ត្បូងឃ្មុំៈ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ត្បូងឃ្មុំ ដែលមាន​តម្លៃ​ជាង​ ៥០ ​លាន​ដុល្លារ​ គ្រោង​បញ្ចប់​ការសាងសង់​នា​ចុងខែ​វិច្ឆិកា​ឆ្នាំនេះ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ​ក្រោយ ដែល​មន្ត្រី​អះអាងថា មន្ទីរពេទ្យ​ថ្មី​នេះ​នឹង​បម្រើ​​សេវា​សុខាភិបាល​ប្រកប​ដោយ​បរិក្ខារ​ទំនើប ស្តង់ដា​ខ្ពស់ ដែល​ខេត្ត​មិន​ធ្លាប់មាន​ពីមុនមក​។

មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ត្បូងឃ្មុំ ជា​មន្ទីរពេទ្យ​ខ្នាត​យក្ស​ប្រកបដោយ​បរិក្ខារ​ទំនើប​បាន​​កសាង​ឡើង​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ៥០ ​លាន​ដុល្លារ ក្រោម​ជំនួយ​​ឥត​សំណង​របស់​ប្រទេស​ចិន​​ស្ថិតនៅ​ភូមិ​និគមន៍​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ទីរួមខេត្ត​ត្បូងឃ្មុំ ដោយ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ១ ខែ មីនា ឆ្នាំ​ ២០១៩ និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ខាងមុខនេះ​។

កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ថ្នាក់ដឹកនាំ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ និង​បំពាក់​ឧបករណ៍​បរិក្ខារ​ពេទ្យ​នៅ​មន្ទីរពេទ្យ​នេះ​។

លោក អេក ឃាង ប្រធាន​មន្ទីរពេទ្យ​កម្ពុជា-ចិន ត្បូងឃ្មុំ បាន​ឱ្យ​ដឹងថា មន្ទីរពេទ្យ​នេះ​មាន​អគារ​ចំនួន​ ៨ ​ខ្នង ៥ ​ជាន់ ​កម្ពស់​ ២៤ ​ម៉ែត្រ​ដែល​តភ្ជាប់​គ្នា​ទៅវិញទៅមក​។ ​ក្នុងនោះ​មាន​បែងចែក​សម្រាប់​អគារ​សម្រាក​ពេទ្យ​មាន​ចំនួន​ ៥ ​ជាន់ អគារ​សម្ភព​រោគស្ត្រី និង​កុមារ​ចំនួន​ ៥ ​ជាន់ អគារ​វេជ្ជសាស្ត្រ អគារ​រដ្ឋបាល និង​ស្នាក់នៅ​ចំនួន​ ២ ​ជាន់ និង​អគារ​ផ្សេងៗ​ទៀត​ ១ ​ជាន់ ដែលមាន​ផ្ទៃដី​សរុប ៧៥ ៥៧០ ​ម៉ែត្រការ៉េ ដោយ​សាងសង់​លើ​ផ្ទៃដី​ចំនួន​ ៥៥ ៨១៤ ​ម៉ែត្រការ៉េ ក្នុងនោះ​អគារ​មន្ទីរពេទ្យ​មាន​ចំនួន ២៤ ៣០០ ​ម៉ែត្រការ៉េ​។

លោក កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ វិច្ឆិកា​ថា បន្ទាប់ពី​អគារ​ថ្មី​នេះ​​ត្រូវបាន​សាងសង់​រួច​រដ្ឋាភិបាល​ខេត្ត​គ្រោង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ការបម្រើ​សេវា​ដល់​អ្នក​ជំងឺ​​ចាប់ពី​ឆ្នាំ​ ២០២២ ខាងមុខ​។

លោក​ថា ក្នុងអំឡុងពេល​ជិត​បញ្ចប់​គម្រោង​សាងសង់​នេះ​មន្ទីរ​​សុខាភិបាល​ខេត្ត​ក៏​កំពុង​បង្កើត​គណៈកម្មការ​មួយ​ ដើម្បី​ត្រៀម​រៀបចំ​ធនធានមនុស្ស​សម្រាប់​បំពេញការងារ​ក្នុង​មន្ទីរពេទ្យ​នេះ​ដោយ​ជ្រើសរើស​មន្ត្រី​សុខាភិបាល​ពី​បណ្តា​ស្ថាប័ន​ទូទាំង​ខេត្ត ដែល​បានដាក់​ពាក្យស្នើសុំ​។

