បាត់ដំបងៈជំនន់​ទឹកភ្លៀង​ជាថ្មី​នៅក្នុ​ងស្រុក​រុក្ខ​គិរី ខេត្ត​បាត់​ដំបង ​បាន​បង្ក​ការ​ជន់​លិច​ដីស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ជិត​ ៣០០​ ហិកតា ​ហើយ​អ្នកភូមិ ៦៥​ គ្រួសារ ​ត្រូវបាន​ជម្លៀស​ចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព​កាលពី​យប់​ថ្ងៃទី ១៤ ខែ វិច្ឆិកា ​ឆ្នាំ ២០២១។ នេះ​បើតាម​ការអះ​អាង​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន​។

លោក ស៊ា ស៊ី មេឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ព្រឹក​ថ្ងៃទី ១៥ ​ខែ វិច្ឆិកា ​ឆ្នាំ ២០២១ ថា ក្រោយពី​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​ផ្នែក​ខាងលើ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​បានធ្វើ​ឲ្យ​ទឹក​នៅក្នុង​ទំនប់​អាង​ស្នាក់​ទឹក​បាសាក់​ជន់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​ជាថ្មី​ម្ដងទៀត ​កាលពី​យប់​ថ្ងៃទី ១៤ ខែវិច្ឆិកា ដែល​ធ្វើ​ឲ្យ​មន្ត្រី​ប្រចាំការ​នៅ​ទំនប់​អាងទឹក​នេះបានសម្រេច​បើកទ្វារ​ទឹក​ទាំង ៧ នៃ​ទំនប់​អាង​ស្នាក់​ទឹក​បាសាក់ ដើម្បី​រំដោះ​ទឹក​ចេញធ្វើ​ឲ្យ​ដីស្រែ​ចម្ការ ​និង​លំនៅឋាន​ពលរដ្ឋ​ចំនួន ៣ ភូមិ​ នៅក្នុង​ឃុំ​បាសាក់​ជន់​លិច​យ៉ាង​គំហុក។

លោក​បាន​ថ្លែងថា​៖ «សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​ជម្លៀស​ពលរដ្ឋ ៦៥ គ្រួសារ​ នៅ​ភូមិ​ឈូ​ក​ទៅកាន់​ទីទួល​សុវត្ថិភាព​ទាំង​យប់​ក្រោយពី​ទឹក​ជន​លិច​ផ្ទះ​របស់​ពួក​គាត់ កាលពី​វេលា​ម៉ោង ១១ យប់​ថ្ងៃទី ១៤ ​ខែ វិច្ឆិកា ​ឆ្នាំ ២០២១»។

លោក​ ស៊ី បានថ្លែងពេលកំពុង​ចែក​ថ្នាំពេទ្យសម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ក្ដៅ និង​ផ្ដាសាយជូន​គ្រួសារ​រងគ្រោះ ដែល​កំពុងស្នាក់នៅ​​ទីទួល​សុវត្ថិភាព​នៅ​ចំណុច​ទួល​ព្រះអង្គ​កែវ និង​ចំណុច​ទួល​បឹង​តា​សុខ​នា​ព្រឹក​ថ្ងៃ​ចន្ទ [ម្សិលមិញ] ថា ​នៅវេលា​ម៉ោង៣ទៀបភ្លឺ​ថ្ងៃទី ១៤ ខែ វិច្ឆិកា ​ឆ្នាំ ២០២១ ទឹក​ក្នុង​អាង​ទំនប់​បាសាក់​បាន​ជន់​ឡើងដល់ ៦,៤ ម៉ែត្រ លើសពី​ចំណុច​ប្រកាសអាសន្ន ៤ តឹកហើយ​ហូរ​លើ​ទំនប់​បង្ហៀរ។

