The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​សន្យា​បន្ត​ផ្ដល់​វ៉ាក់សាំង​ក៏​ដូច​ជំនួយ​ផ្នែក​សុខាភិបាល​ និង​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ដល់​កម្ពុជា

ចិន​សន្យា​បន្ត​ផ្ដល់​វ៉ាក់សាំង​ក៏​ដូច​ជំនួយ​ផ្នែក​សុខាភិបាល​ និង​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ដល់​កម្ពុជា

Content image - Phnom Penh Post
កិច្ចប្រជុំ​តាម​អនឡាញ​រវាង លោក​ លី កេឈាង និង​លោក​ ហ៊ុន សែន ពីថ្ងៃ​ទី​ ១៥ វិច្ឆិកា​។ រូបថត SPM

ចិន​សន្យា​បន្ត​ផ្ដល់​វ៉ាក់សាំង​ក៏​ដូច​ជំនួយ​ផ្នែក​សុខាភិបាល​ និង​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ដល់​កម្ពុជា

ភ្នំពេញៈ នាយករដ្ឋមន្ត្រី​ចិន​លោក លី កេឈាង​ (Li Keqiang) ​ប្រកាសថា ចិន​សន្យា​បន្ត​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ក៏ដូចជា​ជំនួយ​ផ្នែក​សុខាភិបាល​ និង​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ដល់​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ជួយ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា ហើយនឹង​ផ្ដល់​អាហារូបករណ៍​ដល់​កម្ពុជា​សម្រាប់​ឆ្នាំ​សិក្សា​ ២០២២-២០២៣ ​ចំនួន​ ៥៥០ ​កន្លែង​ផងដែរ ខណៈ​ការបើក​ឱ្យ​និស្សិត​កម្ពុជា​ត្រឡប់​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​វិញ​កំពុងស្ថិត​ក្នុង​ការពិចារណា​។

ការប្រកាស​សន្យា​បែបនេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​រូបលោក និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​។

លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃ​​ទី​ ១៥ ខែវិច្ឆិកា​ថា​៖ «​ភាគី​ចិន​នឹង​បន្ត​​ជួយ​ដល់​កម្ពុជា​យើង​ផ្ដល់​ជូន​កម្ពុជា​នូវ​វ៉ាក់សាំង​ ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ហើយ​នៅពេល​ឆាប់ៗ​​នេះ​ប្រទេស​ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​ដល់​កម្ពុជា ក៏ដូចជា​ផ្ដល់​​នូវ​ជំនួយ​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល និង​ពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ដល់​កម្ពុជា​ផងដែរ​»​។

លោក​សរសេរថា ចិន​នឹង​ផ្ដល់​អាហារូបករណ៍​ដល់​កម្ពុជា​សម្រាប់​ឆ្នាំ​សិក្សា​២០២២-២០២៣ ចំនួន​ ៥៥០ ​កន្លែង សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ហើយ​ចិន​ក៏​កំពុងតែ​ពិនិត្យ​ពិចារណា​ផងដែរ ក្នុង​ការបើក​ឱ្យ​និស្សិត​កម្ពុជា​បាន​ត្រឡប់​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​វិញ​នាពេល​ឆាប់ៗ​នេះ​។

លោក ហ៊ុន សែន ក៏បាន​អបអរសាទរ​ការប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១០០ ពី​ការបង្កើត​បក្ស​កុម្មុយនីស្ត​ចិន កាលពី​ខែ​​កក្កដា ឆ្នាំ​ ២០២១ ​ផងដែរ ហើយ​​បាន​កោតសរសើរ​រដ្ឋាភិបាល​ និង​ប្រជាជន​ចិន​ចំពោះ​ការលុបបំបាត់​បាន​ទាំងស្រុង​នូវ​ភាពទីទ័លក្រ​ក្នុង​ប្រទេស​ចិន​ និង​បាន​អបអរសាទរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​ចិន​ ៩,៨ ​ភាគរយ​សម្រាប់​រយៈពេល​ ៩ ​ខែ​នៃ​ឆ្នាំ​ ២០២១​។

លោក​ជឿជាក់​ថា ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនភីង និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ចិន ប្រទេស​ចិន​នឹង​បន្ត​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ឡើង​ថែមទៀត​។

ជាមួយ​គ្នា​នេះ លោក​ ហ៊ុន សែន និង​លោក​ លី កេឈាង បាន​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ កិច្ចសហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ​។ ក្នុង​នោះ​ក្របខ័ណ្ឌ​ទ្វេភាគី​ទាំង​ ២ ​បាន​ជជែក​គ្នា​ពី​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម បញ្ហា​កសិកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។

