
សកម្មភាពត្រួតពិនិត្យសិស្សចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅមណ្ឌលវិទ្យាល័យទួលទំពូងកាលពីថ្ងៃម្សិលមិញ។ ហ៊ាន រង្សី
ភ្នំពេញៈ មន្ដ្រីនៃក្រសួងអប់រំ-យុវជន និងកីឡា អះអាងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៩) នៅឆ្នាំនេះកំពុងប្រព្រឹត្តទៅតាមការគ្រោងទុក ដែលមានលទ្ធផលអាចទទួលយកបាន ខណៈមានសិស្សសាលារដ្ឋ និងឯកជនជាង ១៦ ម៉ឺននាក់នៅទូទាំងប្រទេសបានចូលរួមប្រឡងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកានេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ១៥ វិច្ឆិកានេះថា ជាទូទៅដំណើរការប្រឡងឌីប្លូមនាថ្ងៃ ១៥ វិច្ឆិកា បានប្រព្រឹត្តទៅតាមការគ្រោងទុកដោយមានលទ្ធផលអាចទទួលយកបាន។
លោកបានថ្លែងថា៖ «ការប្រឡងឌីប្លូមត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្របនឹងវិធានការសុវត្ថិភាពសុខភាព»។
លោកបានឱ្យដឹងថា សិស្សប្រឡងឌីប្លូមឆ្នាំនេះ សរុបមាន ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១ នាក់)។ ចំនួនមណ្ឌលប្រឡងមានចំនួន ១ ៧២២ និងបន្ទប់ប្រឡងមាន ៧ ៣២៧។
លោ ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងដែរថា ដំណើរការប្រឡងឌីប្លូមនាថ្ងៃ ១៥ វិច្ឆិកានេះ គឺមានដំណើរការធម្មតា មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ តែមានមណ្ឌលប្រឡងមួយនៅវិទ្យាល័យជម្ពូវ័នមានទឹកលិចបន្តិច ដោយសារទឹកភ្លៀង ប៉ុន្ដែមិនប៉ះពាល់ដល់ការប្រឡងទេ។
លោកបានឱ្យដឹងថា តាមមណ្ឌលនីមួយៗបានអនុវត្តតាមការណែនាំបានល្អប្រសើរ។ គ្រប់ច្រកចូលក្នុងមណ្ឌលមានឧបករណ៍បាញ់អាល់កុល និងវាស់កម្ដៅ។ គ្រប់មណ្ឌលប្រឡងទាំងអស់សុទ្ធតែមានរៀបចំបន្ទប់បម្រុងសម្រាប់ដាក់បេក្ខជនប្រឡងដែលបានវាស់កម្ដៅលើសពី ៣៧,៥ អង្សាសេឡើងទៅ ហើយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសុទ្ធតែពាក់ម៉ាស់។
លោកបញ្ជាក់ថា៖ «សម្រាប់ការប្រឡងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ គ្រប់មណ្ឌលដំណើរការធម្មតា ពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ»។
បើតាមលោក ស៊ីណារ៉េត ចំនួនបេក្ខជនប្រឡងសរុបនៅរាជធានីភ្នំពេញមាន ១៥ ៨៥៨ នាក់ក្នុងនោះមានស្រី ៨ ១០៦ នាក់។ មានមណ្ឌលប្រឡងចំនួន ៦៣ មណ្ឌល និងបន្ទប់ប្រឡងចំនួន ៦៦៤ បន្ទប់។ ចំនួននេះគឺមានប្រហាក់ប្រហែលទៅនឹងចំនួនសិស្សជាប់ដោយស្វ័យប្រវត្ដិកាលពីឆ្នាំ ២០២០។
យុវតីម្នាក់ឈ្មោះ ប៊ុនធៀន ម៉ូលីកា ដែលកំពុងប្រឡងនៅមណ្ឌលប្រឡងមួយក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃប្រឡងដំបូងលើវិញ្ញាសាតែងសេចក្ដី បន្ទប់ប្រឡងរបស់កញ្ញាបានចេញវិញ្ញាសាក្រោមប្រធាន «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ដែលមុខវិជ្ជានេះកញ្ញាអះអាងថាមានភាពងាយស្រួល និងអាចសរសេរបានច្រើន។
យុវតីរូបនេះបានបញ្ជាក់ថា៖ «វិញ្ញាសាលើមុខវិជ្ជាតែងសេចក្ដីជាភាសាខ្មែរនេះ ខ្ញុំសរសេរលើកឡើងតែបញ្ហាកើតឡើងក្នុងសង្គមផ្ទាល់តែប៉ុណ្ណោះ»។
ប៉ុន្ដែ ម៉ូលីកា អះអាងថា វិញ្ញាសាទី ២ គីមីវិទ្យា បានចេញចំនួន ២ លំហាត់ គឺមានការលំបាក ហើយរយៈពេលក្នុងការធ្វើគឺត្រឹម ៣០ នាទីប៉ុណ្ណោះ ដែលសិស្សភាគច្រើនធ្វើមិនបានរួចរាល់ទេ។
ចំណែកយុវតីម្នាក់ទៀត ឈ្មោះ គៀង មួយខេង កំពុងប្រឡងនៅមណ្ឌលប្រឡងនៅរាជធានី-ភ្នំពេញដែរនោះ ក៏បានអះអាងថា វិញ្ញាសាគីមី នៅបន្ទប់ប្រឡងរបស់កញ្ញាក៏មានការលំបាកខ្លះដែរ។
កញ្ញាប្រាប់ថា៖ «វិញ្ញាសាគីមីមួយ ក្នុងចំណោម ២ លំហាត់ ខ្ញុំធ្វើបានតែមួយលំហាត់ទេ ហើយធ្វើមិនទាន់រួចស្រួលបួលផងដល់ម៉ោងគ្រូមកប្រមូលវិញ្ញាសាទៀត»។
មួយខេង បានឱ្យដឹងថា នៅក្នុងលំហាត់ទី ២ វិញ្ញាសាគីមីវិទ្យា គឺចេញប្រធានបទទាក់ទងនឹងការរកម៉ាស់ម៉ូលរបស់អំបិល ដែលមុខវិជ្ជានេះ កាលរៀននៅសាលា គឺគ្រូបង្រៀនបានតិច។
បើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ការប្រឡងឌីប្លូមឆ្នាំសិក្សា ២០២០-២០២១ នេះក្រសួងបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។
វិញ្ញាសាប្រឡងឌីប្លូម ២ ថ្ងៃនេះមានចំនួន ១១ មុខវិជ្ជា រួមមាន តែងសេចក្ដី សរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា និងបរិស្ថាន សីលធម៌ ពលរដ្ឋវិជ្ជា ភូមិវិទ្យា ប្រវត្ដិវិទ្យា និងភាសាបរទេស។
ការប្រឡងឌីប្លូមកាលពីឆ្នាំ ២០២០ ក្រសួងអប់រំបានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រឡងជាប់ជាស្ថាពរដោយគ្មានការកំណត់និទ្ទេស ដោយអនុវត្ដតាមអនុសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕
វីដេអូ៖