លោកថា​ ក្នុង​ស្ថានភាព​នោះមន្ត្រី​ប្រចាំការ​នៅ​ទំនប់នោះបានសម្រេច​បើ​កទ្វារ​ទឹក​ទាំង ៧ ដើម្បី​រំដោះ​ទឹក​ចេញពី​អាង​ចៀសវាងការបាក់​ខ្នង​ទំនប់​ហើយ​បាន​បិទ​ទៅវិញ​ ក្រោយពី​ទឹកបាន​ស្រក​មក​នៅ ៥ ម៉ែត្រផុតពី​កម្រិត​ប្រកាស​អាសន្ន​ ដើម្បី​រក្សា​ទឹក​ទុក។ ក៏ប៉ុន្តែដល់​ម៉ោង ៩ យប់​ថ្ងៃ​ដដែលភ្លៀង​បាន​ធ្លាក់​មក​បន្ថែមទៀត បណ្ដាល​ឲ្យ​ទឹក​ក្នុង​អាង​ខាងលើនេះ បាន​ជន់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​ជាថ្មី​ម្ដងទៀតគឺ​កម្ពស់ ៦,២ ម៉ែត្រហើយ​មន្ត្រី​ប្រចាំការ​នៅ​ទីនោះបាន​បើកទ្វារ​ទឹក​ទាំង ៧ ឡើងវិញ បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​ភូមិ​ចំនួន ៣ គឺ​ភូមិ​ច្រាំង​ខ្ពស់​ភូមិ​កំ​រែង និង ភូមិ​ឈូក។

លោក ស៊ី បាន​បញ្ជាក់ថា៖«នៅ​ភូមិ​ច្រាំង​ខ្ពស់ និង ភូមិ​កំ​រ៉ែ​ង ទឹកបាន​ជន់​លិច​ដល់​ត្រឹម​ចង្កេះ ប៉ុន្តែ​ពលរដ្ឋក្នុង​ភូមិ​ទាំង ២ នេះ ​មិនបាន​ជម្លៀស​ចេញពី​លំនៅឋាន​នោះទេ។ ចំណែក​ភូមិ​ឈូក​ទឹកបាន​ជន់​ឡើង​លិច​ក្បាលមនុស្ស​ចាស់ គឺ​ដល់​កម្ពស់​ជាង ២ ម៉ែត្រ ទើប​អ្នកភូមិ​នេះ​ចំនួន ៦៥ គ្រួសារ​ បាននាំគ្នា​ជម្លៀស​ទៅ​ទីទួល​សុវត្ថិ​ភាព​ទាំង​យប់»​។

បើតាម​លោក​ ស៊ី ទឹក​ជំនន់​នេះ បាន​ប៉ះពាល់​ផលដំណាំ​របស់​ប្រជាកសិករ​នៅក្នុង​ភូមិ​ឈូក សរុប ២៣០ ហិកតា ក្នុងនោះ​ផ្ទៃដី​ដំណាំ​ពោត សណ្ដែក ម្នាស់ និង​ត្រសក់ផ្អែម​សរុប ១៨៥​ ហិកតា និងផ្ទៃដី​ដំណាំ​ស្រូវ ៤៥​ ហិកតា។

ជុំវិញ​ផលប៉ះពាល់​ដំណាំ​នេះ លោក ព្រឿង ព្រឿ​ន មេភូមិ​ឈូក ដែល​ថាបាន​ជួល​ដីស្រែ​ចម្ការ​ចំនួន ២១ ហិកតា ពី​ពលរដ្ឋ​ក្នុង​ភូមិ​របស់លោកក្នុង ១ ហិកតា ៤០ ម៉ឺន​រៀល​ក្នុង ១ រដូវ [រយៈ​ពេល ៦ ខែ] សម្រាប់​ដាំ​សណ្ដែកបាយ ពោត និងស្រូវ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ គ្រួសារ​របស់គាត់​មានការ​ខាតបង់​ថវិកា​ច្រើនណាស់ដោយសារតែ​គ្រោះទឹកជំនន់​នេះ។

លោក​បាន​បន្តថា នៅពេលនេះ​ស្ថានភាព​ទឹកជំនន់នៅក្នុង​ភូមិ​របស់គាត់​ទឹក​នៅ​លិច​ក្បាល​នៅឡើយ​ទេ។ ចំណែក​ផ្ទៃដី​ស្រែចម្ការ​កាន់តែ​នៅ​ជ្រៅ​ជាង​នេះ​ហេតុនេះ ហើយ​ទើប​គាត់​គ្មាន​ក្ដី​រំពឹងថា​នឹង​ទទួលបាន​ផល​ពី​ដំណាំ​ទាំងអស់​របស់គាត់​ឡើយ បើទោះជា​ពោតខ្លះ​បានចេញ​ស្នៀត និងផ្លែ​ក៏ដោយ។

