កណ្ដាលៈ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​នឹង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​មណ្ឌល​យុវនីតិសម្បទា​សម្រាប់​អនីតិជន​ជាប់​ពន្ធនាគារ នៅ​ឃុំ​បារគូ​ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល នា​ចុងឆ្នាំ​​នេះ ដើម្បី​បង្វែរ​ជន​ជាប់ឃុំ​ជា​អនីតិជន​ទៅកាន់​មណ្ឌល​នេះ​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

លោក​ តូច ​ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១៤ វិច្ឆិកា​ថា តាមរយៈ​កិច្ចប្រជុំ​ក្រុមការងារ​រៀបចំ​សម្ពោធ​មណ្ឌល​យុវនីតិសម្បទា​កាលពី​ថ្ងៃទី​ ១១ វិច្ឆិកា ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​ក្រសួងមហាផ្ទៃ​ និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ពិភាក្សាគ្នា​លើ​ការងារ​រៀបចំ​​ការដាក់​សម្ពោធ​មណ្ឌល​នេះ​នៅ​អំឡុង​ខែធ្នូ​ខាងមុខ​។

លោក​ថ្លែងថា​៖ «​មណ្ឌល​យុវនីតិសម្បទា អនីតិជន​ជាប់ឃុំ​នេះ យើង​សាងសង់​ឡើងលើ​ផ្ទៃដី​ជាង​ ៣ ​ហិកតា ហើយ​អាចដាក់​អនីតិជន​បាន​ជាង​ ១ ​ពាន់​នាក់​។ ប៉ុន្ដែ​ជំហាន​ដំបូង​យើង​ដាក់​ ៥០ ​នាក់​សិន ដើម្បី​ស្ទាបស្ទង់​ការងារ​នេះ ដោយសារ​មន្ដ្រី​របស់​យើង​អនុវត្ដ​ការងារ​នេះ​គឺជា​បទពិសោធ​ថ្មី​»​។

ប៉ុន្ដែ​តាម​ផែនការ​របស់​ក្រសួង​សង្គមកិច្ច​នៅ​ឆ្នាំ​បន្ទាប់​ទៀត​ចំនួន​អនីតិជន​ដែល​ត្រូវ​បង្វែរ​​ពី​ពន្ធនាគារ​មក​មណ្ឌល​យុវនីតិសម្បទា​អាច​កើនឡើង​ដល់​ប្រមាណ​ ៤០០ ​និង​អាច​កើនឡើង​​ជា​បន្តបន្ទាប់​ទៀត​អាស្រ័យ​លើ​បទពិសោធ​នៃ​ការ​អនុវត្ដ​ផ្ទាល់​របស់​មន្ដ្រី​។ ​បើតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ បច្ចុប្បន្ន ជន​ជាប់ឃុំ​ជា​អនីតិជន​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១ ៤៤៩ ​នាក់​។

កាលពី​ចុង​សប្តាហ៍​មុន លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ធ្លាប់បាន​ថ្លែង​ក្នុងពេល​ធ្វើជា​អធិបតី​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​ជំនួយ​សង្គម​លើក​ទី​ ៥ ​នៅ​ទីស្ដីការក្រសួង​ថា កាលពី​ថ្ងៃ​ទី​ ៨ ខែវិច្ឆិកា​កន្លងទៅនេះ​​លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​យោបល់​លើ​ការរៀបចំ​មណ្ឌល​យុវនីតិសម្បទា​នេះ​ និង​ឈានទៅ​ដាក់​ដំណើរការ​នា​ចុង​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​យោបល់​គាត់​ [​លោក ស ខេង​] ​ដើម្បី​អញ្ជើញ​គាត់​ជា​អធិបតី​ក្នុង​ពិធី​នេះ​។ ​គាត់​ក៏​អបអរសាទរ ហើយ​គាត់​នឹង​ចូលរួម​...​យើង​ក៏មាន​គម្រោង​ចុងឆ្នាំ​នេះ អនីតិជន​មួយចំនួន​ដែល​កំពុង​ជាប់ឃុំ​​នឹង​បង្វែរ​ទៅ​កន្លែង​ថ្មី​ហ្នឹង [​មណ្ឌល​យុវនីតិសម្បទា​] ដើម្បី​ដំណើរការ​បណ្ដើរៗ​។ ​ទន្ទឹមនឹង​​នេះ​ក៏​រៀបចំ​ក្របខ័ណ្ឌ​រចនាសម្ព័ន្ធ​ក៏ដូចជា របប​ឧបត្ថម្ភ​សម្រាប់​ការរស់នៅ​របស់​បងប្អូន​នៅក្នុង​មណ្ឌល​នេះដែរ​»​។

