ភ្នំពេញៈ កូន​ឈើ​ចម្រុះ​ប្រភេទ​ប្រណីត​ជាង ៩ ពាន់​ដើម ​កាលពី​ចុងសប្តាហ៍​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​ប្រាសាទ​អង្គរវត្ត ​និង​តាម​ស្ថាប័ន​រដ្ឋ ​ឯកជន ​នៅ​ខេត្ត​សៀមរាប។​ ចាប់​តាំងពី​ឆ្នាំ ២០០៤ មក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​ក្នុង​បរិវេណ​តំបន់​ប្រាសាទ​អង្គរវត្ត​បាន​ចំនួន​ជាង​ ២ លាន​ដើម​ រួម​នឹង​ការចែកជូន​ប្រជាពលរដ្ឋ​បាន​រាប់ម៉ឺន​ដើម​ផង។

លោក ​ឡុង កុសល ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី ១៦​ វិច្ឆិកា​ថា​ អាជ្ញាធរ​ជាតិ​អប្សរា​ កាលពី​ថ្ងៃ​ទី ១៣ ​វិច្ឆិកា ​បាន​បន្ត​ចែក​កូនឈើ​ប្រណីត​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ប្រាសាទ​អង្គរវត្ត​ចំនួន ​៩ ៣១០ ដើម។​ កូន​ឈើ​ទាំងនោះ​មាន​ដូចជា​ដើមឈើ​ទាល ​ដើម​គ្រញូង​ ដើម​គគីរ ​ដើម​នាងនួន​ ដើម​ធ្នង់ ​រួម​នឹង​កូនឈើ​ប្រណីត​ផ្សេងៗ​ទៀត។

លោក​បន្តថា​ ការចែក​កូនឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ​មិន​សំដៅ​តែ​ប្រជាពលរដ្ឋ​ទេ​ ប៉ុន្តែ​ក៏មាន​នៅតាម​បណ្តា​អង្គភាព​រដ្ឋ​ផ្សេងៗ​តាម​សាលា​រៀន។ ក្រៅពី​នេះ ​ក៏​មាន​ចែកជូន​ដល់​ក្រុមហ៊ុន​ឯកជន​ផង​ដែរ ​ដែល​គាត់​យកទៅ​ដាំ​នៅតាម​ទីតាំង​ណា​ដែល​មាន​អំណោយ​ផល​ដល់​ការលូត​លាស់​របស់​កូន​ឈើ។ ជាពិសេស​នោះ ​គឺ​អាជ្ញាធរ​ជាតិ​អប្សរា​ មាន​បំណង​អប់រំ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ ​និង​នៅ​ជុំវិញ​ប្រាសាទ​អង្គរ​វត្ត ​ឱ្យមាន​ស្មារតី​ចេះ​ស្រឡាញ់​ព្រៃឈើ ​និង​ចេះ​ដាំ​កូនឈើ​ដើម្បី​ជាការ​ចូលរួម​ចំណែក​ក្នុង​ការលើក​នូវ​គុណ​តម្លៃ​របស់រ​មណីយ​ដ្ឋា​ន​ប្រាសាទ​អង្គរ​វត្ត។

លោក​ថ្លែងថា​៖«យើង​ចង់ឱ្យ​ប្រជាពលរដ្ឋ​យើង ​ចូលរួម​លើក​កម្ពស់​គម្រប​ព្រៃឈើ​បរិស្ថាន។ យើង​ចង់ឱ្យ​គាត់​រួមចំណែក​នូវ​គុណ​តម្លៃ​លេចធ្លោ​របស់​ប្រាសាទ​អង្គរវត្ត ​គឺ​បរិស្ថាន​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​នេះ​ឯង»។

លោក​បន្ថែមថា​៖«យើង​លើក​ទឹកចិត្ត​ ឱ្យ​ពលរដ្ឋ​រស់នៅ​ជុំវិញ​រមណីយ​ដ្ឋាន​អង្គរវត្ត​ឱ្យ​ចូលរួម​ជាមួយ​យើង។ អ្វី​ដែល​សំខាន់​ គឺ​ការលើក​កម្ពស់​គម្រប​ព្រៃឈើ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​យើង»។

លោក​កុសល​បញ្ជាក់ថា ​ការងារ​ចែក​កូនឈើ​នេះ​ គឺ​អាជ្ញាធរ​អប្សរា​ចាប់ផ្តើម​តែ​នៅ​រដូវភ្លៀង​ធ្លាក់​ ហើយ​កម្ម​វិធីចែក​កូនឈើ​នេះ​គឺ​ខាង​អាជ្ញាធរ​អប្សរា​ បាន​ធ្វើជា​បន្តបន្ទាប់​ជាច្រើនលើក​មក​ហើយ។ ប៉ុន្តែ​លោក​មិនបាន​ចាំ​ថា ​កូនឈើ​ដែល​ចែកជូន​ពលរដ្ឋ​មាន​ចំនួន​សរុប​ប៉ុន្មាន​ដែរនោះ​ទេ។ ពេលនេះ​នៅតាម​តំបន់​ប្រាសាទ​អង្គរវត្ត​សម្បូរ​ទៅដោយ​ដើមឈើ​ ទាំង​ដើមឈើ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ និង​ទាំង​ដើមឈើ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ទើបតែ​ដាំ​ គឺមាន​វត្តមាន​ចម្រុះ​គ្នា។

បើ​តាម​លោក​ ឡុង កុសល ​ពាក់ព័ន្ធ​នឹង​ការចំណាយ​លើក​ការបណ្តុះ​កូនឈើ​វិញ ​គឺជា​ថវិកា​របស់​រាជ​រដ្ឋាភិបាល​ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​សួន​សម្រាប់​បណ្តុះ​កូនឈើ​ដោយ​ខ្លួន​ឯង។ ចំពោះ​សួន​បណ្តុះ​កូនឈើ​ អាជា្ញធរ​ជាតិ​អប្សរា​ប្រមែប្រមូល​នូវ​គ្រាប់ពូជ​ដោយ​ខ្លួនឯង​ខ្លះ ​និង​ទិញ​គ្រាប់ពូជ​ពី​តាម​ទីផ្សារ​ខ្លះ​ផង។ ពិសេស​ដូចជា​ប្រភេទ​ដើម​នាងនួន ​គឺ​ពិបាក​រក​គ្រាប់ពូជ​ណាស់។

លោក​កុសល​បន្ថែមថា ​អ្វី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​នេះ ​ដើម្បី​ផលប្រយោជន៍​រួម​របស់​ជាតិ​ ទោះជា​នៅ​គ្រប់​មជ្ឈដ្ឋាន​ណា​ក៏​ដោយ​សូម​យក​ប្រយោជន៍​ជាតិ​ជាធំ។ កន្លង​មក​មាន​ជន​ខិលខូច​មួយចំនួន​តូច​បាន​លួច​កាប់​ដើម​គ្រញូង​ក្នុង​តំបន់​ប្រាសាទ​អង្គរវត្ត​ ដែលមាន​ខ្លឹម​មិន​ដល់​ប៉ុន​ភ្លៅ​មនុស្ស​ចាស់​ផង។ បញ្ហា​នេះ​ហើយ​លោក​ស្នើឱ្យ​ប្រជាពលរដ្ឋ​មាន​ការគិតគូ​រឱ្យបាន​ត្រឹមត្រូវ​កុំ​បំផ្លាញ​ព្រៃឈើ​តទៅ​ទៀត៕