ភ្នំពេញៈបេក្ខជន ៣ រូប ក្នុងចំណោម​បេក្ខជន​ជិត ២០០ រូប​ បាន​ឈ្នះ​ជយលាភី​ក្នុង​កម្មវិធី​ប្រកួត​គូរ និង​រចនា​រូបភាព​ ស្ដីពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង និង​វិធានការ​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដោយ​យុវជន​ទាំង​នេះ​ សំណូមពរ​ឱ្យ​មានការ​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។

កម្មវិធី​ប្រគល់​រង្វាន់​ជយលាភី និង​ការប្រកួត​គូរ និង​រចនា​រូបភាព​ស្ដីពី​ផលប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ត្រូវបាន​រៀបចំឡើង​ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ហៅ​កាត់ CMH កាលពី​ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០២១។

ក្រសួង​អប់រំ បានឱ្យ​ដឹង​ថា កម្ម​វិធី​នេះ គឺ​​ធ្វើ​ឡើង​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ជយលាភី​ ដែលមាន​សមត្ថភាព​បក​ស្រាយ​បាន​ស៊ីជម្រៅ និង​ក្បោះក្បាយ​ លើ​ប្រធានបទ​តាមរយៈ​រូបគំនូរ ក៏ដូចជា​ការលើកទឹកចិត្ត​មួយ​ដែល​បេក្ខជន​ បានរួម​ចំណែក ជួយ​បំផុស​ការយល់ដឹង ​អំពី​ផលប៉ះពាល់​ នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ​ដល់​សិស្ស​និស្សិត​និង​យុវជន និង​គាំទ្រ​ឱ្យមាន​វិធានការ​មាន​ប្រសិទ្ធភាព ​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ ដែល​បណ្ដាលមកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុងចំណោម​សិស្ស​និស្សិត​និង​យុវជន។

ក្រសួង​បាន​បញ្ជាក់​ថា ការប្រកួត​ពានរង្វាន់​នេះ​គឺមាន​យុវជន ចំនួន ១៧៥ នាក់ បាន​ផ្ញើ​ស្នាដៃ​គំនូរ​មកកាន់​គណៈកម្មកា​រ ហើយ​ស្នាដៃ​គំនូរ​ទាំងនេះ ត្រូវបាន​ឆ្លងកាត់​ការ​ជម្រុះ​ជា​បន្តបន្ទាប់ រហូត​រកឃើញ​ស្នាដៃ​ល្អ​បំផុត​ចំនួន៥ ឆ្លង​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ។

ក្រសួង​​បន្តថា៖ «ម្ចាស់​ជយលាភី​ទាំង ៥ នេះ ត្រូវបាន​បកស្រាយ​នូវ​ខ្លឹមសារ​គំនូរ​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ​ ២០២១ តាម​ប្រព័ន្ធ​អន​ឡាញ (zoom) រហូត​គណៈកម្មការ​ជ្រើសរើស​បាន​ជយលាភី​លេខ ១ លេខ ២ និង​លេខ ៣ ដែល​ជយលាភី​លេខ១ បាន​ទៅលើ​យុវជន ជ័រ ម៉េង​ស៊ា​ង មកពី​ខេត្ត​ព្រះសីហនុ ជ័យលាភី​លេខ២ យុវជន ជា វង្ស​នរិន្ទ មក​ខេត្តសៀមរាប ជ័យលាភី​លេខ៣ យុវនារី នី ស្ទី​ន​ណា មកពី​ខេត្តស្ទឹងត្រែង»។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ ក្រសួង​អប់រំ ​ដែល​ដឹកនាំ​ការប្រកួត​នេះ បាន​ថ្លែងថា កម្មវិធី​ប្រកួត​គូរគំនូរ​នេះ ចង់​បំផុស​ការយល់ដឹង​ អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ ដល់​សិស្ស​និស្សិត​និង​យុវជន និង​គាំទ្រ​ឱ្យ​មាន​វិធានការ​ មាន​ប្រសិទ្ធភាព​ ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ ដែល​បណ្ដាលមកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុងចំណោម​សិស្ស​និស្សិត​និង​យុវជន។

តាម​សេចក្តីប្រកាស​របស់ អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា បាន​ឲ្យ​ដឹងថា ផ្ទាំងគំនូរ​ជយលាភី​ទាំង៣ គឺ​កើតចេញពី​ឆន្ទៈ​របស់​យុវជន​ ដែល​ប្រឡងប្រណាំង​គូរគំនូរ​ បង្ហាញ​ពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ នៃ​គ្រឿង​ស្រវឹង។

