ភ្នំពេញៈ ក្រសួង​សង្គមកិច្ច ​កំពុង​រៀបចំ​សេចក្តី​ព្រាង​ស្តីពី ​«ផែនការ​យុទ្ធ​សាស្ត្រ​ស្តី​ពី​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ​២០២២​-២០៣១»​ ដើម្បី​ពង្រឹង​សមត្ថភាព ​និង​បង្កើន​ចំនួន​កម្លាំង​សេវា​សង្គម​កិច្ច​យ៉ាង​ហោច​ណាស់​មាន​អ្នក​អាជីព​សង្គមកិច្ច ​ឬ​អ្នកអាជីព​សង្គម​កិច្ច​រង​ ២ នាក់ ​ក្នុង ​១ ឃុំ​សង្កាត់ ​ដើម្បី​លើក​កម្ពស់​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា។

លោក ​វង សូត ​រដ្ឋមន្តី ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា ​ថ្លែង​ក្នុង​​កិច្ច​ប្រជុំ​កិច្ច​ប្រជុំ​ពិ​គ្រោះ​យោបល់​លើក​ទី៣​លើ​សេចក្តី​ព្រាង​នេះ ​នា​ថ្ងៃទី ១៦​ វិច្ឆិកា ​នៅ​ទីស្ដីការ​ក្រសួង​ថា ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​នេះ ​ជា​ផែនការ​ដំបូង​និង​មាន​គោលដៅ​រយៈពេល​ ១០ ឆ្នាំ។ សេចក្តីព្រាង​នេះ​ផ្តោត​លើ​ការពង្រឹង​សមត្ថភាព ​និង​បង្កើន​ចំនួន​កម្លាំង​សេវា​សង្គម​កិច្ច​យ៉ាង​ហោច​ណាស់ ​មាន​អ្នកអាជីព​សង្គមកិច្ច ​ឬ​អ្នក​អាជីព​សង្គម​កិច្ច​រង​ ២ នាក់ ​ក្នុង​ ១ ឃុំ​សង្កាត់ ​ដើម្បី​លើកកម្ពស់​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា។

លោក​បន្ថែមថា ​ការដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្រ្ដ​នេះ​ ក្នុង​គោលដៅ​ជា​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ចក្ខុវិស័យ​ច្បាស់​លាស់​ និង​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការគាំពារ​នូវ​សុខុ​មាល​ភាព​របស់​ប្រជាជន ​ជាមួយ​អ្នក​វិជ្ជាជីវៈ​ ដែល​ត្រឹម​​ត្រូវ ​និង​ពិត​ប្រាកដ​ក្នុង​ការផ្តល់​សេវា​សង្គម​ដល់​ជន​រងគ្រោះ ​និង​ងាយ​រងគ្រោះ​ប្រកប​ដោយ​វិជ្ជាជីវៈ ​និង​ក្រម​សីល​ធម៌។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​សូម​សម្ដែង​នូវ​កិច្ចស្វាគមន៍​ចំពោះ​វត្តមាន ​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី ​ភ្ញៀវជាតិ ​អន្តរ​ជាតិ​ ដែល​បានអញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ ​ដែលបាន​បង្ហាញ​ពី​ការខិតខំ​រួមគ្នា​ដោះស្រា​យ​បញ្ហា​នានា​របស់​ប្រជាជន​ក្រីក្រ ​និង​ងាយ​រងគ្រោះ ​ស្របតាម​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល។ ពិសេស​ក្នុង​អំឡុង​ពេល​នៃ​ការរីករាល​ដាល​ជំងឺ​កូវីដ ​១៩ ​ក្នុង​តំបន់ ​ក៏ដូចជា​ក្នុង​ពិភពលោក​ទាំង​មូល»។