លោក​ព្រឿង​បាន​បញ្ជាក់ថា៖ «ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ គ្រោះទឹកជំនន់​បានធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​កើន​បំណុល​ធនាគារ​ច្រើនណាស់គឺ​បុល​យកមក​ជួល​ដី​អ្នកភូមិ​ធ្វើស្រែ​ចម្ការ។ដំណាំ​យើង​កំពុងតែ​ល្អចេញ​ស្នៀតចេញ​ផ្លែ​ទៅហើយនោះស្រាប់តែ​ទឹក​ជន់​លិច​រលួយ​អស់​គ្មាន​សល់»។

លោក ឆុំ រិ​ទ្ធ អនុប្រធាន​សមាគម​អ្នកប្រើប្រាស់​ទឹក និងជា​មន្ត្រី​ផ្នែក​ធនធានទឹក ប្រចាំការ​នៅ​ទំនប់​អាង​ស្នាក់​ទឹក​បាសាក់ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា គិត​ត្រឹម​ម៉ោង ១១:៣០ នាទី​ព្រឹក​ថ្ងៃទី ១៥ ខែ ​វិ​ច្ឆ​កា ឆ្នាំ ២០២១ ស្ថានភាព​ទឹក​ក្នុង​ទំនប់​អាង​ស្ទាក់​ទឹក​បាសាក់ ទឹកបាន​ស្រក​ចុះមក​នៅត្រឹម ៥,២ ម៉ែត្រ ខណៈ​ទ្វារ​ទឹក​នៅតែ​បន្ត​បើក​បង្ហូរទឹក​ចេញពី​អាង​ចំនួន ៥ នៅឡើយ។

លោក​បាន​បញ្ជាក់ថា៖ «ខាង​មន្ទីរ​ធនធានទឹក​ខេត្តបាត់ដំបងបាន​ប្រាប់​ឲ្យ​ក្រុមការងារ​យើង​នៅទីនេះបិទទ្វារ​ទឹក​ទាំង ៧ នៅពេល​ទឹក​ស្រក​ចុះមក​នៅ​កម្ពស់ ៥ ម៉ែត្រ ប៉ុន្តែ ៣-៤ ម៉ោង​កន្លងមកនេះ ទឹក​មិន​ឡើង​និង​មិន​ស្រក​នោះទេ គឺ​នៅក្នុង​កម្រិត​កម្ពស់ ៥,២ ម៉ែត្រ​នៅឡើយ ដូច្នេះ​យើង​នៅ​មិនអាច​បិទទ្វារ​ទឹក ៥ បន្ថែមទៀត​បានទេ ព្រោះ​ខ្លាច​ទឹក​ដែល​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ជុំវិញ​តំបន់​នេះ បណ្ដាល​ឲ្យ​ជន់​ឡើងជា​ថ្មី​ម្ដងទៀត»។

យ៉ាងណាក្ដី លោក​បាន​ស្នើសុំ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ប្រប​ជាប់មាត់​ស្ទឹង បឹង ព្រែក ​នៅ​ផ្នែក​ខាងក្រោម​នៃ​ទំនប់​អាង​ស្ទាក់​ទឹក​បាសាក់​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន និង​ត្រៀមខ្លួន​ជម្លៀស​ចេញទៅ​ទីទួល​សុវត្ថិភាពប្រសិនបើ​ភ្លៀង​នៅ​បន្ត​ធ្លាក់​ទៀត​នោះ។

