​ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​គ្រោង​នឹង​បញ្ជូន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ក្រោយពី​បា​នដុត​សម្លាប់​ប្ដី​ដោយ​ប្រើ​ទឹក​អាល់កុល នៅ​ភូមិ​ព្រែក​តា​នូ ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

លោក ហ៊ុន រតនា អធិការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៥​ វិច្ឆិកា​ថា ស្ត្រី​សង្ស័យ​មានឈ្មោះ ទៀង ស៊ីម អាយុ ៧៧ ​ឆ្នាំ រីឯ​ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ​ភៅ ម៉ៅ អាយុ ៨៥ ​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​ព្រែក​តានូ​ ២​ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

លោក​ថ្លែងថា​ «​នៅ​(​ថ្ងៃទី ​១៥ ​វិច្ឆិកា​)​ យើង​កំពុងតែ​ដំណើរការ​នីតិវិធី​បន្ត​សាកសួរ​ស្ត្រី​សង្ស័យ​។​ នៅពេល​យើង​បំពេញ​សំណុំរឿង​ចប់​គឺ​យើង​គ្រោង​នឹង​បញ្ជូន​គាត់​ទៅ​តុលាការ​នៅពេល​រសៀល ​(​ថ្ងៃទី ​១៦ ​វិច្ឆិកា​)»​។

លោក រតនា បាន​ថ្លែង​ដោយយោង​តាម​ចម្លើយសារភាព​របស់​ស្ត្រីជន​សង្ស័យថា មូល​ហេតុដែល​សម្លាប់​ប្ដី​ខ្លួនឯង​នោះ ដោយសារតែ​ធុញទ្រាន់​និង​តប់ប្រមល់​ជាមួយ​ការ​រអ៊ូ​របស់​ប្ដី​ដែលមាន​ជំងឺ​ប្រេះ​ឆ្អឹង​ចង្កេះ មិនដឹង​ដោះស្រាយ​យ៉ាងម៉េច​បាន លុះ​វេលា​ម៉ោង ​​២ ​ភ្លឺ​នៅ​ថ្ងៃទី​ ១៤​ វិច្ឆិកា ស្ត្រី​សង្ស័យ​បាន​យក​អាល់កុល​កន្លះ​លីត្រ​ចាក់​លើ​ពូក​ដែល​ប្តី​របស់គាត់​កំពុង​ដេកលក់ ហើយ​បាន​យក​ដែកកេះ​ដុត​លើ​កម្រាលពូក​នោះ​បណ្តាលឱ្យ​ឆាបឆេះ​រលាក​ពេញ​ខ្លួន​រហូតដល់​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​នៅក្នុង​ផ្ទះ​។​

លោក រតនា ថ្លែងថា លុះ​ព្រឹក​ថ្ងៃទី​ ១៤​ វិច្ឆិកា​ក្រោយពី​មាន​ហេតុការណ៍​នេះ​មក​ក៏មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រាយការណ៍​ប្រាប់​នគរបាល​សង្កាត់​ចាក់អង្រែលើ​។​ពេលនោះ​នគរបាល​បុ​ស្តិ៍​បាន​ចុះ​ដល់ផ្ទះ​កើតហេតុ​ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍​អំពី​រឿង​ឃាត​កម្មនេះ ដើម្បី​ពិនិត្យ​សាកសព និង​ហៅ​ស្ត្រី​សង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល និង​ឃាត់ខ្លួន​តែម្តង​។​

លោក​បញ្ជាក់ថា ​ចំពោះ​វត្ថុតាង​ដែល​បន្សល់​នៅ​កន្លែងកើតហេតុ​មាន​ដប​ទឹក​សុទ្ធ​កន្លះ​លីត្រ​សម្រាប់​ដាក់​អាល់កុល​ចំនួន​ ១ ដែកកេះ​ចំនួន​២ អំបោស​១​ឆេះ​ខាងចុង ប្រដាប់​កើប​សំរាម​ ១ និង​កម្ទេច​ពូក​ឆេះ​ផង​៕