ភ្នំពេញៈ លោក ជាម យៀប ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ជ្រើសរើស​ជា​បេក្ខជន អនុប្រធាន​ទី១ នៃ​រដ្ឋសភា ជំនួស​លោក ងួន ញ៉ិល ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​ ៥ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ១៤ វិច្ឆិកា​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​លោក ជាម យៀប ជា​បេក្ខជន សម្រាប់​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​។ ប៉ុន្តែ​មកទល់​ពេលនេះ រដ្ឋសភា​មិនទាន់​រៀបចំ​សម័យប្រជុំ បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅឡើយ​ទេ ដោយ​រង់ចាំ​នៅក្រោយ​បុណ្យអុំទូក​។

លោក​បន្តថា លោក​មិន​បានដឹង​ពី​នីតិវិធី​នៃ​ការជ្រើសរើស​លោក ជាម យៀប ជា​បេក្ខជន​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​ដូចម្តេច​នោះទេ ប៉ុន្តែ​លោក​គ្រាន់តែ​ដឹងថា លោក ជាម យៀប ​បាន​ធ្វើជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​ ១៩៧៩ រហូតមក​ដល់​បច្ចុប្បន្ន និង​មាន​ស្នាដៃ​ធំ​ជាច្រើន​។

លោក​ថ្លែងថា​៖ «​គាត់​ធ្វើ​យូរហើយ (​មន្ត្រី​គណបក្ស​ប្រជាជន​) ​តាំងពី​ចៅហ្វាយ​ខេត្ត រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​គណបក្ស និង​រដ្ឋសភា​»​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា លោក ជាម យៀប ​គឺជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​យូរណាស់​មកហើយ និង​ស័ក្តិសម​បំផុត​ក្នុង​ការទទួល​បាន​តំណែង​ជា​អនុប្រធាន​ទី១ នៃ​រដ្ឋសភា​នេះ​ ព្រោះ​លោក​ ជាម យៀប មាន​គុណសម្បត្តិ និង​មាន​ឋានៈ​ខ្ពស់​នៅក្នុង​គណៈអចិន្រៃ្តយ៍​របស់​គណបក្ស​។

លោក​ថ្លែង​ថា​៖ «​ឯកឧត្តម​ ជាម យៀប មាន​ស្នាដៃ​ច្រើន សម្រាប់​ការងារ​បក្ស បាន​ឡើង​ឋានៈ​រហូត​ដល់​សមាជិក​គណៈអចិន្រៃ្តយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាហ្នឹង​មិនធម្មតា​ទេ​»​។

លោក​ ជាម យៀប ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែកចាម ឃុំ​បន្លិចប្រាសាទ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ​និង​បាន​បម្រើ​ការងារ​នៅក្នុង​រដ្ឋសភា​ជាង ៤០ ​ឆ្នាំ​មកហើយ​នោះ​បាន​ប្រាប់ ​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ ​វិច្ឆិកា​ថា លោក​ទើប​បាន​ទទួលបាន​ព័ត៌មាន​ពី​ការជ្រើសតាំង​រូបលោក​ជា​បេក្ខជន​អនុប្រធាន​ទី​១ ​រដ្ឋសភា​។

លោក​បាន​បញ្ជាក់ថា តាម​ព័ត៌មាន​ដែល​លោក​ទើបបាន​ទទួល​នៅ​ព្រឹក​ថ្ងៃទី​ ១៥ ​វិច្ឆិកា រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ២៥ ​វិច្ឆិកា ដើម្បី​បោះឆ្នោត​ជ្រើសរើស​រូបលោក​ជា​អនុប្រធាន​ទី​ ១ ​រដ្ឋសភា ជំនួស​លោក​ ងួន ញ៉ិល ដែល​បានទទួល​មរណភាព​។

លោក ជាម យៀប មានប្រសាសន៍​ថា ការជ្រើសតាំង​រូបលោក​ជា​បេក្ខជន សម្រាប់​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ជំនួស លោក​ ងួន ញ៉ិល ដែល​បានទទួល​មរណភាព​នេះ គឺជា​រឿង​ធម្មតា និង​ដើម្បី​បំពេញបន្ថែម​ឱ្យស្រប​ទៅតាម​រចនាសម្ព័ន្ធ​របស់​រដ្ឋសភា​។

លោក​បាន​លើកឡើងថា នៅពេលដែល​លោក​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ ​នៃ​រដ្ឋសភា លោក​នឹង​ជំរុញ​ឱ្យ​រដ្ឋសភា ក្លាយ​ទៅ​ជា​រដ្ឋសភា ដែល​អនុវត្តតាម​បច្ចេកវិទ្យា​ទំនើប (IT) ឱ្យស្រប​ទៅតាម​តម្រូវការ​ចាំបាច់​របស់​រដ្ឋសភា​ពិភពលោក និង​រដ្ឋសភា​ក្នុង​តំបន់​អាស៊ាន​។

ជាមួយ​គ្នា​នេះ លោក​នឹង​ជួយ​រដ្ឋសភា​កម្ពុជា​ឱ្យ​គោរព និង​អនុវត្ត​ទៅតាម​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​ដែល​ស្តីអំពី​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ឱ្យ​បាន​ល្អប្រសើរ​។

លោក​ ជាម យៀប បានបញ្ជាក់​ទៀតថា​៖ «​ខ្ញុំ​សូមជម្រាបថា ខ្ញុំ​នឹង​ខិតខំ ធ្វើយ៉ាងណា បម្រើ​រដ្ឋសភា​ឱ្យ​ល្អប្រសើរ​ឱ្យ​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​សភា​កម្ពុជា និង​គោរព​អនុវត្ត​ទៅតាម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ដែលជា​ប្រធានរដ្ឋសភា ក៏ដូចជា ការចង្អុល​ទិស​ដែលជា​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​បាន​ជាប់ឆ្នោត ១០០% នៅក្នុង​នីតិកាល​ទី​៦ កន្លងមកនេះ​»៕