បាត់​ដំបងៈ ​ចៅក្រម​ស៊ីប​សួរ​​សាលា​ដំបូង​ខេត្ត​បាត់​ដំបង លោក ចាប​ តុលា កាល​ពី​ថ្ងៃទី ១៤ ​វិច្ឆិកា បាន​សម្រេច​ធ្វើការ​ចោទ​ប្រកាន់ ​និង​បញ្ជូន​ ​ស្ត្រី​ម្នាក់​​ទៅ​ឃុំ​ខ្លួន​នៅ​​ពន្ធនា​គារ ខេត្ត​បាត់​ដំបង ពីបទ​ធ្វើ​ទារុណ​កម្ម និង​អំពើឃោ​ឃៅមាន​ស្ថាន​ទម្ងន់​ទោស​ ទាក់​ទង​​ទៅ​នឹង​ការ​ប្រើអំពើ​ហិង្សា ​ទៅលើ​កូន​ស្រី​ចិញ្ចឹម​។ ​

លោក​ស្រី ជា ចាន់​រស្មី អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង ថ្លែង​នៅ​ថ្ងៃទី ១៥​ វិច្ឆិកាថា ​ស្ត្រី​ម្នាក់ ​ដែល​បានប្រើ​​អំពើ​ហិង្សា​ លើ​កូន​ចិញ្ចឹម​ជាកុមារី​អាយុ​៨ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ហើយ កាល​ពីថ្ងៃទី​១៤ ខែ​វិច្ឆិកា​​។

លោក​ស្រី​បញ្ជាក់​​ថា ៖«ករណី​នេះ ចៅក្រម​ស៊ីប​សួរ​លោក​ ចាប តុលា បាន​សម្រេច​ឃុំ​ខ្លួន​ ក្រោម​ការ​ចោទ​ប្រកាន់​ ពី​បទ​ទារុណ​កម្ម និង​អំពើ​ឃោឃៅ​ មាន​ស្ថាន​ទម្ងន់​ទោស​ទាក់​ទង​ជន​រង​គ្រោះ​» ។

សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​បាត់​ដំបង បាន​ឱ្យដឹង​ថា ស្ត្រី​រូប​នេះ​ ត្រូវបានមន្ត្រី​ការិយា​ល័យ​ ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង ​ធ្វើការ​ឃាត់​ខ្លួន​នៅ​ថ្ងៃទី ១៣ វិច្ឆិកា ២០២១ ពីបទ​​ប្រើ​អំពើ​ហិង្សា ក្នុង​គ្រួសារ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំនង់​ទោស ទាក់​ទង​ទៅ​នឹង​ជន​រង​គ្រោះ ដែល​បាន​កើត​ឡើង​នៅ​ចំណុច ក្រុម​ទី​១២ ភូមិ​វត្ត​គ សង្កាត់​វត្តគ ក្រុង​បាត់​ដំបង និង​បានបញ្ជូន​ទៅ​តុលា​ការ​នៅថ្ងៃទី​១៤ ខែវិច្ឆិកា។

ស្ត្រី​សង្ស័យ​មាន​ឈ្មោះ អ៊ឹង សុគន្ធី អាយុ​៥៧ ឆ្នាំ ចំណែក​ក្មេង​ស្រី​រង​គ្រោះជា​កុមារី ឈ្មោះ ឯ .ជ. ធ រស់​នៅ​ភូមិ សង្កាត់​ជា​មួ​យ​គ្នា។

សមត្ថ​កិច្ច​បាន​បញ្ជាក់​ថា ក្រោយ​បញ្ជូន​ម្តាយ​ចិញ្ចឹម​ទៅ​តុលាការ ​សមត្ថ​កិច្ច​បាន​នាំ​យក​កុមា​រីរង​គ្រោះ​ទៅឱ្យ​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនី​តិស​ម្បទា ដើម្បី​ចិញ្ចឹម​ផ្តល់​កន្លែង​ស្នាក់នៅ​សម​រម្យ និងឱ្យ​ទទួល​បាន​ការ​សិក្សា​រៀន​សូត្រ ដូច​ក្មេង​ដទៃ​ទៀត។

យោង​តាម មាត្រា ២១៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ចែង​ថា ​បទ ស្ថាន​ទម្ងន់​​ទោស​ទាក់​ទង​នឹង​ជន​រង​គ្រោះ ត្រូវ​ផ្តន្ទា​ទោស ​ដាក់​ពន្ធ​នាគារ ពី២ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន ទៅ ១០​លាន​រៀល កាល​បើ​អំពើ​ហិង្សា​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​លើ បុគ្គល​ដែល​ទន់​ខ្សោយ​ពិសេស ដោយ​មូល​ហេតុ​អាយុ​នៃ​បុគ្គល​នោះ​៕

វីដេអូ៖