ភ្នំពេញៈ រដ្ឋសភា​កម្ពុជា​បាន​ប្រកាស​ដាក់ឱ្យ​ដេញថ្លៃ​សម្រាប់​គម្រោង​សាងសង់​អគារ​រដ្ឋបាល​រដ្ឋសភា ក្រោម​ជំនួយឥតសំណង​ចំនួន​ ២៥ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​កាលបរិច្ឆេទ​ឈប់​ទទួល​សំណើ​ដេញថ្លៃ​នៅត្រឹម​ថ្ងៃទី​ ២៧ ខែវិច្ឆិកា​។

សេចក្តី​ជូនដំណឹង​ស្តីពី​ការអញ្ជើញ​ឱ្យចូល​រួម​ដេញថ្លៃ សម្រាប់​គម្រោង​សាងសង់​អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា ចុះ​ថ្ងៃទី​ ១២ វិច្ឆិកា បាន​ឱ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជំនួយឥតសំណង​ចំនួន ២៥ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​អនុវត្ត​គម្រោង​សាងសង់​អគារ​រដ្ឋបាល​រដ្ឋសភា​ថ្មី​នេះ​។

សម្រាប់​កាលបរិច្ឆេទ​ឈប់​ទទួល​សំណើ​ដេញថ្លៃ គឺ​នៅ​ថ្ងៃទី​ ២៧ វិច្ឆិកា ឆ្នាំ​ ២០២១ ​ឬ​ឱ្យបាន​មុន​ថ្ងៃទី​ ២៧ វិច្ឆិកា បន្ទាប់​ពីថ្ងៃ​ប្រកាស​ផ្សព្វផ្សាយ ដែល​បណ្តា​ក្រុមហ៊ុន​ដែល​មាន​បំណង​ចូលរួម​ដេញថ្លៃ​គម្រោង​នេះ អាច​យក​ពាក្យ​មក​ដាក់​នៅ​បន្ទប់​កោះកេរ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​រៀងរាល់​ម៉ោង​ធ្វើការ​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​ពេលនេះ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា អញ្ជើញ​អ្នកដេញថ្លៃ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​សាងសង់​អគារ​រដ្ឋបាល​ថ្មី​នៃ​រដ្ឋសភា​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​រដ្ឋសភា​។ លទ្ធកម្ម​នឹង​ធ្វើ​ឡើង​តាមរយៈ​ការដេញថ្លៃ​ប្រកួតប្រជែង​អន្តរជាតិ ICB ដោយ​អនុលោម​តាម​ដំណាក់កាល​តែមួយ​ស្របតាម​ស្តង់ដា​ដេញថ្លៃ​របស់​រដ្ឋាភិបាល​កម្ពុជា​»​។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ វិច្ឆិកា​ថា អគារ​រដ្ឋបាល​ថ្មី​រដ្ឋសភា​នេះ​នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ទទឹង ២៧ ​ម៉ែត្រ និង​បណ្តាយ ៤៩ ​ម៉ែត្រ ដែលមាន​កម្ពស់​ ១២ ​ជាន់​។ អគារ​ថ្មី​នេះ​មាន​ចំណត​ឡាន ២ ​ជាន់​ខាងក្រោម និង​សាលប្រជុំ​ធំ​តូច​ចំនួន ៤ ​ជាន់ ខណៈ​ជាន់​លើៗ​គឺជា​បន្ទប់​ធ្វើការ​របស់​បុគ្គលិក​ និង​តំណាងរាស្ត្រ​។

អគាររដ្ឋបាល​ថ្មី​នេះ គឺមាន​រំលេច​ពី​រចនាប័ទ្ម​ខ្មែរ​ពី​ខាងមុខ​ច្រក​ចេញ-ចូល ហើយ​ការរចនា​ដទៃទៀត គឺធ្វើឡើង​តាមរយៈ​លក្ខណៈ​បច្ចេកទេស ដោយ​មាន​ការសហការ​ជាមួយ​អ្នកជំនាញ និង​ឆ្លង​យោបល់​ពី​រដ្ឋសភា​។

