ភ្នំពេញៈ អង្គការ​យូនីសេហ្វប្រចាំនៅកម្ពុជា​នៅថ្ងៃទី​ ១៦ វិច្ឆិកានេះ ​បាន​អបអរសាទរ​ទិវាកុមារ​ពិភពលោក ដោយ​បាន​បង្ហាញ​​ពី​យុវជន​វ័យ​ក្មេងឆ្នើម​ចំនួន ១៣ នាក់ ​ពោរពេញ​ដោយ​សមត្ថភាព ​និង​គំនិតដឹកនាំ ​ក្នុង​ការ​បង្កើត​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជ​មាន​​​នៅ​​ទូ​ទាំង​ប្រទេស​​កម្ពុជា​។

លោកស្រី Foroogh Foyouzat តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំនៅកម្ពុជា​ បានថ្លែងនៅក្នុង​ពិធី​អបអរសាទរទិវា​កុមារ​ពិភពលោកនេះ​ថា​ លោកស្រី​ពិតជាមាន​ការ​ស្ងើច​សរសើរ​ដល់​យុវជន​វ័យ​ក្មេង​របស់​កម្ពុជា ដែល​ពួកគេ​បាន​​បង្ហាញ​នូវ​សមត្ថភាព​ដ៏អស្ចារ្យ​អំពី​ដំណើរ​ការ​ផ្លាស់​ប្ដូររបស់​ប្រទេស​​កម្ពុជានាពេលអនាគត។

លោកស្រី​ថ្លែង​ថា​៖ «ពាក្យមួយដែលខ្ញុំ​ចង់​លើក​យកមក​បង្ហាញ គឺអ្វី​ដែលយើង​បាន​ឭ និង​បានឃើញ​តាមរយៈ​ការ​បង្ហាញ​របស់​​យុវជនទាំង១៣រូប​ គឺពិត​ជា​បាន​លើកទឹកចិត្ដ (Inspiring) យើង​ខ្លាំងណាស់​នៅក្នុង​ការ​ប្រារព្ធ​ទិវា​កុមារ​ពិភព​លោក​នា​ពេល​នេះ»។

លោក សំហេង បុរស រដ្ឋ​លេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែង​ក្នុងពិធីនេះដែរថា ថ្ងៃនេះ អង្គការ​យូនីសេហ្វបាន​ធ្វើ​កម្មវិធីអបអរសាទរ​ ទិវា​កុមារ​ពិភពលោក ឆ្នាំ​ ២០២១។ ​​តាមធម្មតា​កម្មវិធីនេះ គឺត្រូវធ្វើ​នៅ​ថ្ងៃទី ២២ ខែ​វិច្ឆិកា ប៉ុន្ដែ​ប្រទេស​កម្ពុជាបាន​ធ្វើ​កម្មវិធីនេះ​ចាប់តាំង​ពីថ្ងៃទី​ ១១ ខែ មិថុនា ឆ្នាំ​ ២០២១ ដូច្នេះ​កន្លងមក​គឺ​មាន​ការ​ចូលរួម​រួចហើយ​។ ប៉ុន្ដែ​ដោយឡែក​ថ្ងៃនេះ ​ដើម្បីអបអរសាទរ​ទិវា​ពិភពលោក​ទាំងមូល អង្គការ​យូនីសេហ្វ​ បាន​អបអរទិវានេះ​ នៅថ្ងៃទី ១៦ វិច្ឆិកានេះឡើង​​។

លោកបន្តថា​ ការ​រៀបចំ​អបអរ​សាទរ​របស់​អង្គការ​យូនីសេហ្វ​នាពេលនេះ គឺពិសេសណាស់​ ដោយ​អង្គការ​បាន​ជ្រើស​រើសយុវជន ១៣​នាក់​ក្នុង​ចំណោម​ ​ចំនួន​ ៣០០ នាក់ ដើម្បីបង្ហាញ​ពី​សក្តានុ​ពល​របស់​ពួក​គេ​ឱ្យ​ទៅជា​សកម្មភាព និង​សមិទ្ធ​​ផល​ជាក់​លាក់។​ យុវជន​ទាំង​ ១៣ នាក់ តាមរយៈ​ការ​បណ្ដុះ​បណ្ដាល​ពី​អង្គការ​យូនីសេហ្វ​ ពួកគេមាន​សមត្ថភាព​ក្នុង​ការ​​ជួយ​ដោះស្រាយ​បញ្ហា​​សង្គម​ដែល​ពួកគេយល់​ថា​មានសារៈសំខាន់​។

លោក​ថ្លែង​ថា​៖ «ក្នុងចំណោម​យុវជន​ទាំង ​១៣ នាក់នេះ យើង​ឃើញថា យុវជន​មួយចំនួន​បាន​ចាប់បាន​នូវ​បញ្ហា​ការ​ប្រែប្រួល​​អាកាសធាតុ បញ្ហា​សុខភាព​ផ្លូវចិត្ដ ការ​ពង្រឹង​សិទ្ធិនារី និង​ការ​ចូលរួម​របស់​នារី​​នៅក្នុង​សង្គម រួម​នឹង​ការ​បង្កើត​គំនិតច្នៃប្រឌិត​ថ្មីៗ​​ជាច្រើនទៀត​ទាក់ទង​នឹង​ទំនើប​កម្ម​​បច្ចេកវិទ្យា»។

