
តុលាការកំពុងស៊ើបសួរជនជាតិកាណាដាម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង ១៦៧ គីឡូ។ រូបថត ប៉ូលិស
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៥ វិច្ឆិកា កំពុងបំពេញកិច្ចស៊ើបសួរទៅលើជនសង្ស័យជនជាតិកាណាដាម្នាក់ ពាក់ព័ន្ធនឹងកណីរត់ពន្ធ និងរក្សាទុកគ្រឿងញៀនឆ្លងដែនជាង ១៦៧ គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី ១៣ វិច្ឆិកា។
លោក ប្លង់ សុផល អ្នកនាំពាក្យ អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញថ្លែង នៅថ្ងៃទី ១៥ វិច្ឆិកាថា៖ «តំណាងអយ្យការកំពុងតែបំពេញកិច្ចរបស់ខ្លួនក្នុងការស៊ើបអង្កេត (ទៅលើជនសង្ស័យជនជាតិកាណាដា) មិនទាន់មានចំណាត់ការចុងក្រោយណាមួយនៅឡើយទេ»។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១៥ វិច្ឆិកាថា ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជនជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧ គីឡូក្រាមនៅរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «ជនសង្ស័យជាជនជាតិកាណាដា យើងបានបញ្ជូនទៅតុលាការកាលពីថ្ងៃ ១៣ វិច្ឆិកា ហើយតុលាការបានឃុំខ្លួន»។ លោក ម៉ក់ ជីតូ បញ្ជាក់ថា៖ «ករណីបទល្មើសគ្រឿងញៀនទាំង ៣ គោលដៅនេះ គឺពាក់ព័ន្ធគ្នាតែមួយគ្រាន់តែថា ជនសង្ស័យមានគ្នាជាអ្នកនាំមកពីក្រៅប្រទេសចូលមក ហើយនៅខាងក្នុងនេះ (កម្ពុជា) ដូច្នេះយើងកំពុងរកថែមទៀត»។
យោងតាមរបាយការណ៍របស់អាជ្ញាធរគ្រឿងញៀនចាប់ពីថ្ងៃទី ២៧ តុលា ដល់ថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០២១ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក អ៊ិន សុង នាយករងមន្ទីរ និងចូលរួមសហការដោយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបជនសង្ស័យដែលរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននៅ ៣ គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់។
ក្នុងនោះគោលដៅទី១ ស្ថិតនៅចំណុចក្រុមហ៊ុនដឹកជញ្ជូនស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ គោលដៅទី២ ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី ៣ នៅបន្ទប់ 13 AD និង 13 AE ខុនដូ PROVENCE ផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង។
តាមរយៈលទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន ១ នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៦៩។ ជននេះកាន់លិខិតឆ្លងដែនកាណាដា លេខ AC790143។
ក្នុងនោះចាប់យកវត្ថុតាងបាន រួមមាន ១ គ្រឿង ញៀនអ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៍ផ្កាឈូក ៨៥ ៩២២ គ្រាប់ ស្មើទម្ងន់ ២៨ ៣៥៤,៥៤ ក្រាម។ ២ អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ប្រផេះ ១៥៤ ៤៧៤ គ្រាប់ ស្មើទម្ងន់ ៦០ ២៤៤,៩៩ ក្រាម។ ៣ អ៊ិចស្តាស៊ីម្សៅ (MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ៥០ ០២២,៧២ ក្រាម។
៤ អ៊ិចស្តាស៊ីក្រាម (MDMA) ទម្ងន់ ២៤ ៧០០,៨១ ក្រាម។ ៥ នីមេតាហ្សេប៉ាម (Nimetazepam) ៩ ៧៥០ គ្រាប់ ស្មើទម្ងន់ ១ ៧៣៣,៤០ ក្រាម។ ៦ មេតំហ្វេតាមីន (ICE) ទម្ងន់ ៩៨,៩៧ ក្រាម។ ៧ កេតាមីន (Ketamine) ២ ៣២០ ក្រាម។ សរុបទាំងអស់ទម្ងន់ ១៦៧ គីឡូក្រាម។
ក្នុងនោះសមត្ថកិច្ចក៏ចាប់យកសម្ភារ អាវុធខ្លី ១ ដើម មានគ្រាប់ ៦ គ្រាប់ ជញ្ជីង ១ គ្រឿង រថយន្ត ១ គ្រឿង និងមានសម្ភារមួយចំនួនទៀត។ នេះបើតាមរបាយការណ៍បញ្ជាក់៕