The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ ១០​ សាទរ​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការមិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី ​និង​មិន​សាង​សង់​ទំនប់​វារី​អគ្គិសនី

អង្គការ ១០​ សាទរ​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការមិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី ​និង​មិន​សាង​សង់​ទំនប់​វារី​អគ្គិសនី

Content image - Phnom Penh Post
ទំនប់សេសាន ២ ក្នុងអំឡុងពេលបើកសម្ពោធ កាលពីឆ្នាំ ២០១៧ នៅខេត្តស្ទឹងត្រែង។ ហុង មិនា

អង្គការ ១០​ សាទរ​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការមិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី ​និង​មិន​សាង​សង់​ទំនប់​វារី​អគ្គិសនី

ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១០ ​អបអរ​សាទរ​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​លោក​ សាយ សំអាល់ ​ដែលលើក​ឡើង​ថា​ កម្ពុជា​បានប្តេជ្ញា​ចិត្ត​ក្នុង​ការមិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី ​និង​មិន​សាងសង់​ទំនប់​វារីអគ្គិសនី​ នៅតាម​ដង​ទន្លេ​មេគង្គ។

ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី២៦ ​នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ ស្តីពី​ការប្រែ​ប្រួល​អាកាសធាតុ​ (COP26)​ នៅ​ទីក្រុង​ក្លាហ្កូ ​ចក្រភព​អង់គ្លេស​កាលពី​ព្រឹក​ថ្ងៃទី ១០ ​ខែវិច្ឆិកា ​លោក​សាយ សំអាល់ ​ថ្លែងថា ​ក្នុងនាម​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច ​កម្ពុជា​បានបង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ​ដោយ​បាន​ដាក់​ឱ្យ​ដំណើរការ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ​ដែល​មាន​ទំហំ​ជាង​៤០០មេហ្កាវ៉ាត់ ​ដែល​តំណាងឱ្យ ​១៥ ភាគរយ ​នៃ​ប្រភព​ថាមពល​របស់​កម្ពុជា។

លោក​ដ្ឋមន្ត្រី​បរិស្ថាន​ បានបង្ហាញ​ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ​ក្នុង​ការមិនបង្កើត​រោងចក្រ​ថាមពល ​ដើរ​ដោយ​ធ្យូងថ្ម​ថ្មី ​និង​មិន​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅតាម​ដង​ទន្លេ​មេគង្គ។ លើស​ពីនេះ​ លោក​ក៏បាន​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការកាត់​បន្ថយ​ការបាត់បង់​ព្រៃឈើ​ត្រឹម​ពាក់​កណ្តាល​ត្រឹម​ឆ្នាំ២០៣០ ​និង​មិនមាន​ការបញ្ចេញ​ឧស្ម័ន​ពី​ព្រៃឈើ​ត្រឹម​ឆ្នាំ២០៤០។

អង្គការ​ទាំង១០​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍ ​កាលពី​ថ្ងៃទី ១៥​ វិច្ឆិកាថា ​ការអះអាង​ជាថ្មី​របស់​រដ្ឋាភិបាល​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការមិន​សាងសង់​ទំនប់​វារីអគ្គិសនី​ណាមួយ​នៅលើ​ដង​ទន្លេមេគង្គ ​គឺជា​សញ្ញា​វិជ្ជមាន ​ដែល​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការដោះ​ស្រាយ​ការព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ការប្រែប្រួល​អវិជ្ជមាន​នៃ​ទន្លេ​មេគង្គ​នាពេល​បច្ចុប្បន្ន​ និង​និរន្តរភាព​ប្រព័ន្ធ​អេកូឡូស៊ី។

អង្គការ​ទាំង ១០​ រួមមាន ​សមាគម​ថែរក្សា​បរិស្ថាន​និង​វប្បធម៌ ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ​អង្គការ​អភិវឌ្ឍន៍​ជនបទ​ភូមិភាគ​ឦសាន ​អ្នកអភិវឌ្ឍន៍​សហគមន៍ ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្ម​វិហារធម៌ ​អង្គការ​ភូមិខ្ញុំ ​អង្គការ​ OXFAM ​សំលេង​ស្ត្រី​សហគមន៍ ​និង​អង្គការ​បណ្តាញ​ការពារ​ទន្លេ​សេសាន​ស្រែពក​ សេកុង។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់ថា ​ការព្រួយ​បារម្ភ​កាន់តែ​ខ្លាំងឡើង​នេះ​បើ​យោងតាម​ការសិក្សា​របស់​ក្រុម​ប្រឹក្សា​គណៈកម្ម​ការទន្លេ​មេគង្គ ​ដែល​បាន​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ២០១៧ ​បានបង្ហាញ​ថា​ប្រសិនបើ​ទំនប់​វារីអគ្គិសនី​ទាំង​អស់​នៅលើ​ដង​ទន្លេ​មេ ​និង​ដៃ​ទន្លេ ​របស់​វា​នៅ​អាង​ទន្លេ​មេគង្គ ​ដែលត្រូវ​បានរៀប​ចំ​ផែនការ​សាង​សង់​នៅ​ត្រឹម​ឆ្នាំ២០៤០ ​នឹង​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សេដ្ឋកិច្ច​និង​សន្តិសុខ​ស្បៀង​ក្នុង​តំបន់។