លោក​បន្តថា​៖«ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​មែនទែន ដែល​បានឃើញយុវជន​មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ជាប្រជាពលរដ្ឋ។ កន្លងមក​មាន​ប្រជា​ពល​រដ្ឋ​យើង​ជាច្រើន​ពួកគាត់​រង់ចាំ​តែដំណោះស្រាយ​ពីរាជរដ្ឋា​ភិបាល ប៉ុន្ដែ​យុវជន​ទាំងនេះ​គឺគាត់​មិន​បាន​គិត​បែបនេះទេ​ គឺពួក​គាត់​​បាន​ហក់ចូល​ទៅដល់​ផ្នត់​ជីវិត​ថ្មីនៅក្នុង​សង្គម​ដែល​កម្ពុជា​យើង​ត្រូវ​ការ គឺទាំងអស់គ្នា​ត្រូវ​ចូលរួម​ដឹកនាំ​ដោះស្រាយ​បញ្ហាសង្គម​​»។

បើតាម​លោក សំហេង បុរស យុវជន​ទាំងនេះ​បាន​​ឃើញ​បញ្ហា​ ពួកគាត់​ចាប់ផ្ដើម​បំផុស​ចលនា​នៅតាម​ហ្វេសប៊ុក ដូចជា ​បញ្ហា​សំរាម ដោយ​បាន​បំផុស​ចលនា​​នាំគ្នា​រើស​សំរាម។ បញ្ហា​លើ​យុវនារី​ដែល​​មិនទាន់​មាន​សមត្ថភាព​ក្នុង​ការ​​​ចូ​លរួមចលនា​​ដឹក​នាំនៅ​ក្នុង​​សង្គម​ ពួកគាត់​បានបង្ហាត់​បង្រៀន​ដល់​​នារីទាំងនោះ​ឱ្យចូលរួមក្នុង​ចលនាដឹក​នាំ​សង្គម​ជាដើម​។

លោកថ្លែង​​​ តាមរយៈកម្មវិធីនេះ​បាន​ចូលរួមផ្ដល់​ធាតុ​ចូល​សំខាន់​ ក្នុង​ការ​បង្ហាញថា យុវជន​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មាន​សមត្ថ​ភាពគ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ដោះស្រាយ​បញ្ហានៅ​ក្នុង​សង្គម​បាន​។

លោកបញ្ជាក់ថា​៖​ «អ្វីដែលសំខាន់​តើយើ​ង​ទាំង​អស់គ្នា​ជួយ​ពួកគាត់​របៀបម៉េច។ ​កន្លងមក​វាមាន​បញ្ហា​មួយ​ដែល​យើង​គិត​ថា យុវជន​ក្មេង​ៗ​នៅមិន​ទាន់​មាន​សមត្ថ​ភាព ប៉ុន្ដែ​​ចំពោះខ្ញុំ​មតិនេះ​គឺខុសហើយ ខ្ញុំ​ជឿជាក់ទាំងស្រុងថា​យុវជន​យើង​មកដល់ពេលនេះ គឺមាន​សមត្ថ​ភាព​​គ្រប់គ្រាន់ក្នុងការ​យល់​ដឹង​​ និង​ការ​ស្រាវជ្រាវ​បាន​រហ័សលើ​របក​កំហើញ​ថ្មីៗ​​នៅទូទាំង​ពិភពលោក​»។

យុវតីម្នាក់​ក្នុងចំណោម​យុវជន​ទាំង​ ១៣ នាក់ ឈ្មោះ​ ម៉ាន់ អ៊ីរ៉ាហ្វាស៊ីរ៉ា ​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះថា ​ «Ladies Circles»​​ ក្នុង​គោល​បំណង​​ការ​ផ្លា​ស់​ប្ដូរ​បញ្ហា​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា។ យុវតីរូបនេះ​បាន​ឱ្យដឹង​ថា តាមរយៈ​ គឺផ្ដោត​សំខាន់​លើការ​ជួយ​បញ្ហា​បរិស្ថាន ដោយ​ប្រមូល​យក​សំរាម​ប្លាស្ទិកទៅកែច្នៃជារបស់​របរ​ប្រើ​ប្រាស់​ផ្សេងៗ​។

យុវតីរូបនេះ​បន្តថា​៖ «ខ្ញុំចង់ធ្វើជាចំណែកដ៏ធំមួយក្នុងការលុបបំបាត់ប្លាស្ទិក ដោយ​ធ្វើ​ការ​កែ​ច្នៃវា​ឡើង​វិញ​ទៅ​ជារបស់​មាន​តម្លៃ និងមានប្រយោជន៍ ដែលអាចជួយរកប្រាក់ចំណូលបាន។ ខ្ញុំក៏​សង្ឃឹមថា​នឹង​ឃើញ​ប្រទេសកម្ពុជា​មាន​បរិស្ថាន​ល្អប្រសើរ មានសំរាមប្លាស្ទិកតិចជាងមុន និងឃើញស្នាមញញឹមរបស់ស្ត្រីក្នុងសហគមន៍»៕