ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម បណ្តាញ​សម្ព័ន្ធ​សហជីព សហគមន៍​មូលដ្ឋាន​ទាំង​ជនជាតិដើម​ភាគតិច និង​មិនមែន​ជនជាតិភាគតិច​ជិត​ ៩០ ​ស្ថាប័ន បានស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ដែល​ត្រូវបាន​ចាប់​ និង​ឃុំខ្លួន​កន្លងមក​។ ប៉ុន្តែ​មន្ត្រី​ក្រសួងយុត្តិធម៌​បាន​លើកឡើងថា ក្នុង​ប្រទេស​ប្រជាធិបតេយ្យ មិនដែល​មាន​ការស្នើឱ្យ​មាន​ការដោះលែង និង​ទម្លាក់ចោល​បទចោទប្រកាន់​ទៅដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះទេ​។

តំណាង​ស្ថាប័ន​ចំនួន​ ៨៥ បានចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ​កាលពី​ថ្ងៃទី​ ១៥ ​វិច្ឆិកា ដោយ​ទទូច​សូម​ឱ្យ​មាន​ការទម្លាក់ចោល​រាល់​ការចោទប្រកាន់ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ទាំងអស់ ដោយ​ឥត​លក្ខខណ្ឌ​។

អ្នក​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើឱ្យ​មាន​ការដោះលែង​រួមមាន លោក ឆន ផល្លា ជា​សកម្មជន​ការពារ​ព្រៃឈើ​ជនជាតិដើម​ភាគតិច នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្តរតនគិរី ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា​។ លោក ផុន សុផល តំណាង​សហគមន៍​ដីធ្លី​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ចំណុច​ច្រកចូល​ក្រុមហ៊ុន ឃីជេ ស្ថិតនៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ៣០ ខែ ធ្នូ ឆ្នាំ​ ២០២០ និង​ត្រូវបាន​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​។

លោក ចាន់ ធឿន ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ពី​ជនល្មើស​កាប់​ឈើ ឈ្មោះ​ ប៉ាក យ៉ាងគួ គឺជា​កូន​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​។ ក្រៅពីនេះ​មាន​លោក ខេម សុឃី និង​លោក សូ ថាល់ ជា​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់ ខេត្តព្រះវិហារ​។

សេចក្តី​ថ្លែងការណ៍​លើកឡើងថា​៖ «​យើងខ្ញុំ​ទាំងអស់​គ្នា​ជា​អង្គការ​សង្គមស៊ីវិល សមាគម បណ្តាញ​សម្ព័ន្ធ សហជីព សហគមន៍ សង្កេតឃើញថា មាន​ការធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ ការចោទប្រកាន់​ពី​ស្ថាប័ន​តុលាការ ដោយ​ភាគច្រើន​ពួកគេ​ត្រូវ​រង​ការចោទប្រកាន់​ពី​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទល្មើស​ផ្សេងៗ​ទៀត ដែល​មាន​លក្ខណៈ​នយោបាយ ដើម្បី​បំបិទ​សំឡេង​រិះគន់​របស់​អ្នក​ទាំងនោះ​»​។

អង្គការ​សមាគម​ទាំងនេះ​បាន​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល ធានា​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន ជាពិសេស​សិទ្ធិសេរីភាព បញ្ចេញមតិ ការជួបជុំ និង​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ផ្សេងទៀត ផ្អែក​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស អន្តរជាតិ និង​ជាពិសេស​ស្នើសុំ​ឱ្យ​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​ទាំងឡាយ​ដោយ​មិនមាន​លក្ខខណ្ឌ​ទៅ​លើ​សកម្មជន​សង្គម បរិស្ថាន និង​ដីធ្លី​ទាំងអស់​ដែល​ដោះលែង​រួច នាពេល​ថ្មីៗ​នេះ​ផងដែរ​។

ទាក់ទង​នឹង​ការស្នើសុំ​នេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​ដោយ​ចាត់ទុក​ការទាមទារ​នេះ​ថា ចម្លែក ខុសពី​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​វា​មិន​ដែលមាន​ការស្នើសុំ​ឱ្យ​តុលាការ​ដោះលែង និង​ទម្លាក់​បទចោទ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​មធ្យោបាយ​ការពារ​ខ្លួន គឺ​មាន​តែ​ការចូលរួម​ក្នុង​ដំណើរការ​តាម​នីតិវិធីតុលាការ ហើយ​នឹង​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ បង្ហាញ​ភ័ស្តុតាង​សក្ខីកម្ម​ដោះ​បន្ទុក​ឱ្យ​រឹងមាំ​ក្នុង​ការតតាំង​នឹង​បទ​ចោទ​។ វា​មិន​ដែលមាន​អ្នកណា​សុំឱ្យ​គេ​ទម្លាក់ចោល​បទ​ចោទ ដោះលែង​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នោះទេ​។ វា​មិន​ដែលមាន​ឡើយ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​»​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម បណ្តាញ​សម្ព័ន្ធ​សហជីព សហគមន៍​មូលដ្ឋាន​ទាំងនោះ​មានដូចជា សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (​អាដហុក​), សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC),​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ​, មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​, សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA), អង្គការ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (CID), គណ:កម្មាធិការ​ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COM-FREL), អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​(YRDP), មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស និង​ស្ថាប័ន​ជាច្រើន​ទៀត​៕