រំហូរ​ទាប​ក្នុង​រដូវ​ខ្យល់​មូសុង​ក្នុង​ឆ្នាំ ២០១៩​-២០២០ ​ធ្វើឱ្យ​កម្ពស់​ទឹក​ក្នុង​ទន្លេ​មេគង្គ​ត្រូវបាន​កត់ត្រា​ថា​មាន​កម្ពស់​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​ប៉ះពាល់​ដល់​ប្រជាជន​រាប់លាន​នាក់ ​ដែលបាន​ពឹងផ្អែក​លើ​ធនធាន​ពី​ទន្លេ​ សម្រាប់​មនុស្ស​ជាច្រើន​ជំនាន់។

សេចក្តី​ថ្លែងការណ៍​ដដែល​បញ្ជាក់ថា​៖ «ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល ​ពិតជា​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នៃ​ទន្លេ​មេគង្គ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ យើង​ក៏​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការស្វែង​រក​ជម្រើស​ថាមពល​ជំនួស ​ដោយ​ការបង្កើន​សមាមាត្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ទៅ​ក្នុង​ល្បាយ​ថាមពល​ របស់​ប្រទេស​កម្ពុជា ​និង​ការប្តេជ្ញា​ចិត្ត​មិន​សាងសង់​រោងចក្រ​ថាមពល​ធ្យូង​ថ្ម​ថ្មី​ណាមួយ​ឡើយ»។

សេចក្តី​ថ្លែងការណ៍​បន្តថា​៖«យើង​ជាអង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ​សូម​គាំទ្រ​ចំពោះ​ការប្តេជ្ញាចិត្ត​ ដ៏​រឹងមាំ​[របស់]​រដ្ឋាភិបាល​កម្ពុជា ​ហើយ​យើង​សូម​សម្តែង​ការកោត​សរសើរ​ជាខ្លាំង ​ប្រសិនបើ​រដ្ឋាភិបាល ​ជាពិសេស​ក្រសួង​ពាក់ព័ន្ធ​សំខាន់ៗ​ធ្វើឱ្យ​ការ​ប្តេជ្ញា​ចិត្ត​នេះ​ទៅ​ជាការអភិវឌ្ឍ​ ឬ​គោល​នយោបាយ​របស់​ខ្លួន​ហើយ​ប្រកាន់​ខ្ជាប់​នូវ​ការអនុវត្ត​ចំពោះ​ការប្តេជ្ញា​ចិត្ត​នេះ»។

លោក​តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ​(NGO Forum) ​ដែល​ស្ថិត​ក្នុង​ចំណោម​អង្គការ​ទាំង​១០នេះ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បាន​ទេ ​នា​ថ្ងៃ​ទី១៦ ​ខែវិច្ឆិកា។

លោក​សាយ សំអាល់ ​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា ​ហិរញ្ញវត្ថុ​អាកាស​ធាតុ​អន្តរជាតិ​នៅតែ​មិនទាន់​គ្រប់គ្រាន់​តាម​តម្រូវ​ការ​នៅ​ឡើយ​ ជាពិសេស​សម្រាប់​ផ្នែក​ការបន្ស៊ាំ​ ដែល​នៅតែ​មាន​ការលំបាក​ក្នុង​ការទទួល​បាន​សម្រាប់​ប្រទេស ​ដែល​ងាយ​រង​គ្រោះ​បំផុត​ដោយ​សារ​អាកាស​ធាតុ។

លោក​ថ្លែងថា​៖«ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់ ​បង្កើន​ការរួមចំណែក​របស់​គេ ​ចំពោះ​យន្តការ​ហិរញ្ញវត្ថុ​ក្រោម​អនុសញ្ញា ​ហើយ​ជួយ​សម្រួល​បន្ថែម​ទៀត​ក្នុង​ការទទួល​បាន​មូលនិធិ​ទាំងនេះ​ដោយ​ផ្ទាល់»។

កម្ពុជា​បានដាក់​ជូន​នូវ​របាយការណ៍​បច្ចុប្បន្នភាព​នៃ​ការចូល​រួម​ចំណែក​របស់​ជាតិ​ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជា​ជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ​របស់​កម្ពុជា ​Updated NDC ​ជាមួយ​នឹង​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​៤២​ភាគ​រយ​ត្រឹម​ឆ្នំា២០៣០៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