ចំណែក​អ្នក​ស្រី ផាន់ ម៉ាច មេឃុំ​ព្រៃ​ជីក​បាន​ប្រា​ប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា​ នៅពេល​នេះ​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ផ្នែក​ខាងលើ​បាន​មក​ជន់​លិច​ប៉ះពាល់​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​ចំនួន ៦​ ភូមិ ដែល​ស្ថិតនៅ​ប្រប​ជាប់​មាត់​ស្ទឹង​បាសាក់ និង​ស្ទឹង​ដូន​ទ្រី រួ​មមាន​ភូមិ​បឹង​អម្ពិល ​ភូមិ​ធ្នួ​យ ភូមិ​ព្រែ​កតា​វេន ភូមិ​ព្រៃ​ជីក ភូមិ​ខ្នំ និង​ភូមិ​ខ្នាច​អំ​ព័រ សរុប​ចំនួន ៧៣៧ គ្រួសារ ​និង​ដីស្រែ​ចម្ការ​ប្រមាណ​ជាង​៤០​ហិកតា​។

អ្នកស្រី​បាន​បន្ថែម​ថា៖ ​«ទោះ​យ៉ាង​ណា ​មកទ​ល់ពេលនេះ​មិនទា​ន់​មាន​អ្នក​ភូមិ​ណា​ម្នាក់​ជម្លៀស​មក​ទីទួល​សុវត្ថិ​ភាព​នោះ​ទេ»​។

ដោយ​ឡែក​នៅឯ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​​វិញខ្យល់​កន្ត្រាក់​ និង​រលក​សមុទ្រ​បាន​បក់បោក​ពន្លិច​ទូក​នេសាទ​ ១ គ្រឿ​ង ដែលមាន​​ផ្ទុក​អ្នកនេសាទ​ចំនួន ៣ នៅ​ចំណុច​ខាងត្បូង​កោះ​តា​កៀវស្ថិតក្នុង​ភូមិ​អ៊ុង​ឃុំ​រាម​ កាលពី​ល្ងាច​ថ្ងៃទី ១៣​ ខែ វិច្ឆិកា ឆ្នាំ ២០២១។ នេះ​បើតាម​លោក អ៊ួ​ង វុទ្ធី អធិការ​ស្រុក​ព្រៃនប់​កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១​។

លោក​បាន​បញ្ជាក់ថា​៖ «នៅក្នុង​ហេតុការ​ណ៍​នោះជ​នរងគ្រោះ២​នាក់​ត្រូវបាន​សង្គ្រោះ​ដោយ​ទូក​អ្នកនេសា​ទ​ដូចគ្នា ប៉ុន្តែ​ជនរ​ងគ្រោះ​ម្នាក់ទៀត​នៅ​បាត់​ខ្លួន​នៅឡើ​យដែល​គិត​មកទល់​ពេលនេះ ២​ ថ្ងៃ​មកហើ​យទំនង​ជា​ត្រូវ​លង់ទឹក​ស្លាប់​បាត់​ទៅហើយ»​។

លោក វុទ្ធី បាន​បន្តថា យោង​តាម​ការបំភ្លឺ​ពីជន​រងគ្រោះ​ឈ្មោះ ​លយ សុខ​ជា អាយុ ​២៥ ឆ្នាំ និង​ឈ្មោះ គង់ សុភា អាយុ​ ២៥ ឆ្នាំ ដែ​ល​ត្រូវបាន​ជួយសង្គ្រោះ​បាន​អះអា​ងថា ជ​នរងគ្រោះ​ដែល​បាន​បាត់​ខ្លួន​ក្នុងករណី​លិច​ទូក​នា​ល្ងាច​​ថ្ងៃនោះ ឈ្មោះ សុខ គឿន​ ហៅ​ម៉ាប់ អាយុ ២៧ ឆ្នាំ មាន​លំនៅ​ក្នុង​សង្កាត់​លេខ ១ ក្រុងព្រះសីហនុ។ ចំណែក​សម្ភារ​បាត់បង់មាន​ទូក​នេសាទ ប្រភេទ​បេ​អឺ១គ្រឿង​ពណ៌​ត្រួយ​ចេក មាន​ប្រវែង​បណ្តោយ ១០,៥០ ម៉ែត្រ ទទឹង​ប្រវែង ២,៧០ ម៉ែត្រ​ ម៉ាស៊ីន​ម៉ាក HYUNDIA (ម៉ាស៊ីន​ឡាន) ១ គ្រឿង និង​ឧបក​រណ៍​នេសាទ​មួយ​ចំនួនទៀ​ត៕

វីដេអូ៖