ភ្នំពេញៈ ក្រុម​ការងារ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ​និង​បុរាណវិទ្យា​បង្ការ ​កំពុង​បង្ហើយ​ការងារ​ដែល​នៅ​សេស​សល់​ក្នុង​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ប្រាសាទ​អង្គរវត្ត ​ដែល​ផែនការ​នៃ​គម្រោង​នេះ ​នឹង​ត្រូវ​បញ្ចប់​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ ២០២១​ នេះ។

លោក​ អន សុភាព ​បុរាណវិទូ ​និងជា​ប្រធាន​ក្រុមការងារ​ជួសជុល​ស្ពានហាល​អង្គរវត្ត ​មាន​ប្រសាសន៍​ថា ​គិត​ត្រឹម​ពាក់​កណ្ដាល​ខែវិច្ឆិកា​នេះ ​គម្រោង​ជួសជុល​ស្ពានហាល​អង្គរ​វត្ត​សម្រេច​បាន​ជិត​ ១០០ ភាគរយ​ហើយ។

លោក​ថ្លែងថា​៖ «ការងារ​នៅ​ផ្នែក​ខាង​លើ​នៃ​កម្រាល​ស្ពាន​សម្រេច ​៩៩ ភាគរយ​ហើយ។ ចំណែក​នៅ​ផ្នែក​ខាងក្រោម​នៃ​ជញ្ជាំង​ថ្ម​បាយ​ក្រៀម ​សម្រេច​បាន​ប្រមាណ ​៨០ ភាគរយ ​ហើយ​អាច​នឹង​បញ្ចប់​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ ២០២១​ នេះ»។

លោក​បន្តថា ​បើទោះបី ​គម្រោង​ជួសជុល​ស្ពាន​ហាល ​នឹង​ត្រូវបញ្ចប់​ចុង​ឆ្នាំ​ក្តី ​ប៉ុន្តែ​ក្រុមការងារ ​នឹង​បន្ត​ជួស​ជុល​កំពង់​ទឹក​នៅ​ផ្នែក​ខាងជើង​បន្ត​ទៀត ​ដែល​គម្រោង​នេះ​អាចនឹង​ប្រើ​ពេល​ ១ ឆ្នាំ​ទៀត​ដើម្បី​ជួសជុល​រួច។

គម្រោង​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត​ប៉ែក​ខាងជើង​ដំណាក់កាល​ទី២​ មាន​ប្រវែង​សរុប ​៩៤ ម៉ែត្រ ​បាន​ចាប់ផ្តើម​ដំណើរ​ការ ​ពី​ឆ្នាំ ២០១៦​ មក ​ដែលជា​គម្រោង​កិច្ចសហ​ប្រតិបត្តិការ ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ​និង​សាកលវិទ្យាល័យ​សូហ្វីយ៉ា ​ប្រទេស​ជប៉ុន។

ដោយ​ឡែក ​ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរជាតិ​អប្សរា ​ក៏កំពុង​យកចិត្ត​ទុកដាក់​ជួស​ជុល​ខ្លោងទ្វារ​ខាង​លិច​ប្រាសាទ​បន្ទាយ​ក្តី ​ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ផង​ដែរ។

អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា​៖ «ការជួសជុល​ខ្លោងទ្វារ​ខាងលិច​ប្រាសាទ​បន្ទាយក្តី ​បានចាប់​ដំណើរការ ​ពី​ខែតុលា​ ឆ្នាំ ២០២១ ​មក​ ឃើញ​ថា ​ខ្លោងទ្វារ​មាន​ការខូចខាត​ខ្លាំង ​និង​រចនាសម្ព័ន្ធ​សំណង់​ដែល​មាន​ភាព​ស្មុគ​ស្មាញ»។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា ​រហូត​មកដល់​ពេលនេះ​ការងារ​សម្រេចបាន​ជាង ​៣០ ភាគរយ ​ហើយ​គ្រោង​បញ្ចប់​នា​ដំណាច់​ឆ្នាំ ២០២២​ ខាង​មុខ៕