ភ្នំពេញៈ ផ្ទាំងគំនូរ​បុរាណ​ល្បីៗ​លំដាប់​ពិភពលោក ដែលមាន​អាយុកាល​ប្រមាណ ៣០០​ ​ឆ្នាំ និង​ផ្ទាំងគំនូរ​សម័យ​ដែលមាន​តម្លៃ​ខ្ទង់​ ១០ ​ម៉ឺន​ដុល្លារ រួម​នឹង​វត្ថុ​បុរាណ​ជាច្រើន​នឹងត្រូវ​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​ចាប់ពី​ថ្ងៃទី​ ២២ ​វិច្ឆិកា នា​ព្រឹត្តិការណ៍​មហោស្រព​វប្បធម៌​អាស៊ី-អឺរ៉ុប ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ​។

ព្រឹត្តិការណ៍ មហោស្រព​វប្បធម៌​អាស៊ី-អឺរ៉ុប​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​ ២២ ដល់​ថ្ងៃទី​ ២៦ ​វិច្ឆិកា ឆ្នាំ​ ២០២១ ​តាម​ប្រព័ន្ធ​អនឡាញ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ ព្រមទាំង​មានការ​រៀបចំ​តាំងពិព័រណ៍​វប្បធម៌​ដោយផ្ទាល់​នៅ​សារមន្ទីរ​ជាតិ និង​ការ​បញ្ចាំង​ខ្សែភាពយន្ត​ផងដែរ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​មហោស្រព​វប្បធម៌​អាស៊ី-អឺរ៉ុប ក្រោម​ប្រធានបទ «​អាស៊ី និង អឺរ៉ុប​៖ ចំណង​វប្បធម៌​» “Asia and Europe: Cultures Connect” ​កាលពី​ថ្ងៃទី​ ១៥ វិច្ឆិកា លោក គឹម ពីនន់ អនុរដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អនុប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​ ១៣ បាន​ថ្លែងថា មហោស្រព​វប្បធម៌​អាស៊ី​-​អឺរ៉ុប គឺជា​ព្រឹត្តិការណ៍​អម​មួយ​ដែល​រៀបចំឡើង​សម្រាប់​អបអរសាទរ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​ ១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក​បន្តថា​៖ «​ប្រធានបទ​ដ៏សំខាន់​នេះ ជា​ការបង្ហាញ និង​ជំរុញ​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ទ្វីបអាស៊ី និង​ប្រជាជន​ទ្វីបអឺរ៉ុប ដើម្បី​ផ្សារ​ទំនាក់ទំនង​គ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​តាមរយៈ​វិស័យ​សិល្បៈ វប្បធម៌ ដែល​យើង​នឹងមាន​កិច្ចសហប្រតិបត្តិ​ការណ៍​ជិតស្និទ្ធ ហើយនឹង​ធ្វើឱ្យ​មាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​រវាង​ទ្វីប​ទាំង​ ២»​។ មហោស្រព​នេះ នឹង​បង្ហាញ​ពី​សកម្មភាព​សិល្បៈ​ចម្រុះ​រវាង​ទ្វីប​ទាំង​ ២ ដោយ​ជ្រើសរើស​យក​សកម្មភាព​សិល្បៈ​ធំៗ​ចំនួន​ ៣ ទី​ ១ ​បង្ហាញ​ពី​សិល្បៈ​ទស្សនីយភាព ដែល​ក្នុងនោះ​មាន​របាំប្រពៃណី របាំ​បុរាណ សហសម័យ តន្ត្រី និង​ល្ខោន​ជាដើម​។

ទី ២ ​ធ្វើការ​តាំងពិព័រណ៍ ដែល​ការតាំងពិព័រណ៍​នេះ​នឹង​មាន​ការរៀបចំ​តាំង​ផ្ទាំងគំនូរ​ដូចជា​វត្ថុ​សិល្បៈ​ផ្សេងៗ​។ សកម្មភាព​ទី​ ៣ ជាការ​បញ្ចាំង​ខ្សែភាពយន្ត​រឿង​ខ្នាត​វែង ខ្នាត​ខ្លី និង​ខ្សែ​ភាពយន្ត​ឯកសារ​ផ្សេងៗ​។ គម្រោង​ដាក់តាំង​ពិព័រណ៍​មាន​វត្ថុ និង​ផ្ទាំងគំនូរ​រហូត​ទៅដល់​ជិត ៣០ ស្នាដៃ​ដែល​សុទ្ធសឹងតែ​ជា​ស្នាដៃ​កម្រ​ឃើញ និង​ភាពប្រណីត​។