កម្លាំង​សេវា​សង្គមកិច្ច ​គឺជា​ទស្សនៈ​រួម​មួយ​សំដៅ​ទៅលើ​អ្នកជំនាញ ​និង​អ្នកជំនាញ​រង ​ទាំង​ក្នុង​រដ្ឋាភិបាល ​និង​មិន​មែន​រដ្ឋាភិបាល ​ដែល​ធ្វើការ​ជាមួយ​កុមារ ​យុវជន ​មនុស្ស​ពេញវ័យ ​ក្រុមគ្រួសារ​និង​សហគមន៍ ​ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ ​និង​សុខុ​មាល​ភាព។ កម្លាំង​សេវា​សង្គមកិច្ច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការគាំទ្រ ​និង​លើកកម្ពស់​សុខុមាល​ភាព​របស់​កុមារ ​គ្រួសារ​ និង​ក្រុម​ជន​រងគ្រោះ ​និង​ងាយ​រងគ្រោះ ​ដោយ​កាត់បន្ថយ​បាន​នូវ​ភាព​ក្រីក្រ។ កំណត់ ​និង​គ្រប់​គ្រង​ហានិភ័យ ​ផ្តល់​សេវា​ការពារ ​និង​ការភ្ជាប់​ទំនាក់​ទំនង ​រវាង​ជន​ងាយ​រងគ្រោះ ​និង​ក្រុមគ្រួសារ ​ឱ្យទទួល​បាន​សេវា​សុខុមាល​ភាព​ដែល​ជា​តម្រូវការ​គ្រប់​កាលៈ​ទេសៈ។ លោក​រដ្ឋមន្ត្រី​បន្ថែម។

លោក​បន្តថា ​កម្លាំង​សេវា​សង្គមកិច្ច ​ដែល​មាន​ការអភិវឌ្ឍ​ល្អ ​គឺជា​គន្លឹះ​ក្នុង​ការលើក​កម្ពស់​យុត្តិធម៌​សង្គម ​ការកាត់​បន្ថយ​ការរើសអើង ​ការប្រឆាំង ​និង​ការផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម​ទាំងឡាយ​ណា​ដែល​មាន​គ្រោះថ្នាក់ ​ក្នុង​ការការពារ ​និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា ​ការរំលោភ​បំពាន​ការមិន​យកចិត្ត​ទុកដាក់ ​លើ​កុមារ ​និង​ការកេងប្រវ័ញ្ច​គ្រប់​ទម្រង់​លើ​មនុស្សជាតិ ​និង​ការ បែក​បាក់​គ្រួសារ​ដើម្បី​សម្រេច​បាន​នូវ​សង្គម​មួយ ​ដែល​មាន​លក្ខ ណៈ​បរិយាប័ន្ឋ​សម្រាប់​មនុស្ស​ជាតិ ​ពិសេស​ក្រុម​ជន​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត។

បើ​តាម​ លោក​វង សូត ​ការសិក្សា​របស់​សម្ព័ន្ធ​កម្លាំង​សេវា​សង្គម ​សកល ​(GSSWA) ​និង​អង្គ​ការយូនី​សេហ្វ​ស្ដីពី​កម្លាំង​សេវា​សង្គមកិច្ច​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា ​និង​តំបន់​ប៉ាស៊ីហ្វិក​បាន​រកឃើញ​ថា ​ទិន្នន័យ​សំខាន់ៗ ​ដែល​ទាក់​ទង​នឹង​កម្លាំង​សេវា​សង្គមកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១២ ​ចំនួន ​អ្នក​ផ្តល់​សេវា​សង្គម ​ដោយ​រាប់ទាំង​មន្ត្រី​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា ​មាន​ចំនួន​ប្រមាណ​ ១ ៥៥១ នាក់។ ក្នុង​ចំណោម​នោះ​ចំនួន​ប្រមាណ ​១​ ភាគ​ ៣​ ធ្វើការ​នៅ​ថ្នាក់​ជាតិ ​ហើយ​ ១ ​ភាគ ​៣ ​គឺជា​ស្ត្រី។

លោក​បន្ត​ថា​ ផ្អែក​លើ​ការសិក្សា​នា​ពេល​ថ្មីៗ​នេះ ​មាន​មុខតំណែង​ការងារ ​សង្គម​ចំនួន ​៣ ៧៦៤ ​នៅ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ដែល​ចំនួន​នេះ​បាន​ផ្តល់​នូវ​សមាមាត្រ​នៃ​បុគ្គលិក​សេវា​សង្គម​ចំនួន​៦៤,៤ នាក់ ​ក្នុង​ចំណោម​កុមារ​ចំនួន​ ១០០ ០០០ នាក់​។ ក្រៅពី​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​បាន​និង​កំពុង​បង្កើត ​ឬ​ស្វែង​រក​ឱ្យ​មាន​ការបង្កើត​សេវា​សង្គមកិច្ច​នៅក្នុង​សេវាកម្ម​របស់​ខ្លួន។ ឧទាហរណ៍ ​ក្រសួង​សុខា​ភិបាល​មាន​មុខ​តំណែង​ជា​បុគ្គលិក​សង្គម​ខាង​វេជ្ជ​សាស្ត្រ។