បើតាម​ហ្វេសប៊ុក​ដដែល លោក​ លី កេឈាង ប្រាប់​លោក​ ហ៊ុន សែន ថា ចិន​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប​ដែល​​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៥-២៦ ​ខែវិច្ឆិកា ដែល​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ ហើយ​ចិន​សន្យា​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ក្នុងពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរវេន​នៅ​ឆ្នាំ​ក្រោយនេះ​។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​ពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា​ថា ចិន និង​កម្ពុជា​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​លើ​គ្រប់​វិស័យ​ដោយ​រួមបញ្ចូល​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​។

ទូរទស្សន៍ CCTV របស់​ចិន កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា​បាន​ដកស្រង់​សម្ដី​លោក​ លី កេឈាង ក្នុង​ជំនួប​នេះ​ថា ចិន និង​កម្ពុជា​ដែលជា​មិត្ត​ជិតខាង​ដ៏ជិតស្និទ្ធ​ស៊ីជម្រៅ​បាននិង​កំពុង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើ​វិស័យ​នានា​។

លោក​ត្រូវបាន​ដកស្រង់​សម្ដី​ថា ប្រទេស​ចិន​យកចិត្ត​ទុកដាក់​​ខ្លាំង​លើ​ការពង្រឹង​ទំនាក់ទំនង​​ជាមួយ​កម្ពុជា ហើយ​នឹង​បន្ត​ជួយ​កម្ពុជា​ក្នុង​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​បរិបទ​របស់ខ្លួន​។

CCTV ស្រង់​សម្ដី​លោក លី ថា​៖ «​ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការផ្តល់​ការគាំទ្រ និង​ជំនួយ​ដល់​កម្ពុជា​ក្នុង​ការទប់ទល់​នឹង​ជំងឺ​កូវីដ​ ១៩ ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​»​។

CCTV ក៏បាន​ដកស្រង់​សម្ដី​​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​ថា លោក​ ហ៊ុន សែន បាន​អរគុណ​ប្រទេស​ចិន​សម្រាប់​ការគាំទ្រ និង​ជំនួយ​ដ៏រឹងមាំ​របស់​ចិន​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ហើយ​កម្ពុជា​សង្ឃឹម​​ថា​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​លើ​វិស័យ​នានា​រួមមាន​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល​សាធារណៈ ការអប់រំ និង​វប្បធម៌​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ១៦ ខែវិច្ឆិកា​ថា នេះ​ជា​ការអះអាង​ជាថ្មីទៀត​​របស់​ចិន​បន្ថែម​ទៅលើ​ការប្តេជ្ញាចិត្ត​ដែល​ចិន​តែងមាន​កន្លងមក​​ចំពោះ​កម្ពុជា ហើយ​ក៏​ជា​ការបង្ហាញ​ពី​ភាពស៊ីជម្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​ដែល​គេ​ចាត់ទុកជា​មិត្ត​ដែកថែប និង​ជា​បងប្អូន​ដែល​ជួយ​​គ្នា​នៅ​គ្រប់​កាលៈទេសៈ​។

លោក​ថ្លែងថា​៖ «​វា​ក៏​បង្ហាញ​​ឱ្យឃើញថា ចរន្ត​នៃ​ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​ហ្នឹង គឺ​ខណៈដែល​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​មេទ័ព​កម្ពុជា ចិន​ឯណោះ​វិញ​គឺ​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ដាក់ចេញ​នូវ​ការប្តេជ្ញាចិត្ត និង​ការអះអាង​ជាថ្មី​ជា​ម្តងទៀត​ចំពោះ​ការជួយ​ប្រទេស​កម្ពុជា​។ អ៊ីចឹង វា​បង្ហាញ​ឱ្យ​ឃើញ​ចរន្ត​បញ្ច្រាសទិស​គ្នា​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​របស់​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋអាមេរិក​​ និង​ [​ទំនាក់ទំនង​ទ្វេភាគី​] ​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​ចិន​»​។

លោក​ ភា បន្តថា ការប្តេជ្ញា​របស់​ចិន​នេះ​ក៏​ជា​ការបង្ហាញ​ឱ្យ​​ឃើញ​នូវ​ទស្សនវិស័យ​ស្របគ្នា​របស់​កម្ពុជា និង​ចិន​ដែល​កម្ពុជា​តែង​ប្រាថ្នា​ចង់ឃើញ​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេស​ចិន​កាន់តែ​ស៊ីជម្រៅ និង​ផ្តល់នូវ​ប្រយោជន៍​ទៅវិញ​ទៅមក​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