លោក កែវ វណ្ណៈ បាន​បញ្ជាក់ថា​៖ «​មន្ទីរពេទ្យ​នេះ យើង​គ្រោង​ដាក់​ដំណើរការ ៣០០ ​គ្រែ ហើយ​យើង​មាន​ជំនាញ​ច្រើន​ដែល​ត្រូវ​ទទួល​។ អ្វី​ដែលជា​ក្តីបារម្ភ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​​យើង​គឺ​មន្ត្រី​យើង​មិនទាន់​មាន​ជំនាញ​ច្រើន​សម្រាប់​គ្រប់​តម្រូវការ​របស់​មន្ទីរពេទ្យ​នៅឡើយ​​ទេ​។ ​យើង​នឹង​ប្រឹងប្រែង​អភិវឌ្ឍ​ធនធាន​យើង​ដែលមាន​ហ្នឹង ​ដើម្បី​ដាក់ឱ្យ​នៅតាម​សេវា​ដែល​យើង​បាន​បំពាក់​សម្ភារ​»​។

លោក​បាន​បន្តថា​៖ «​មន្ទីរពេទ្យ​នេះ​យើង​ត្រៀម​នឹង​ទទួល​​សេវា​ពហុបច្ចេកទេស​ឱ្យបាន​ជំនាញ​ច្រើន​ដែល​មកប្រើប្រាស់​សេវា​នេះ​។ ​នៅពេល​យើង​ដាក់​​ដំណើរការ​គ្រប់​ពេញលេញ​តាម​ស្តង់ដា​នោះ​យើង​សង្ឃឹមថា​វិស័យ​សុខាភិបាល​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​នឹង​ល្អប្រសើរ​ព្រោះ​យើង​មិនមែន​បម្រើសេវា​សម្រាប់​​តែ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទេ​គឺ​យើង​បម្រើ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​ភូមិភាគ​ឦសាន​ដែល​ជាប់​ខេត្ត​ត្បូងឃ្មុំ​»​។

ទន្ទឹមនឹងនេះ​លោក កែវ វណ្ណៈ បាន​អះអាង​ដែរ​ថា មន្ទីរ​សុខាភិបាល​ក៏បាន​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​របស់​មន្ទីរពេទ្យ​នៅក្នុង​ផែនការ​ប្រចាំឆ្នាំ​​របស់​ខេត្ត​ផងដែរ ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​សុំ​ការអនុម័ត ដែល​លោក​រំពឹងថា រដ្ឋាភិបាល​នឹង​ឯកភាព​តាម​សំណើ​នេះ​។

អ្នកស្រី ស្រី ឡែន ជា​ពលរដ្ឋ​​រស់នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើងថា ការផ្តល់សេវា​សុខភាព​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​​ក្នុង​ខេត្ត​គឺ​ល្អ​ហើយ​ក្នុង​ករណី​​ដែល​ខេត្ត​នេះ មាន​មន្ទីរពេទ្យ​ថ្មី​ដែល​មាន​ស្តង់ដា និង​អាច​បម្រើ​​សេវា​ដល់​ពលរដ្ឋ បាន​ច្រើន​ទៀត​នោះ គឺ​រឹតតែ​ប្រសើរ​។

អ្នកស្រី​បន្តថា បើសិន​ករណី​​នេះ មន្ទីរពេទ្យ​នេះ​អាច​បម្រើ​​សេវា​ដល់​អ្នកជំងឺ​បានល្អ និង​បាន​គ្រប់​ជំនាញ​នោះ គឺ​ពលរដ្ឋ ​មិន​ចាំបាច់​ចំណាយពេល​ធ្វើដំណើរ​ទៅ​ទទួល​សេវា​នៅ​ខេត្ត​ផ្សេង​ជាពិសេស​នៅ​ភ្នំពេញ​៕