លោក​បញ្ជាក់ថា​៖ «កម្ពុជា​ត្រូវការ ​គឺ​កម្លាំង​សេវា​សង្គម ​ក្នុង​ការចូលរួម​ចំណែក​ដល់​ការផ្លាស់ប្តូរ​សង្គម ​និង​ការកសាង​សហ​គមន៍​ប្រកប​ដោយ​ផាសុខភាព ​ដោយ​ធ្វើការ​ជាមួយ​សហគមន៍ ​ដែល​ប្រជាជន​ត្រូវការ​ការគាំទ្រ​គ្រប់​ប្រភេទ​មិន​ថា​ ផ្លូវ​ចិត្ត​ សម្ភារ ​ការអប់រំ ​សង្គម​នយោបាយ ​និង​សេដ្ឋកិច្ច»។

លោក​ សំហេង បុរស ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ​បញ្ជាក់ថា​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ ​រៀប​ចំ​ឡើង​ដោយ​ក្រសួង​សង្គមកិច្ច ​មាន​ការសហការ​ជាមួយ​គណៈកម្មាធិការ​ជំនួយ​សង្គម ​និង​ដោយ​មាន​ការជួយ​គាំទ្រ​ពី​អង្គការ​យូនីសេហ្វ​ប្រចាំ​នៅ​កម្ពុជា ​អង្គការ​ភ្លែន​អន្តរជាតិ ​ប្រចាំ​នៅ​កម្ពុជា ​និង​អង្គការ ​Friend International។

លោក​ថ្លែង​ថា ​ការពិគ្រោះ​យោបល់​លើក​ទី៣​នេះ ​ជាកិច្ចប្រជុំ​ដ៏មាន​សារៈសំខាន់​បំផុត ​ព្រោះ​ជាពេល​វេលា​នៃ​ការចូលរួម​ ជា​មួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​ជាតួ​អង្គ​មាន​បទពិសោធ​ពេញលេញ​ក្នុង​ការរៀបចំ​គោល​នយោបាយ​របស់​វិស័យ។ ​នេះ​ជា​កាលា​នុវត្ត​ភាព​ក្នុង​ការប្រមូល​នូវ​ធាតុ​ចូល​បន្ថែម​លើ​ការងារ​ឆ្លង​វិស័យ ​និង​ស្របតាម​បទដ្ឋាន​គតិយុត្ត​នៃ​វិស័យ​នីមួយៗ។ ពិសេស​ ការឆ្លុះបញ្ចាំង​ពី​សកម្មភាព ​និង​ការរៀបចំ​ផែនការ​សកម្មភាព​គាំទ្រ​ដល់​យន្តការ ​នៃ​ការអនុវត្ត​ឱ្យ​មាន​ភាពប្រទាក់​ក្រឡា​គ្នា​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ ​ក្នុង​ទិសដៅ​រួមគ្នា​តែ១ ​គឺ​គ្មាន​អតិថិជន​ណា​ម្នាក់​រងគ្រោះ ​ហើយ​មិនត្រូវ​បាន​ដោះ​ស្រាយ​ និង​ឆ្លើយ​តប​នោះ​ឡើយ។

លោក​ថ្លែង​ថា​៖ «ក្រោយ​ពេល​កែសម្រួល​ខ្លឹមសារ​ស្របតាម​អនុសាសន៍​របស់​ថ្នាក់​ដឹកនាំ​ក្រសួង ​និង​តំណាង​អន្តរក្រសួង ​រួច​រាល់​ក្រុម​ការងារ​រៀបចំ ​នឹង​បន្ត​រៀបចំ​នូវ​គោលការណ៍​គោរព​ស្នើសុំ​ឯកឧត្តម​រដ្ឋមន្រ្តី ​ដើម្បី​គោរព​ស្នើសុំ​គោលការណ៍​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ក្នុង​ការដាក់​ឱ្យ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​នេះ»៕