លោក​ ប៉េងឡុង បាន​បញ្ជាក់ថា​៖ «​អគា​នេះ គឺមាន​រចនាប័ទ្ម​ខ្មែរ ដោយ​យើង​ធ្វើ​រចនាប័ទ្ម​ខ្មែរ​យើង​ធ្វើ​ពី​ខាងមុខ ព្រោះតែ​ទីតាំង​យើង​តូច ហើយ​អគារ​មាន​លក្ខណៈ​ ៤ ​ជ្រុង អ៊ីចឹង​យើង​មិនអាច​ធ្វើជា​ក្បាច់ក្បូរ​នោះទេ​។ យើង​ដាក់​រចនាប័ទ្ម​ខ្មែរ​នៅ​ពីមុខ គឺមាន​រំលេច​សសរ​មាស និង​សសរ​ពេជ្រ និង​រចនាប័ត្ម​ខ្មែរ​មួយចំនួន​ជាមួយនឹង​ក្លោងទ្វារ​»​។

ជាមួយ​នឹង​គម្រោង​សាងសង់​អគារ​ថ្មី​នេះ លោក ឡេង ប៉េងឡុង បញ្ជាក់ថា ចំពោះ​អគារ​រដ្ឋសភា​ចាស់ គឺ​នឹង​នៅតែ​ដាក់​ដំណើរការ​ជាធម្មតា ហើយ​ក្រោយ​អគារ​ថ្មី​សាងសង់​រួចរាល់ រដ្ឋសភា នឹង​ធ្វើការ​ជួសជុល​អគារ​ចាស់​សព្វថ្ងៃ ដើម្បី​រក្សា​គុណភាព និង​សោភណភាព​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​សាទរ​ចំពោះ​រដ្ឋសភា ដែលមាន​គំនិត​ច្នៃប្រឌិត​ផ្នែក​ស្ថាបត្យកម្ម​បែប​ទំនើប​ក្នុង​ការរចនា​សំណង់​អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា​នេះ​។

ប៉ុន្តែ​លោក​យល់ថា ភាពច្នៃប្រឌិត​នេះ គួរតែ​មាន​ការបង្កប់​រចនាប័ទ្ម​ខ្មែរ​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​កុំឱ្យ​ដាច់​ឆ្ងាយ​ពី​ប្រពៃណី​ទំនៀមទម្លាប់​ ឬ​មរតក​វប្បធម៌​របស់​ខ្មែរ ពីព្រោះ​ការបង្ហាញ​ពី​រចនាប័ទ្ម​ខ្មែរ​លើ​អគារ​របស់​រដ្ឋ គឺ​បង្ហាញ​ពី​គុណតម្លៃ​របស់​ខ្មែរ ដែល​ស្ថាប័ន​ក្រសួង​នីមួយៗ គួរ​យកចិត្ត​ទុកដាក់​។

បើ​អគារ​នៅក្នុង​ស្ថាប័ន​មួយ មាន​រចនាប័ទ្ម​បែប​ខ្មែរ​លាយ​ជាមួយ​អគារ​ខ្លះ ដែលមាន​រចនាប័ទ្ម​បែប​ទំនើប​ចាក​ឆ្ងាយ​ពីគ្នា​ពេក​នឹង​ធ្វើឱ្យ​ស្ថាប័ន​ទាំងនោះ មាន​លក្ខណៈ​ច្របូកច្របល់ និង​មិន​បង្ហាញ​ពី​គុណ​តម្លៃ​របស់​ស្ថាប័ន​ជាតិ​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​ការពិត​រដ្ឋសភា គឺជា​ស្ថាប័ន​ជាតិ​កំពូល​មួយ ដែល​ធ្វើ​កិច្ចការងារ​ ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ ហើយ​ទាំង​អគារ ទាំង​ដំណើរការ​នៃ​ការធ្វើ​កិច្ចការ គឺ​សុទ្ធតែ​បង្កប់​នូវ​លក្ខណៈ​ជាតិ ស្មារតី​ជាតិ ប្រយោជន៍​ជាតិ​។ ក្នុងនោះដែរ ខ្ញុំ​ជឿថា បើ​យើង​ធ្វើ​អគារ ដែល​មាន​កន្លែង​ធ្វើការ​សម្រាប់​តំណាងរាស្ត្រ និង​បុគ្គលិក​រដ្ឋបាល​សម្រាប់​ស្ថាប័ន​នេះ​ទាំងមូល ក៏​វា​គួរតែ​បង្កប់​នូវ​រចនាប័ទ្ម​បែប​ខ្មែរ​ផងដែរ ដើម្បី​ជា​ការឱ្យ​តម្លៃ​លើកកម្ពស់​អភិរក្ស​វប្បធម៌​ខ្មែរ​យើង​»៕

វីដេអូ៖