ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​​សម្រេច​លក់​ដោយ​បង្ខំ​ផ្ទះ​លោក សម រង្ស៊ី ដែលជា​អតីត​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​យកលុយ​ទៅ​សង​ម្ចាស់បំណុល​ចំនួន​ ៤ ​ភាគី​ គឺមាន​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន និង ស ខេង និង​រាជរដ្ឋាភិបាល​ជាង​ ២ ​លាន​ ៥ ​សែន​ដុល្លារ​ចំពេល​ខួប​ ៤ ​ឆ្នាំ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​កម្ពុជា​រំលាយ​កាលពី​ថ្ងៃទី​ ១៦ វិច្ឆិកា​ ២០១៧​។

យោងតាម​ដីកា​ចំនួន ​៤ ដែល​ចេញ​ដាច់ឡែក​ពីគ្នា​ដោយ​លោក អ៊ឹម វណ្ណៈ ចៅក្រម​អនុវត្ត​សាលាដំបូង​រាជធានី-ភ្នំពេញ​កាលពី​ថ្ងៃទី​ ៤ ខែវិច្ឆិកា​ឱ្យដឹងថា ផ្ទះ​ដែល​លក់​ទាំង​បង្ខំ​នេះ​នឹងត្រូវ​បង់​ជិត​ ១ ​លាន​ដុល្លារ​ជូន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង់ប្រាក់​ ៦ ​សែន​ដុល្លារ​ជូន​លោក ហេង សំរិន បង់ប្រាក់​ប្រមាណ​ ៥ ​សែនដុល្លារ ជូន​លោក ស ខេង និង​បង់ប្រាក់​ជាង​ ៤,៤ ​សែន​ដុល្លារ ជូន​រដ្ឋាភិបាល​កម្ពុជា​។

ដីកា​សម្រេច​នេះ​បន្តថា ផ្ទះ​ត្រូវបាន​រឹបអូស​អចលនវត្ថុ​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​ និង​សុរិយោដី​រាជធានី​ភ្នំពេញ​ដែលមាន​ប័ណ្ណ​សម្គាល់​លេខ ភព​ ០៩ ៧២៥ ចុះ​ថ្ងៃទី​ ១៥ ខែសីហា​ឆ្នាំ​ ២០០៧ គឺ​ស្ថិត​នៅផ្ទះ​លេខ​ ៥៧៦ ផ្លូវជាតិ​លេខ ២ ភូមិ​ព្រែក​តាគង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលជា​កម្មសិទ្ធិ​របស់​កូនបំណុល​នៃ​ការអនុវត្ត ឈ្មោះ សម រង្ស៊ី និង​ប្រពន្ធ​ឈ្មោះ ជូឡុង សូមួរ៉ា ដើម្បី​យកប្រាក់​មក​ទូទាត់​បំណុល​ឱ្យ​ម្ចាស់បំណុល​នៃ​ការអនុវត្ត​រហូតដល់​គ្រប់​ចំនួន​។

លោក ជូង ជូងី ដែល​ធ្លាប់​ធ្វើជា​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​ស្នើសុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយសារ​លោក​កំពុងស្ថិត​ក្នុង​បម្រាម​ធ្វើ​នយោបាយ​ និង​ការបញ្ចេញមតិ​ផ្សេងៗ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង លោក សម រង្ស៊ី ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ខាងលើនេះ​បានទេ​កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក សេង សារី អ្នកវិភាគ​​នយោបាយ និង​សង្គម​ថ្លែងថា តុលាការ​ចេញ​ដីកា​លក់​ផ្ទះ​របស់​លោក​ សម រង្ស៊ី ដែលជា​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ​បានបង្ហាញ​ថា គណបក្ស​កាន់អំណាច​កំពុង​បិទ​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ និង​បង្ហាញថា គណបក្ស​នេះ​មិនអាច​រស់​ឡើង​វិញទៀត​ទេ​។

