ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ​បាន​ណែនាំ​ឱ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​អុំទូក​ចាប់ពី​ថ្ងៃទី​ ១៨ ​ដល់​ថ្ងៃទី​ ២០ ​វិច្ឆិកា​។

ការជំរុញ​បែបនេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ តាមរយៈ​ប្រព័ន្ធ​អនឡាញ​កាលពី​ទី​ ១៥ វិច្ឆិកា ស្ដីពី​ផែនការ​ការពារ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ សម្រាប់​ថ្ងៃ​ឈប់សម្រាក​ក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះព្រះខែ​អកអំបុក ឆ្នាំ​ ២០២១​។ ក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ឱ្យ​ដាក់​កម្លាំង​គ្រូពេទ្យ​ប្រចាំការ​នៅតាម​គោលដៅ និង​ត្រូវ​តាមដាន​ជាប់​ជានិច្ច ចំពោះ​អ្នក​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​តាម​ផ្ទះ​ឱ្យបាន​តឹងរ៉ឹង​។

លោក ឃួង ស្រេង ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ថ្ងៃ​ឈប់សម្រាក​នឹង​ឈាន​មកដល់​ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ពី​ខេត្ត​មកលេង​នៅ​រាជធានី​ភ្នំពេញ​។ ជាពិសេស​ត្រូវ​ឱ្យមាន​អ្នកប្រចាំការ​ទាំង​សមត្ថកិច្ច ទាំង​អាជ្ញាធរ​ខណ្ឌ សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​។ «​ពាក់ព័ន្ធ​នឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវមាន​កម្លាំង​ប្រចាំការ​ ដើម្បី​ទទួល​ពាក្យបណ្ដឹង​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​»​។

បន្ថែម​ពីនេះ​លោក ឃួង ស្រេង បាន​ជំរុញ​ឱ្យ​ក្រុម​សមត្ថកិច្ច ដូចជា​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះ​ល្បាត​ជាប្រចាំ ដើម្បី​តាមដាន​រាល់​សកម្មភាព​ការលួចបើក​ខារ៉ាអូខេ ក្លិប​កម្សាន្ត និង​រង្គសាល ខណៈ​ទីតាំង​ទាំងនេះ​មិនទាន់​អនុញ្ញាត​​ឱ្យ​បើក​វិញ​ឡើយ​។ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ និង​កងកម្លាំង​ពាក់ព័ន្ធ​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ការលួចបើក​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ ដោយសារ​ទីតាំង​ ២ ​នេះ​មាន​ហានិភ័យ​ខ្ពស់បំផុត​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​។

ជាមួយ​គ្នា​នេះដែរ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ជំរុញ​ឱ្យ​បណ្តា​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បន្ត​ក្នុង​ការអនុវត្ត​នូវ​វិធានការ គោលការណ៍​ប្រតិបត្តិ​អប្បបរមា SOP ឱ្យបាន​ម៉ឺងម៉ាត់ ខណៈ​ប្រជាពលរដ្ឋ​នឹង​ចេញដំណើរ​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត នាឱកាស​ឈប់សម្រាក​នេះ​។ លោក​ថា​៖ «​គោលការណ៍​ SOP ដែល​យើង​បាន​អនុវត្ត​ពីមុនមក​នៅតែ​ត្រូវ​បន្ត​ពង្រឹង​បន្ថែមទៀត​ឱ្យ​កាន់តែ​ល្អ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ផ្តល់​ភាពជឿជាក់​ដល់​ភ្ញៀវទេសចរ ព្រោះ​ប្រជាពលរដ្ឋ​នឹងធ្វើ​ដំណើរ​ទៅគ្រប់​ទីកន្លែង​មិន​ថា​នៅតាម ភោជនីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់​»​។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ សាន សុខសីហា ថ្លែងថា ជាទូទៅ​ទោះ​មិនមាន​ការរៀបចំ​ពិធី​ប្រណាំងទូក​ ប៉ុន្តែ​នៅតែមាន​ការរៀបចំ​ស្តង់​ដាក់តាំង​លក់​ផលិតផល​នៅតាម​ទីសាធារណៈ​ដែល​បានអនុញ្ញាត​ដោយ​សាលា​រាជធានី​ភ្នំពេញ ដូច្នេះ​ប្រជាពលរដ្ឋ​គាត់​នឹង​អាច​ដើរ​ទស្សនា និង​ទិញ​ផលិតផល ក៏ដូចជា​ការចូលរួម​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ទៀត​។

លោក​ថា​៖ «​ដូច្នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ យើង​មាន​ការរៀបចំ​កម្លាំង​ច្បាស់លាស់​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​»​។ លោក​ឱ្យដឹងថា នាឱកាស​នោះ​នឹង​ប្រើ​កម្លាំង​សរុប​ជាង ១ ៦០០ ​នាក់​ទាំង​កម្លាំង​ការិយាល័យ​ជំនាញ​កម្លាំង​អធិការ​នគរបាល​ខណ្ឌ​ ដើម្បី​ចេញ​ប្រតិបត្តិការ​រយៈពេល​ ៣ ​ថ្ងៃ​៕