ភ្នំពេញៈ​ តាម​ការ​សិក្សា​រវាង​ក្រសួង​បរិស្ថាន​និង​អង្គការ​សមា​គម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS បាន​រកឃើញថាសត្វ​ឈ្លូសដែល​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​នៅលើ​ពិភព​លោក​មាន​ការ​ធ្លាក់នៅ​ដែនជម្រក​សត្វព្រៃ​កែវ​សី​មាក្នុង​ខេត្ត​មណ្ឌល​គិរី​ ក្នុង​រយៈ​ពេល ១០​ ឆ្នាំ​កន្លង​មកនេះ​។

លោក នេត្រ ភក្ត្រា រដ្ឋ​លេខាធិ​ការ និង​ជា​អ្នកនាំ​ពាក្យ ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ១៦ ​ខែវិច្ឆិកា​ថា ស​ត្វ​ឈ្លូស (Red muntjac) ស្ថិត​ក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​នៅលើ​ពិភព​លោកនិង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅ​តាម​តំបន់​ជាក់លាក់​ដែល​វា​រស់នៅ។ សត្វ​ប្រភេទ​នេះ​មាន​នៅ​ប្រទេស​ឥណ្ឌា ​រហូត​ដល់​ប្រទេស​ចិន​ភាគខាង​ត្បូង តំបន់​អាស៊ី​អាគ្នេយ៍​រួម​នឹង​កម្ពុជា ព្រម​ទាំង​កោះ​ស៊ូ​ម៉ា​ត្រា កោះ​ចា​វា និង​កោះ​បាលី​។

លោក​បាន​ឲ្យ​ដឹង​ថា រហូតមក​ទល់នឹង​ពេលនេះ​មិនមា​ន​ទិន្នន័យ​ច្បាស់​លាស់​ថា​នៅលើ​ពិភព​លោក​មាន​សត្វ​ឈ្លូស​ប៉ុន្មាន​ក្បាល​ឡើយ​ទេ ប៉ុន្តែ​យោង​តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ ចំនួន​សត្វ​ឈ្លូស​មាន​និន្នាការ​ធ្លាក់​ចុះ។ នៅ​ប្រទេស​កម្ពុជា ​សត្វ​ឈ្លូស​សម្បូរ​ស្ទើរ​គ្រប់​ទី​កន្លែង តែ​មិនមាន​អាច​ប៉ាន់​ស្មាន​ដឹង​ចំនួន​ពិត​ប្រាកដ​ឡើយ។ ប៉ុន្តែ​យោង​ការ​សិក្សា​រវាង​ក្រសួង​បរិស្ថាននិង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា WCS លើ​របាយ​សត្វ​ព្រៃ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សី​មា​ខេ​ត្តមណ្ឌលគិរី​កាលពី​ឆ្នាំ២០២​០កន្លង​ទៅ បាន​រកឃើញ​ថា សត្វ​ឈ្លូស​មានការ​ថយចុះ ខណៈ​សត្វ​មួយ​ចំនួន​ផ្សេង​ទៀត ខ្លះ​កើន​ឡើង ខ្លះ​ថេរ​។

លោក​ នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា៖«ប្រភេទ​សត្វ​ដែល​មាន​ចំនួន​ធ្លាក់ចុះ​មាន​ដូច​ជា​ទន្សោង ខ្ទីង រមាំង ​ប្រើស​ជាដើម ក្នុង​នោះ​សត្វ​ឈ្លូស​ក៏ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​ធ្លាក់ចុះ​ក្នុង​រយពេល​១០​ឆ្នាំ​មកនេះ​ពោល​គឺ​នៅ​ឆ្នាំ​ ២០១០ ​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវ​សី​មា អ្នក​ជំនាញ​ប៉ាន់​ស្មាន​ថា​មាន​សត្វ​ឈ្លូស​ប្រមាណ ​៣ ៤២០ ​ក្បាល តែ​នៅ​ឆ្នាំ ២០២០ មាន​ប្រមាណ ​៧៣០​ ក្បាល​ប៉ុណ្ណោះ» ។

បើតាម​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន សត្វ​ប្រភេទ​នេះ​កំពុង​ប្រឈម​នឹងរង​គ្រោះថ្នាក់​ដោយសា​រតែ​ការ​បរបាញ់ ការ​បណ្តើរ​ឆ្កែ​ទាក់​ចាប់ ការដាក់​អន្ទាក់​ដើម្បី​យក​សាច់​ធ្វើជា​អាហារ​និង​គ្រោះថ្នាក់​ដោយ​សារតែ​ពពួក​សត្វ​ស៊ីសាច់​ជា​អាហារ។លោក​បញ្ជាក់ថា​ តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ ឈ្លូស​អាច​រស់នៅ​គ្រប់​ប្រភេទ​ព្រៃ។ វា​អាច​បន្លឺ​សំឡេង​ខ្លាំង​និង​ត​តប​គ្នា​រហូត​ដល់​រយៈពេល១ម៉ោង ប្រសិន​បើ​វា​ជួប​នូវ​គ្រោះ​អាសន្ន ហើយ​សំឡេង​នេះ​អាច​ឮ​រហូត​ដល់១​គីឡូ​ម៉ែត្រ​។