លោក​ ឯក ប៊ុនថា អគ្គនាយករង​បច្ចេកទេស​វប្បធម៌​បាន​ថ្លែងថា វត្ថុ និង​ស្នាដៃ​ដែល​ត្រូវ​យកមក​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​មិនមែន​ចេះតែ​យកមក​បង្ហាញ​ទេ​គឺ​ត្រូវ​ឆ្លង​ការជ្រើសរើស​ពី​ក្រុម​អ្នកជំនាញ​ហើយ​របស់​នោះ​ទាល់តែ​មាន​ស្នាដៃ និង​មានកេរ្តិ៍ឈ្មោះ​។ អ្វីដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង ទី​១ ស្នាដៃ​ទាំងនោះ ជា​ដៃគូ​សហការ​រវាង​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ជាមួយ​អាស៊ី ដែល​យកមក​ដាក់តាំង​មាន​ស្នាដៃ​ជា​បុគ្គល ជា​ក្រុម និង​សិល្បៈករ​សហការគ្នា​យក​មក​ដាក់តាំង​បង្ហាញ​។ ទី​២ វិចិត្រកម្ម សិល្បៈករ​បរទេស​ដែល​នៅ​ស្រុក​ខ្មែរ ជ្រើសរើស​ស្នាដៃ​គាត់​មក​ដាក់តាំង​បង្ហាញ​ដែល​ក្នុងនោះ មាន​គំនូរ ១ ​តម្លៃ​ ១០ ​ម៉ឺន​ដុល្លារ​។ ក្រៅពីនេះ​ផ្ទាំង​រូបថត​ជាង ២០០ ​ទៅ ៣០០ ​ឆ្នាំ ក៏មាន​ការតាំងបង្ហាញ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ទាំងអស់​នេះហើយ ដែល​យើង​មិនដែល​បានឃើញ ហើយ​ជា​កិត្តិយស​របស់​សាធារណជន សារមន្ទីរជាតិ ដែល​បានចាប់ផ្តើម​រៀបចំ ហើយ​ជា​គំរូ​មួយ​នៅ​ថ្ងៃក្រោយ​យើង​អាចធ្វើ​បន្តទៀត​»​។

តាមរយៈ​ព្រឹត្តិការណ៍​មហោស្រព​នេះ កម្ពុជា​បានជ្រើសរើស​យក​ខ្សែភាពយន្ត​ចំនួន​ ៤ មក​ដាក់​បញ្ចាំង​ជូន​សាធារណជន ដែល​ក្នុង​រឿង​ទាំងនេះ​មាន​ទំនាក់ទំនង​ជាមួយនឹង​ការថត និង​អត្ថន័យ​ទាក់ទង​អាស៊ី និង​អឺរ៉ុប ហើយ​ភាពយន្ត​ទាំងអស់នេះ​ថត​នៅលើ​ទឹកដី​កម្ពុជា​។

អនុប្រធាន​បេសកកម្ម​ការទូត​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក Tihamer CZIKa ថ្លែងថា ព្រឹត្តិការណ៍​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​បង្ហាញ​ពី​វប្បធម៌​ដ៏សម្បូរបែប​រវាង​ទ្វីប អឺរ៉ុប និង​អាស៊ី​។

លោក​បញ្ជាក់ថា បើទោះជា​មាន​ផលរំខាន​ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩ ក៏ដោយ ក៏​ព្រឹត្តិការណ៍​នេះ​នឹង​នៅតែ​បន្ត ហើយនឹង​មាន​ការអនុញ្ញាត​ឱ្យ​ទស្សនិកជន​ធ្វើការ​ទស្សនា​តាមរយៈ​ជា​ប្រព័ន្ធ​អនឡាញ​ផង និង​ដោយផ្ទាល់​ផង​។ លោក​បន្តថា​៖ «​យើង​នឹង​បានឃើញ​នូវ​ភាពសម្បូរបែប និង​ភាពចម្រុះ​នៃ​​វប្បធម៌​របស់​ទ្វីប​ទាំង​ ២ ហើយ​នេះ​គឺជា​អ្វីដែល​បង្ហាញ​អំពី​ចំណង​សហប្រតិបត្តិការ​កាន់តែ​មាន​ភាពស្អិតល្មួត​ឡើង​រវាង​បណ្តា​ប្រទេស​នៅក្នុង​ទ្វីបអឺរ៉ុប និង​ទ្វីបអាស៊ី​»​។

ប្រធាន​សារមន្ទីរ​ជាតិ លោក ឆាយ វិសុទ្ធ ​បាន​ថ្លែងថា​លក្ខណពិសេស​ដែល​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​នេះ ជា​រូបភាព​ក្នុង​ការតាំងពិព័រណ៍​បែប​សហសម័យ​ធំ ដែល​កម្ពុជា​ពុំ​ធ្លាប់​រៀបចំ​ព្រឹត្តិការណ៍​ធំ​បែបនេះ​នៅក្នុង​សារមន្ទីរជាតិ​។ ពីមុនមក​មាន​ការតាំងពិព័រណ៍​បែប​សហសម័យ​ដែរ ប៉ុន្តែ​ជា​កម្មវិធី​តូច ហើយ​ភាគច្រើន​សិល្បករ​ដែល​បង្ហាញ​នោះ ជា​សិល្បករ​ខ្មែរ យើង​អត់​មានឱកាស​ដាក់តាំង​បង្ហាញ​សិល្បៈ​បែប​សហសម័យ ដែល​មិនមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​អាស៊ី និង​អឺរ៉ុប​ទេ​។

លោក​បញ្ជាក់ថា​៖ «​មានន័យថា ការតាំង​ពិព័រណ៍​លើក​នេះ​ខុសគ្នា ពី​ការបើក​សារមន្ទីរ​ជាតិ​ ១០០ ​ឆ្នាំ​មកនេះ ដែល​សារមន្ទីរ​យើង​បើក​បែប​បុរាណ​ជាពិសេស​សិល្បៈ​ខ្មែរ​សុទ្ធសាធ​ ប៉ុន្តែ​អ្វីដែល​ប្លែក​សម្រាប់​យើង​នាពេលនេះ​គឺ​ការតាំង​របស់​ដែល​ថ្មី ហើយ​ជា​ឱកាស​មួយ​ផ្តល់ជូន​សាធារណជន​»៕