កំពង់ចាមៈ អាជ្ញាធរ​ខេត្ត​កំព​ង់ចាម​កំពុង​រៀបចំ​សាង​សង់​វិមាន​ឯករាជ្យ​ថ្មី​ ដើម្បី​ទុកជា​សម្បត្តិ​វប្បធម៌​ ទេស​ចរណ៍​ប្រវត្តិ​សាស្ត្រ លើក​កម្ពស់​សោ​ភណ​ភាព​ទីក្រុង និង​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសច​រ។ វិមា​នឯករាជ្យ​ថ្មី​នេះ ស្ថិត​នៅ​ក្នុងភូមិ​ទី៦ សង្កាត់​វាលវង់ ក្រុង​កំពង់​ចាម ខេត្ត​កំពង់​ចាម។​

លោក អ៊ុន ចាន់​ដា អភិ​បាលខេត្ត​កំពង់​ចាម ថ្លែង​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា​ថា ​អាជ្ញាធរខេត្ត​បាន​និង​កំពុង​រៀបចំ​សាង​សង់​វិមាន​ឯករាជ្យ ស្ថិត​នៅក្នុង ភូមិ​ទី៦ សង្កាត់​វាលវង់ ក្រុង​កំពង់​ចាម ដើម្បី​ទុកជា​សម្បត្ដិ​វប្បធម៌​ទេស​ចរណ៍ ប្រវ​ត្តិសាស្ត្រ ។ កម្រោង​សាង​សង់​សំណង់​ប្រវត្តិ​សាស្ត្រ​នេះ ធ្វើ​ឡើងបន្ទាប់ពី​លោក​អភិបាល​ខេត្ត​បាន​ដឹកនាំ​ក្រុម​កា​រងារចុះ​ពិនិត្យ​ទីតាំង​នា​ព្រឹក​ថ្ងៃទី​ ១៦​ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ​ ។

លោក អ៊ុន ចាន់​ដា បញ្ជាក់​ថា៖ «ការ​រៀបចំ​សាង​សង់​វិមាន​ឯករាជ្យ​នេះ ​អាជ្ញាធរ​ខេត្ត មាន​បំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេស​ចរណ៍ គឺ​សំដៅ​ទៅលើ​ទីក្រុង​ស្អាត ​និង​ប្រវត្តិ​សាស្ត្រ។ គោល​ដៅ​មួយទៀ​ត ដើម្បី​ទុកជា​កន្លែង​បូជា ​ជាពិសេ​ស នៅពេល​ដែល​អាជ្ញា​ធរ​រំឭក​ខួប​កំណើត នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដែលជា​ស្នាព្រះហស្តរបស់​ព្រះប​រម​រតន​កោដ្ឋ​ ព្រះបាទ ន​រោ​ត្ដម​ សីហនុ ដែល​ព្រះអង្គ​បាន​ដណ្ដើម​ឯករាជ្យ​ពី​អាណា​និគម​បារាំង​នៅ​ថ្ងៃទី ៩​ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ផង​ដែរ»​ ។

លោក ចាន់ ផល្លី អភិបាល​ក្រុង​កំពង់​ចាម​បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​អាជ្ញា​ធរ​សម្រេច​សាង​សង់​វិមាន​ឯករាជ្យ​នេះ គឺ​ស្ថិត​នៅ​ចំណុច​ផ្លូវ​កៅ​ស៊ូ​មាត់​ច្រក​ចូលទៅ​កាន់​សាលា​គរុកោសល្យ ​ខេត្ត​កំពង់ចាម។

លោក​ថា អភិបាល​ខេត្ត​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ ធ្វើការ​សាង​សង់​ពង្រីក​ផ្លូវ​ជាតិឲ្យបាន​ធំ​ទូលាយ​ចាប់ពី​ចំណុច​នាគ​ព័ន្ធ រហូតមក​ដល់​ចំណុច​ទន្លេ​អុំ ​ដើម្បីបង្កើន​សោភណ​ភាព នៃ​ចំណុច​វិមាន​ឯករាជ្យឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​ទេស​ចរណ៍ ប្រជា​ពលរដ្ឋ​មក​កម្សាន្ត​ផង​ដែរ​ ។

លោក​ស្រី ​សំ ផល្លា ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​កំពង់​ចាម ថ្លែង​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា​ថា នេះ​ជា​លើក​ទី១ ​ហើយ​សម្រាប់​ខេត្ត​កំពង់​ចាម​ក្នុងការ​រៀបចំ​ឲ្យ​មាន​ការ​សាង​សង់​វិមាន​ឯករាជ្យ។ លោក​ស្រី​ថា វិមាន​នេះ​នឹងត្រូវ​រៀបចំ​ឲ្យ​ស្អាត ដោយ​មាន​សួនច្បា​រ មាន​កន្លែង​អង្គុយ​លេង មាន​ភ្លើង​លម្អ​នៅ​ពេល​យប់ និង​មាន​កន្លែង​សម្រាប់​ប្រជា​ពលរដ្ឋ​អាច​ហាត់​ប្រាណ​បាន ។ជា​មួយ​គ្នា​នោះ​ក៏ត្រូវ​រៀបចំ​ឲ្យ​បាន​ស្អាត​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ​ ។

លោក​ស្រី​បញ្ជាក់​ថា ការ​សាងសង់​នេះ​គ្រោ​ងនឹងធ្វើ​ឲ្យ​ហើយ​មុន​ថ្ងៃទី ៩​ ខែ វិច្ឆិកា​ ឆ្នាំ ​២០២២ ​ដើម្បី​មន្ត្រី​រាជការ​ក្នុង​ខេត្ត​អាច​រៀបចំ​ពិធីបុណ្យ​ឯក​រាជ្យ​ជាតិ និង​អាច​រៀបចំ​ពិធី​ជួបជុំ​ផ្សេងៗ​ទៀត​បាន​នៅ​ទីនោះ​ជា​បន្ត​បន្ទាប់។​

លោក​ស្រី​ថ្លែងថា៖ «ទី១ យើ​ង​ធ្វើ​វិមាន​ឯករាជ្យ​ហើយ​សាង​សង់​រូប​សម្តេច​តា​នៅ​កន្លែង​ហ្នឹង​សម្រាប់​យើង​អាច​រៀបចំ​ពិធី​ជួបជុំ​ផ្សេងៗនៅ​ទី​ហ្នឹង​តែម្តង ​ទី២ ​យើង​ធ្វើ​ដើម្បី​លើក​កម្ពស់​សោ​ភណ​ភាព​ទីក្រុង​ផង និង​ទី៣ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ»​ ៕