ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ណែនាំ​ពី​នីតិវិធី​សម្រាប់​កម្មសិក្សាការី ពលករ​ជំនាញ​កម្ពុជា​ដែល​គ្រោង​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ឱ្យ​គោរព​តាម​វិធានការ​ព្រំដែន​ថ្មី​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន បន្ទាប់ពី​ប្រទេស​នេះ​ប្រកាស​ទទួល​ពលករ ខណៈ​ការបញ្ចូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង មាន​ចំនួន​តិចជាង​មុន​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃទី ១៥ វិច្ឆិកា បាន​ឱ្យ​ដឹងថា រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ជនបរទេស​រួមទាំង​កម្មសិក្សាការី​ពលករ​ជំនាញ​កម្ពុជា​ចូល​ប្រទេស​ជប៉ុន​ឡើងវិញ​ចាប់ពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឆ្នាំ​ ២០២១ តទៅ​។

ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ឱ្យបាន​ត្រឹមត្រូវ ក្នុងការ​បញ្ចូន​កម្មសិក្សាការី ពលករ​ជំនាញ​កម្ពុជា​ទៅ​បំពេញ​ការងារ​ប្រទេស​ជប៉ុន ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់ និង​កម្មសិក្សាការី​ពលករ​ជំនាញ​គ្រប់រូប ត្រូវគោរព​តាម​វិធានការ​ព្រំដែន​ថ្មី​របស់​រដ្ឋាភិបាល​។

សេចក្តី​ជូនដំណឹង​បាន​ណែនាំ​ថា ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ទទួល ឬ​សមាគម​នៅ​ប្រទេស​ជប៉ុន ដើម្បី​ស្នើសុំ​លិខិត​អនុញ្ញាត​សម្រាប់​កម្មសិក្សាការី​ពលករ​ជំនាញ​ចូល​ប្រទេស​ជប៉ុន ដែល​ចេញ​ដោយ​ក្រសួង ឬ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ប្រទេស​ជប៉ុន​។

បន្ថែម​ពីនេះ គ្រប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់​គឺ​ត្រូវ​ភ្ជាប់​បន្ថែម​នូវ​លិខិតអនុញ្ញាត​សម្រាប់​កម្មសិក្សាការី​ពលករ​ជំនាញ​ចូល​ប្រទេស​ជប៉ុន នៅពេល​ស្នើសុំ​ទិដ្ឋាការ​ជូន​កម្មសិក្សាការី​ពលករ​ជំនាញ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

សេចក្តី​ជូនដំណឹង​បាន​ណែនាំ​ដល់​កម្មសិក្សាការី​ពលករ​ជំនាញ​ផ្ទាល់ គឺ​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​លទ្ធផល​តេស្ត​កូវីដ​ ១៩ អវិជ្ជមាន​ក្នុង​រយៈពេល ៧២ ​ម៉ោង មុនពេល​ចាកចេញ​ទៅ​ប្រទេស​ជប៉ុន ហើយ​ក្នុង​នោះ​គ្រប់​កម្មសិក្សាការី​ពលករ​ជំនាញ គឺ​ត្រូវបំពេញ​កិច្ចសន្យា​អនុវត្ត​វិធានការ​ចត្តាឡីស័ក ដែល​តម្រូវ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន មុនពេល​ចាកចេញ​ទៅ​ប្រទេស​ជប៉ុន​ផងដែរ​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖ «​កម្មសិក្សាការី​ពលករ​ជំនាញ​ត្រូវ​ទាញយក និង​ចុះឈ្មោះ​ក្នុង​កម្មវិធី Covid 19 Contact-Confirming Application ក្នុង​ទូរស័ព្ទដៃ មុនពេល​ចាកចេញ​ទៅ​ប្រទេស​ជប៉ុន​។ ផ្តល់​កិច្ចសន្យា​អនុវត្ត​វិធានការ​ចត្តាឡីស័ក​ជូន​ការិយាល័យ​ទទួល​បន្ទុក​អនុវត្ត​ចត្តាឡីស័ក​នៅ​អាកាសយានដ្ឋាន​ប្រទេស​ជប៉ុន និង​អនុវត្ត​ការធ្វើ​ចត្តាឡីស័ក ស្រប​ទៅតាម​វិធានការ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន នៅពេល​ទៅដល់​ប្រទេស​ជប៉ុន​»​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​សង្កត់ធ្ងន់​ក្នុង​សេចក្តីជូនដំណឹង​ថា​៖ «​ក្នុងករណី​ដែល​កម្មសិក្សាការី​ពលករ​ជំនាញ មិន​អនុវត្តតាម​គោលការណ៍​ណែនាំ​នៅ​ប្រទេស​ជប៉ុន អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ជប៉ុន​នឹង​ចាត់វិធានការ​តាម​​ផ្លូវច្បាប់​។ សូម​សាធារណជន ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន និង​កម្មសិក្សាការី​ពលករ​ជំនាញ ដែល​ត្រៀម​ចេញទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ទាំងអស់​ជ្រាប​ និង​សហការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​»​។