លោក​ថ្លែងថា​៖ «​នេះ​ក៏​បង្ហាញ​ពី​ដំណើរការ​របស់​តុលាការ​ភ្នំពេញ​បន្ត​នីតិវិធី ហើយ​អ្វីដែល​សំខាន់​ថា តើ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះជាតិ​មាន​វិធី​បែបណា​អាច​រក្សា​ទីតាំង​កណ្តាល​របស់ខ្លួន​»​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា​។ ប៉ុន្តែ​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ការលក់​ផ្ទះ​របស់​លោក​ សម រង្ស៊ី ដែលជា​អតីត​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះជាតិ​នេះ ពេល​​នេះ​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ផ្លូវច្បាប់ ព្រោះ​នៅពេល​ដែលមាន​គូភាគី​រឿងក្តី​មួយ​ដែល​ត្រូវបាន​កាត់​ឱ្យ​សង​នូវ​ជំងឺ​ចិត្ត​ទៅ​រដ្ឋាភិបាល​ ឬក៏​ទៅ​គូ​ដើមបណ្តឹង ហើយ​គូភាគី​នោះ​មិន​ចូលខ្លួន​ដោះស្រាយ​ទេ គឺ​តុលាការ​មាន​សិទ្ធិ​ក្នុង​ការលក់​ដោយ​បង្ខំ​នូវ​ទ្រព្យ​នោះ​។

លោក​បន្តថា ដោយឡែក​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នយោបាយ​វិញ បើ​តុលាការ​ចង់​លក់​ផ្ទះ​លោក សម រង្ស៊ី ដោយ​បង្ខំ​វិញ​គឺ​លក់​តាំងពី​យូរមក​ហើយ​ ពីព្រោះ​សាលក្រម​នេះ​ចូល​ជា​ធរមាន​យូរដែរ​ហើយ ប៉ុន្តែ​នេះ​ដោយ​រង់ចាំ​លោក សម រង្ស៊ី ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​កូនបំណុល​យូរពេក​ក៏​តុលាការ​សម្រេច​លក់​។

លោក​ថ្លែងថា​៖ ​លោក​ សម រង្ស៊ី កន្លង​​មក​តែង​លើកឡើង​ថា វា​ជា​កិត្តិយស​ទៅវិញ​ទេ នៅពេល​ដែល​តុលាការ​កាត់​​ទោស​កាន់​ច្រើន​។ ​អ៊ីចឹង​យើង​ឃើញថា លោក​ សម រង្ស៊ី ខ្លួនឯង ហាក់បី​ដូចជា​ប្រើ​នយោបាយ​មួយ​ចង់ឱ្យ​មាន​ការជំរុញ​ឱ្យ​អនុវត្ត​លើ​សាលក្រម​ ដើម្បី​​ហេតុផល​នយោបាយ ដោយ​ឱ្យមើល​​ឃើញ​គាត់​ថា​ជា​ជនរងគ្រោះ​ទៅវិញ តាមរយៈ​គេ​ធ្វើ​ទុក្ខបុកម្នេញ​ជាដើម​»​។

ដោយឡែក​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅក្រៅ​ប្រទេស​បានចេញ​សេចក្តី​​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ថា ថ្ងៃនេះ​គឺជា​ខួប​ ៤ ​ឆ្នាំ​ (១៦​វិច្ឆិកា​ ២០១៧-១៦ ​វិច្ឆិកា​ ២០២១) ​ដែល​តុលាការ​កំពូល​បានចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះជាតិ​។

សេចក្តី​ថ្លែងការណ៍​នេះ បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​ការដាក់​គំនាប​ដល់​រាជដ្ឋាភិបាល​ឱ្យ​អនុវត្ត​តាម​ការទាមទារ​របស់​សហគមន៍​អន្តរជាតិ​ដោយ​ផ្ដល់​សេរីភាព​ពេញលេញ​ និង​ទម្លាក់​បទចោទ​លើ​លោក កឹម សុខា និង​អ្នកទោស​មនសិការ​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ​។ ​ផ្តល់​នីតិសម្បទា​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ស្តារ​លទ្ធិប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​ហើយ​​ត្រូវ​រៀបចំ​ការបោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដោយមាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ​។

ពាក់ព័ន្ធ​នឹង​ករណីនេះ តុលាការ​កំពូល​កម្ពុជា​បានប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពីថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ដោយ​ចោទ​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា មានទោស​សន្ទិដ្ឋភាព​ ឬ​ក្បត់ជាតិ​តាម​មាត្រា​ ៤៤៣ ​នៃ​ក្រមព្រហ្មទណ្ឌ និង​ដាក់​​បម្រាម​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ១១៨ ​នាក់ មិនឱ្យ​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​ផងដែរ​៕

វីដេអូ៖