តាកែវៈក្រុម​អាជីវករ​នៅ​ផ្សារ​ធំ​ខេត្ត​តាកែវ​បាន​សម្ដែង​ក្ដី​រីក​រាយ​ ​ក្រោយ​ពី​លោក ​អ៊ូច ភា ​អភិបាល​ខេត្ត​តាកែវ នៅ​រសៀល​ថ្ងៃទី​ ១៥​ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​ បានសម្រេច​ចេញ​លិខិត​មួយច្បាប់​ស្ដីពី «ការ​លុប​ការសាង​សង់​ចំនួន​តូប​បន្ថែម និង​ជួស​ជុល​ផ្សារ​តាកែវ​ឡើងវិញ» តប​តាម​ការស្នើ​សុំ​របស់​ពួក​គាត់​នា​ពេល​កន្លង​ម​ក។

អ្នកស្រី កែវ បុ​ទុម​ស អាយុ ៤៦ ឆ្នាំ ជា​អាជីវករ​លក់​សម្លៀក​បំពាក់​នៅក្នុង​ផ្សារ​នេះ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​ ក្រោយ​ពី​ក្រុម​អាជីវករ​ប្រមាណ​ជាង​ ១០០ ​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ជាថ្មី​ម្ដង​ទៀត​នៅមុខ​សាលា​ខេត្តតាកែ​វ នា​ព្រឹក​ថ្ងៃទី ១៥​ ខែ វិច្ឆិកា ឆ្នាំ ២០២១ ​នេះ ដើម្បី​ជំទាស់​ទៅនឹង​គម្រោង​វិនិ​យោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ ដែលមាន​ផែនកា​រុះរើ និង​សាង​សង់​ផ្សារ​នេះ​ឡើង​វិញ ដោយ​អះអាង​ថា ​ផ្សារ​នេះ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ទៅហើយ។​

អ្នកស្រី បុ​ទុម​ស បាន​បន្តថា ​កាលពី​អំឡុង​ខែកញ្ញា​កន្លង​ទៅថ្មីៗ​​នេះ មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​គេច​ង់​វិនិយោគ​ផ្សារ​តាកែវ ដែល​តាម​ផែន​ការបស់​ក្រុមហ៊ុន​នោះគឺ​ចង់​រុះរើ និង​សាងសង់​ផ្សារ​ថ្មី​ឡើងវិញ ប៉ុន្តែ​ពួកគេ​មិនបាន​ប្រាប់​ឲ្យ​ដឹងថា តើ​ក្រោយពី​សាងសង់​ផ្សារ​ថ្មី​រួច ក្រុមអាជីវករ ដែលមាន​ស្តង់​លក់ដូរពីមុនៗមក អាច​ចូល​លក់ដូរ​នៅក្នុង​ទីតាំង​ចាស់​របស់ខ្លួន​បាន​ឬ​យ៉ាងណា​នោះទេ។ លុះ​ក្រោយមក​មានការ​លេចឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ភាគី​ក្រុមហ៊ុន​តម្រូវ​ឲ្យ​អាជីវករ​ជា​ម្ចាស់​តូបនីមួយៗបង់ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​មួយឆ្នាំ៦លាន​រៀលដោយ​មិនទាន់​បូក​បញ្ចូល​នូវ​សេវាកម្មផ្សេងៗទៀតឡើយ។ ដំណឹង​នេះ​បានធ្វើ​ឲ្យ​ក្រុមអាជីវករ​ទាំង​អស់មិ​ន​សប្បាយចិត្តហើយ​បាន​ព្រមព្រៀងគ្នា​ធ្វើការ​តវ៉ា​ជំទាស់​កាលពី​ថ្ងៃទី ៣០ ​ខែ កញ្ញា ឆ្នាំ ២០២១។

អ្នកស្រី​ បុ​ទុម​ស ដែលមាន​ស្តង់​លក់​សម្លៀក​បំពាក់ ​នៅក្នុង​ផ្សារ​នេះ​ចំនួន៣កន្លែង បាន​បញ្ជាក់ថា៖«នៅ​ព្រឹក​មិញ​នេះ [១៥ វិច្ឆិកា ២០២១] យើងខ្ញុំ​ជា​អាជីវករ បាន​នាំគ្នា​ទៅ​តវ៉ា​ម្ដង​ទៀត ហើយ​ជា​លទ្ធផល គឺ​ឯកឧត្តម ​អ៊ូច ភា គណៈ​អភិបាល​ខេត្តតាកែវ ​បានសម្រេច​យល់ព្រម​តាម​សំណើ​របស់​យើង​ខ្ញុំ ដោយ​បានចេញ​លិខិត​មួយ​ច្បាប់​លុប​ចោល​ការសាង​សង់​តូប​បន្ថែម និង​ជួស​ជុល​ផ្សារ​តាកែវ​ឡើង​វិញ។ ការ​សម្រេច​នេះ ធ្វើ​ឲ្យ​យើងខ្ញុំ​ជា​អាជីវករ​រីករាយ​ខ្លាំង​ណាស់»។

ស្រដៀង​គ្នា​នេះ អាជីវករ​លក់​សាច់ជ្រូក​ក្នុង​ផ្សារ​នេះដែរ គឺ​អ្នកស្រី តាំង ស្រ៊ូ​យ បាន​ថ្លែងថា ការសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​តាកែវ នាពេល​នេះ បាន​បង្ហាញ​ថា អាជ្ញាធរ​បាន​ពិនិត្យ និងគាំទ្រ​លើ​សំណើ​របស់​ប្រជាពលរដ្ឋ​ជា​អាជីវករ។

អ្នកស្រី​ថ្លែងថា៖ «ខ្ញុំ​សប្បាយចិត្ត​ណាស់​នាពេលនេះ ហើយ​យើង​សង្ឃឹមថា​អាជ្ញាធរ​នឹងមិន​មានការ​កែប្រែ​អ្វី​ទៀតឡើយ»។

យ៉ាងណា​ក៏ដោយ ​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី ១៥​ ខែ វិច្ឆិកា ឆ្នាំ ២០២១ របស់​រដ្ឋ​បាល​ខេត្ត​តាកែវ​ស្ដីពី «ការ​លុប​ការសាងសង់​តូប​បន្ថែម និងជួស​ជុល​ផ្សារ​តាកែវ​ឡើងវិញ» លោក អ៊ូច ភា អភិបាល​ខេត្តតា​កែវ បាន​បញ្ជាក់ថា រ​ដ្ឋបាល​ខេត្តតាកែវ នឹងធ្វើ​សំណើ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុដើម្បី​ស្នើសុំ​គោល​ការ​ណ៍លុប​ចោល​ការសាងសង់​ផ្សារ​តាកែវ ទៅតាម​សំណូម​ពរ របស់​បងប្អូន​អាជី​វករ​ផ្សារ​តាកែវ។

នៅក្នុង​លិខិត​ដដែល​នោះ លោក អ៊ូច ភា បាន​បញ្ជាក់​បន្ថែម​ថា៖ «រដ្ឋបាល​ខេត្ត​នឹង​រាយកា​រណ៍​អំពី​សំណូមពរ​របស់​បងប្អូន​ដែល​ស្នើសុំ​មិន​ឲ្យ​សាងសង់​ចំនួន​តូប​បន្ថែម និង​ជួសជុល​ផ្សារ​តាកែវ​ឡើងវិញ​នេះ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បី​ស្នើសុំ​គោល​ការណ៍​លុប​ចោល​ការ​សាង​សង់»៕

វីដេអូ៖