លោក យូ ជីតារ៉ា ជំនួយការ​ប្រធាន​នៃ​សមាគម​ទីភ្នាក់ងារ​ហត្ថពលកម្ម​កម្ពុជា បាន​សម្តែង​ការត្រេកអរ ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​បើក​ទទួល​ពលរដ្ឋ​វិញ​។

ការប្រកាស​ជាថ្មី​នេះ គឺជា​ក្តីសង្ឃឹម​មួយ​សម្រាប់​ពលករ​ខ្មែរ ដែល​បាន​ចំណាយ​ថវិកា និង​កម្លាំងកាយ​ចិត្ត​ក្នុង​ការបំពេញ​លក្ខខណ្ឌ​នានា ដើម្បី​បាន​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​នេះ បន្ទាប់ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​បាន​បិទ​ប្រទេស​អស់​ជាច្រើន​ខែ ដោយសារ​តែ​ស្ថានភាព​កូវីដ ​១៩​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ដែលមាន​ការបើក​ទីផ្សារ​ជប៉ុន​ឡើងវិញ សម្រាប់​ចំនួន​សិក្ខាកាម​យើង​ចង់ទៅ​ធ្វើការ​នឹង​មាន​ចំនួន​ច្រើន ព្រោះ​បច្ចុប្បន្ន​ទីផ្សារការងារ​ប្រទេស​ជប៉ុន កំពុងតែ​ត្រូវការ​ច្រើន​ខ្លាំង​មែនទែន​ទាក់ទង​ជាមួយ​ប្រទេស​ដៃគូ​ដែល​គាត់​ទទួល​។ សម្រាប់​ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ​ហ្នឹង​ពួកគាត់​ក៏​កំពុងតែ​សម្លឹងមើល​នៅតាម​សាលា​បណ្តុះបណ្តាល​នូវ​ចំនួន​សិក្ខាកាម​ឱ្យ​គ្រប់​កូតា​របស់​ខ្លួន​ក្នុង​ការបញ្ជូន​ទៅ​ប្រទេស​នេះ​ផងដែរ​»​។

ជាមួយ​នឹង​ការសាទរ​នេះ លោក យូ ជីតារ៉ា ណែ​នាំឱ្យ​ពលរដ្ឋ​ខ្មែរ​ដែលមាន​បំណង​ចង់ទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ជប៉ុន ត្រូវ​ធ្វើការ​សម្រេចចិត្ត​ឱ្យ​ច្បាស់លាស់ ជាពិសេស​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​នូវ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន លក្ខខណ្ឌ​ការងារ ដើម្បី​ចៀសវាង​មាន​ផលវិបាក​ទៅ​ថ្ងៃមុខ ព្រោះ​ការសិក្សា​គឺមាន​រយៈពេល​ពី ៣ ទៅ​ ៦ ​ខែ ហើយ​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​ក្នុង​ការត្រៀម ខណៈ​ការជ្រើសរើស​មិន​ប្រាកដថា​អាច​ជាប់ ១០០ ភាគរយ​នោះទេ​។

ជាមួយ​នឹង​ការប្រកាស​បើកទទួល​ពលករ​របស់​ប្រទេស​ជប៉ុន​នេះ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ វិច្ឆិកា​ថា សម្រាប់​ការបញ្ចូន​ពលករ​ខ្មែរ​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង គឺ​នៅ​ដំណើរការ​ជាធម្មតា​។ ប៉ុន្តែ​លោក​ថា ដោយសារ​តែ​បញ្ហា​វិបត្តិ​កូវីដ​ ១៩ ក្នុងពេល​ចុងក្រោយ​នេះ​គឺ​ការជ្រើសរើស​ពលករ​ខ្មែរ​ទៅ​ប្រទេស​នេះ គឺមាន​ចំនួន​តិចជាង​មុន​។

តាម​ក្រសួង​ការងារ​ក្នុង ១ ឆ្នាំៗ ពលករ​កម្ពុជា​ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មាន​ប្រមាណ ៦ ០០០ នាក់ ខណៈ​រយៈពេល​ជាង​ ១០ ឆ្នាំ​កន្លងមកនេះ ប្រព័ន្ធ EPS បាន​បញ្ជូន​ពលករ​កម្ពុជា​ជិត ៧ ម៉ឺន​នាក់​ទៅ​បំពេញការងារ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​៕