ចំណី​របស់​វា​មាន​ដូចជា​មែក​ឈើ​តូចៗ ពិសេស​ស្លឹក​រុក្ខជា​តិ ផ្លែឈើ​​ដែល​ធ្លាក់​និង​ដំណុះ​កូនឈើ។ នៅ​តំបន់​ខ្លះ វា​ធ្វើ​សកម្ម​ភាព និង​ចេញ​រក​ចំណី​នៅពេល​ថ្ងៃ ប៉ុន្តែ​វា​អាចធ្វើ​សកម្ម​ភាព​និង​រក​ចំណី​ពេញ​មួយ​យប់ ប្រ​សិនបើ​មានការ​រំខាន។ រដូវ​បន្ត​ពូជ​ប្រព្រឹត្ត​ទៅ​នៅ​ខែធ្នូ រហូត​ដល់​ខែមករា និង​ផ្តល់​កំណើត​កូន​១​ក្បាល ជួន​កាល​ភ្លោះ​ប៉ុន្តែ​កម្រ​មាន​ណាស់។​

ក្នុង​​ប្រភេទ​ជម្រុះ​ស្នែង សត្វ​ឈ្លូស​ជា​ប្រភេទ​សត្វ​ដែល​មាន​មាឌតូច និង​មាន​ស្នែង​ខ្លី​ប្រវែង​ពី១០ទៅ១៥សង់ទី​ម៉ែត្រ ​ព្រមទាំង​ប្រវែង​ខ្នែង​មិន​លើស​ពី៥​សង់ទី​ម៉ែត្រទេ។ ឈ្លូស​ញី​គ្មាន​ស្នែង​ដូច​ឈ្លូស​ឈ្មោល​ទេ គឺ​គ្រាន់តែ​លេច​ចេញ​ជា​ដុំ​ពក ឆ្អឹង​តូច​នៅ​ពីលើ​ក្បាល​ជា​មួយ​រោម​កញ្ចុំ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា៖«ឈ្លូស​ញី​និង​ឈ្មោល​មាន​ចង្កូម​ដូចគ្នា ប៉ុន្តែ​ឈ្មោល​មាន​លក្ខណៈ​វែង​ជាង ដែល​ជា​ទូទៅ​វា​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ជាមួយ​គូប្រជែង នៅពេល​ដណ្តើម​ញី​នៅ​រដូវ​បន្ត​ពូជ។ វា​មាន​រោម​ពណ៌​ត្នោត លឿង ហើយ​មាន​ភាព​ស្រគាំ​នៅ​ផ្នែក​ខាងលើ និង​ព្រលែត​នៅ​ផ្នែក​ខាងក្រោម។ នៅលើ​ផ្ទៃមុខ​បង្ហាញ​នូវ​ខ្សែ​ឆ្នូត​ពណ៌​ខ្មៅ​ស្ថិត​នៅជាប់​ចង្អូរ​ស្នែង​ទាំង២។ នៅ​ខាងលើ​កន្ទុយ​មាន​ពណ៌​ក្រហម និង​ខាង​ក្រោម​មាន​ពណ៌​ស» ។

លោក នេត្រ​ភក្ត្រា បញ្ជាក់​បន្ថែម​ថា ក្រសួងប​រិស្ថាន​បាននិង​កំពុង​សហ​ការ​ជាមួយ​អង្គការ​ដៃគូ និង​សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​បង្កើន​កិច្ចការ​អភិរក្ស​ក៏ដូច​ជា​ការ​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​និងជម្រើស​ផ្សេងៗ​ដល់​ប្រជា​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ការពារ​ធម្ម​ជាតិ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​គ្រប់គ្រង​ធនធាន​ធម្មជាតិ។ ក្រសួងប​រិស្ថាន​ក៏​សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​បញ្ឈប់​ការបរិភោគ​សាច់​សត្វ​ព្រៃដើម្បី​បញ្ឈប់​ការ​បរបាញ់​និង​ការដាក់​អន្ទាក់​និង​ងាក​មក​ចូលរួម​ការពារ​និង​អភិរក្ស​ជីវ​ចម្រុះ​ទាំងនេះ​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខ​ទៀត៕