ជាមួយនឹង​ការបង្ហាញ​ពី​ផលប៉ះពាល់​នេះ សេចក្តីប្រកាស​បាន​​បញ្ជាក់​ថា យុវជន​ទាំងនោះ ក៏​សំ​ណូ​ម​ពរ​ឱ្យ​មាន​វិធានការ​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដើម្បី​ចៀសវាង​ការទាក់ទាញ​យុវជន​ឱ្យ​ធ្លាក់​ទៅក្នុង​ការ​ញៀន​គ្រឿង​ស្រវឹង​ផង​ដែរ​។

សេចក្តីប្រកាស បាន​បញ្ជាក់ថា៖ «វិធានការ​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​បង្កដោយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ ដែល​លើកឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក​មាន ១ ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ២ ដំឡើង​ពន្ធ​គ្រឿង​ស្រវឹង ៣ កំណត់​អាយុ​ដែល​អាច​ទិញ​និង​ប្រើប្រាស់​គ្រឿង​ស្រវឹង និង ៤ កាត់បន្ថយ​ភាព​ងាយ​រកបាន​នៃ​គ្រឿង​ស្រវឹង»។

ការប្រើប្រាស់​គ្រឿង​ស្រវឹង បង្កឱ្យមាន​ជំងឺ​ជាង ២០០ មុខ ហើយ​ជា​កត្តា​ចម្បង​ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​កត្តា​ហានិភ័យ​ ជំរុញ​ឱ្យ​មាន​អំពើហិង្សា​គ្រប់​ប្រភេទ ព្រមទាំង​ភាពក្រីក្រ។

គ្រឿង​ស្រវឹង​ ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់​ប្រមាណ ៣លាន​នាក់​ក្នុងមួយឆ្នាំ។ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក។

យុវជន​ជ័យលាភី​លេខ ១ ជ័រ ម៉េង​ស៊ា​ង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ វិច្ឆិកា​ថា ការដែល​ខ្លួន​ចូលរួម​ក្នុង​កម្មវិធី​នេះ ដោយសារតែ​មើលឃើញ​ពី​បញ្ហា​គ្រឿង​ស្រវឹង ដែល​បង្ក​គ្រោះថ្នាក់​ដល់​សង្គមជាតិ នៅក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ជាងនេះទៅទៀត​នោះ ការផ្សព្វផ្សាយ​ពី​ផលិតផល​គ្រៀង​ស្រវឹង ក៏​កំពុង​តែមាន​ឥ​ទ្ធ​ពល​ខ្លាំងក្លា ដែល​ធ្វើ​ឱ្យយុវជន​កម្ពុជា ឈ្លក់​វ​ង្វេង។

យុវជន​ជ័យលាភី​រូបនេះ សង្ឃឹមថា តាមរយៈ​ផ្ទាំងគំនូរ និង​ខ្លឹមសារ​ដែល​ខ្លួនបានបង្ហាញ​ក្នុង​កម្មវិធី​នេះ នឹង​អាច​ចូលរួម​​ចំណែក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឱ្យ​មាន​វិធានការ​បន្ថែមទៀត លើ​ការផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង។

ម៉េង​ស៊ា​ង បញ្ជាក់ថា៖«ក្នុងនាម​ខ្ញុំ ជា​ជយលាភី​លេខ១នេះ នឹង​ប្តេជ្ញាចិត្ត​ថា ជាពិសេស​ខ្លួនឯង នឹងធ្វើ​ឱ្យ​ខ្លួនឯង​មិន​ប្រើប្រាស់​គ្រឿង​ស្រវឹង​ជាដាច់ខាត។ ការផ្សព្វផ្សាយ​នេះ នឹង​បន្ត​ជំរុញ​ទៅដល់​គ្រួសារ​ខ្ញុំ និង​សង្គមជាតិ​ទៀតផង។ ខ្ញុំ ក៏​ចង់​សំ​ណូ​ម​ពរ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ បង្កើត​កម្មវិធី​អប់រំ​ ពី​បញ្ហា​គ្រឿង​ស្រវឹង​ឱ្យ​ធំ​ជាង​នេះ ដើម្បី​ជំរុញឱ្យ​ពលរដ្ឋ មានការ​ភ្ជា​ក់​រ​លឹក»៕