន​ត្រូវ​ចោទ​ម្នាក់នេះ​គាត់​មាន​បទល្មើស​ឧក្រិដ្ឋ​ហើយ​បើ​យក​គាត់​ទៅ​មន្ទីរពេទ្យ​គឺ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​ដើម្បី​យាម​គាត់»។

លោក ជ្រិ​ន សុទ្ធា អធិការនគរបាល​ស្រុក​សំបូរ​ប្រាប់​តាម​សម្តី​សាក្សី​នៅ​ថ្ងៃទី ១៥ វិច្ឆិកា​ថា ​កាលពី​ព្រលប់​ថ្ងៃទី ១៣ វិច្ឆិកា ​គេ​បានឮ​សំឡេង​ស្ត្រី​រងគ្រោះ​ឈ្មោះ​ បាន រដ្ឋា​ណា អាយុ ២៦ ឆ្នាំ​ ឈ្លោះគ្នា​ជាមួយ​ប្តី (ជនល្មើស)។ លុះ​ដល់​ម៉ោង​ប្រហែល ៩ យប់ ​ស្រាប់តែ​គេ​ឮ​សំឡេង​ស្ត្រី​រងគ្រោះ​ស្រែក​ឱ្យជួយ​ ហើយ​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​រលួស​មានជ័យ​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​រួម​នឹង​ប្រជា​ការពារ ២ ទៅ ៣ នាក់ ​ទៅផ្ទះ​កើតហេតុ។ នៅពេលនោះ​សមត្ថកិច្ច​ឃើញ​ស្ត្រីរង​គ្រោះ​ស្លាប់​ដោយ​មាន​ស្នាម​កាប់​ចំនួន​ ៨ ​កាំបិត រីឯ​ជន​សង្ស័យ​បាន​កាប់​ខ្លួនឯង​ត្រូវ​របួស​ភ្លៅ​ទាំង​សង​ខាង ​និងពោះ ហើយ​​​បាន​យក​ខែ្ស​ចង​ក​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះ​បម្រុង​​សម្លាប់​ខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​កាត់​ទាន់​ពេល ហើយក៏​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​សំបូរ​ទាំង​យប់​។

លោក​បន្តថា ​បន្ទាប់​ពីស​ម​ត្ថ​កិច្ច​បញ្ជូន​ដល់​មន្ទីរពេទ្យនៅ​យប់​ថ្ងៃទី ១៣ វិច្ឆិកា​នោះ​ គឺ​គ្រូពេទ្យ​បានធ្វើ​តេស្ត​រកឃើញ​ក្នុង​ខ្លួន​របស់​ជនសង្ស័យ​មាន​ផ្ទុកវីរុសកូ​វីដ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​ ១៤ វិច្ឆិកា​សមត្ថកិច្ច​ស្រុក​ក៏បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ។ ប៉ុន្តែ​គ្រូពេទ្យ​បាន​តម្រូវឱ្យ​សមត្ថកិច្ច និង​ជនសង្ស័យ​ស្លៀកពាក់​ខោអាវ​កូ​វីដ។

បើតាម​លោក​ សុទ្ធា ​«ឥឡូវ​នេះ សមត្ថកិច្ច​របស់ខ្ញុំ​មួយចំ​នួន​ដែល​ចុះទៅ​ចាប់​ជនសង្ស័យ​គឺ​នាំគ្នា​ធ្វើ​ចត្តា​ឡី​ស័ក​ និង​គ្រូពេទ្យ​កំពុង​ចាក់​ច្រមុះ​ ដើម្បី​ពិនិត្យ​មើល​រក​មេ​រោគ​កូ​វីដ»​៕