លោក​បាន​រំឭកថា ចូលដល់​ឆ្នាំ​ ២០២២ មន្ដ្រី​ពាក់ព័ន្ធ​ត្រូវ​បង្កើន​សមត្ថភាព​បន្ថែម​លើ​ការងារ​សង្គមកិច្ច និង​ស្ដារនីតិសម្បទា​នេះ ពិសេស​ទាក់ទង​នឹង​ការអនុវត្ដ​ច្បាប់​យុត្ដិធម៌​អនីតិជន ខណៈ​ច្បាប់​យុត្ដិធម៌​អនីតិជន​នេះ ក្រសួង​សង្គមកិច្ច​​មាន​ការងារ​ពាក់ព័ន្ធ​ច្រើនណាស់​ដែល​ត្រូវ​អនុវត្ដ​។

លោក​ថា​៖ «​វា​ទាក់ទិន​តាំងពី​រឿង​បង្វែរ រឿង​អី​។ បើ​និយាយ​ឱ្យ​ស្រណុក​ស្ដាប់​គឺ​គុក​កូនក្មេង​​នេះ វា​ខុសពី​គុក​មនុស្ស​ចាស់ ហើយ​គុក​នេះ វា​ធ្វើតាម​ច្បាប់​យុត្ដិធម៌​អនីតិជន អ៊ីចឹង វា​មិនមែន​ជាប់គុក​ដូច​មនុស្ស​ចាស់​ឯណា​។ ​ជាប់គុក​នេះ​វា​មាន​កន្លុកកន្លៀត ហើយ​វា​មាន​សិទ្ធិ​ពិសេស​របស់​វា​ដែល​ច្បាប់​កំណត់​»​។

លោក​ វង សូត លើកឡើង​ថា ទាក់ទិន​នឹង​រឿង​បង្វែរ​អនីតិជន​នេះ​កន្លងមក គឺ​បានធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​អប់រំ បណ្ដុះបណ្ដាល ច្រើនលើក​ហើយ​។ ប៉ុន្តែ​មន្ទីរ​សង្គមកិច្ច​ខ្លះ មិនទាន់​ដឹង​អំពី​នីតិវិធី​នៃ​ការបង្វែរ​អនីតិជន​នេះ​ទេ ដូច្នេះ​លោក​ណែនាំ​ឱ្យ​មន្ដ្រី​ពង្រឹង​សមត្ថភាព​បន្ថែមទៀត​លើ​ការងារ​នេះ​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ​យើង​ចាប់ផ្ដើម​រៀបចំ​មណ្ឌល​នេះហើយ​ប្រហែលជា​ទាក់ទិន​នឹង​ការរៀបចំ​តម្រង់ទិស​ទៅ​​នឹង​ការរៀបចំ​អនុវត្ដ​ច្បាប់​យុត្តិធម៌​អនីតិជន​តាម​អ្វីដែល​ច្បាប់​នោះ​ចង្អុល​។ ​ព្រោះ​អនីតិជន​វា​ល្មើស ប៉ុន្ដែ​វា​មាន​សិទ្ធិ​ពិសេស តាមច្បាប់​ចង្អុល​»​។

លោក​បន្តថា​៖ «​អ៊ីចឹង អាពិសេស​នោះ ក្រុម​យើង​រាល់គ្នា​បានដឹង​ហើយ ឬ​នៅ ដែលជា​អ្នក​អនុវត្ដ​ទោស​។ ​អាហ្នឹង​ក៏ត្រូវ​​ធ្វើ​ការងារ​អន្តរ​ [​ក្រសួង​] ​ដែរ​មិនមែន​ធ្វើ​តែឯង​ទេ​អាហ្នឹង [​អនីតិជន​ជាប់ឃុំ​] ​បើ​លែង​ទៅវិញ ត្រូវ​​តាមមើល​វា​រហូតដល់​ភូមិ​ដល់​ឃុំ​។ អ៊ីចឹង​ទៅមុខទៀត​គ្រាន់តែ​អាហ្នឹង​មួយ​ក៏​វង្វេង​ដែរ​»​។

មណ្ឌល​យុវនីតិសម្បទា​នេះ គឺមាន​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​អនីតិជន​ដោយ​ក្រសួង​សង្គមកិច្ច​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​វគ្គ​ខ្លីៗ ដើម្បីឱ្យ​អនីតិជន​ល្មើស​ក្រោយ​បញ្ចប់​ទោស​វិលត្រឡប់​ទៅក្នុង​គ្រួសារ​ ឬ​សហគមន៍​វិញ​មាន​ការងារ​ធ្វើ ហើយ​បញ្ឈប់​ការប្រព្រឹត្ដ​ល្មើស​ទៀត​។ នេះ​​បើតាម​ការបញ្ជាក់​ពី​លោក តូច ​ចាន់នី​៕