
ព្រះសង្ឃនិមន្តបិណ្ឌបាត ឆ្លងកាត់ផ្លូវដែលមានចរាចរណ៍ចង្អៀត នៅក្នុងតំបន់មួយនៃសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ ក្រោយបើកប្រទេសឱ្យមានដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានបន្តហាមប្រាមមិនឱ្យព្រះភិក្ខុសាមណេរ ដែលបានបួសនៅក្នុងសំណាក់ព្រះពុទ្ធសាសនា និមន្តទៅបិណ្ឌបាត ឬប្រមូលបច្ច័យនៅតាមអគោចរដ្ឋានដូចជាផ្សារ និងទីប្រជុំជនដែលមានមនុស្សអ៊ូអរច្រើន និងឈានដល់ចាប់ផ្សឹកក្នុងករណីមិនបានអនុវត្តបានត្រឹមត្រូវតាមធម៌វិន័យ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងមិនបានហាមទេ គឺគណៈសង្ឃនាយកជាអ្នកហាមមិនឱ្យព្រះសង្ឃនិមន្តបិណ្ឌបាតនៅតាមទីផ្សារនានានៅក្នុងប្រទេស ដោយផ្អែកទៅលើធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ដែលទាក់ទងនឹងគោចរដ្ឋាន និង អគោចរដ្ឋានដែលជាកន្លែងណាដែលគួរនិមន្តទៅ និងកន្លែងណាដែលមិនគួរនិមន្តទៅ។
លោកថ្លែងថា៖ «និយាយរួម ក្រសួងមិនមានការហាមឃាត់ទេមានតែនៅក្នុងវិន័យសង្ឃ។ បើតាមធម៌វិន័យ គណៈសង្ឃមានភារកិច្ច មិនអនុញ្ញាតឱ្យនៅជាសង្ឃ និងការអនុវត្តបែបនេះ ដើម្បីបានដឹងថាបុគ្គលនោះមានលក្ខណៈគ្រប់គ្រាន់ជាភេទព្រះសង្ឃ ត្រឹមត្រូវតាមធម៌វិន័យដែរទេ»។
លោក សេង សុមុនី បន្តថា ក្រសួងធម្មការនឹងជួយសម្របសម្រួលផ្នែករដ្ឋបាល ទាក់ទងនឹងស្ថាប័នពាក់ព័ន្ធនានាដែលគណសង្ឃនាយកបានអនុវត្តពាក់ព័ន្ធនឹងធម៌វិន័យ។ ជាមួយគ្នានេះ គណៈសង្ឃមានអនុក្រឹត្យថេរភាពសង្ឃដោយមានកាតព្វកិច្ចត្រួតពិនិត្យ និងវាយតម្លៃទៅលើការប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ នៅពេលមានកិច្ចសហប្រតិបត្តិការគ្រប់ជំនាញទាំងអស់។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកបានមានថេរដីកាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែវិច្ឆិកានេះ ថា គណៈសង្ឃនាយក ធា្លប់បានចេញសារាចរណែនាំ បន្ថែមលើធម៌វិន័យរបស់ព្រះពុទ្ធហើយនៅតែជាធរមាន និងត្រូវបានអនុវត្ត ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ ដោយមានមន្ត្រីនៅតាមខណ្ឌដែលមានការិយាល័យធម្មការ និងសង្គមកិច្ច នៅតែសហការ ធ្វើកិច្ចការនេះជាមួយមន្ត្រីសង្ឃនៅតាមរាជធានី-ខេត្តជាធម្មតា។
សម្តេចព្រះមហាអរិយវង្សមានថេរដីកាបន្តថា កិច្ចការនេះត្រូវបានធ្វើយ៉ាងមានប្រសិទ្ធភាព ហើយក៏បានហាមប្រាមដល់ព្រះសង្ឃដែលមានការបួសត្រឹមត្រូវមិនឱ្យនិមន្តទៅបិណ្ឌបាតនៅតាមទីកន្លែងណាដែលមានមនុស្សច្រើន ដូចជាបេនឡាន ទីផ្សារ និងទីកន្លែងណាដែលមានមនុស្សអ៊ូអរ ចុះឡើងច្រើន។ ជាមួយគ្នានេះ ក៏បានទប់ស្កាត់បាននូវជនខិលខូចដែលបានស្លៀកពាក់ ដោយមិនបានបួសត្រឹមត្រូវតាមធម៌វិន័យ និងបានបញ្ជូនទៅអាជ្ញាធរ ដើម្បីអនុវត្តច្បាប់ មានចំនួនច្រើនផងដែរ។
សម្តេចអរិយវង្សមានសង្ឃដីកាថា៖ «ក្នុងធម៌វិន័យបានហាមប្រាមមិនឱ្យព្រះសង្ឃ និមន្តទៅកាន់អគោចរដ្ឋានដូចទីដែលចង្អៀត ណែន មនុស្សច្រើនអ៊ូអរច្រើនខ្លាំង កន្លែងពេស្យាចារ និងទីផ្ទះដែលគេមិនជ្រះថ្លា ព្រះសង្ឃក៏គួរមិននិមន្តទៅដែរ។ ក្នុងវិន័យ ហៅថា អគោចរដ្ឋាន ដែលត្រូវអនុវត្តក្នុងធម៌វិន័យរបស់ព្រះភិក្ខុសាមណេរ»។
លោកថា បើសិនជាព្រះសង្ឃអនុវត្តមិនគោរពតាម គណៈសង្ឃនាយកនឹងស្នើសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីមានវិធានការទៅតាមធម៌វិន័យសម្រាប់ព្រះសង្ឃមិនអនុវត្តតាមធម៌វិន័យ និងតាមបទប្បញ្ញត្តិអមនឹងត្រូវទទួលការព្រមានដាក់ទោសទណ្ឌ ធ្វើកិច្ចសន្យា និងឈានដល់ការចាប់ផ្សឹកថែមទៀតផងដែរ។
នៅពេលដែលព្រះសង្ឃមិនបានអនុវត្តបានត្រឹមត្រូវតាមធម៌វិន័យ ដោយនិមន្តទៅកាន់ទីអគោចរដ្ឋាន និងទីកន្លែងដែលមិនគប្បីនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃឧត្តមភេទនៃអ្នកបួស បាត់បង់ការគោរព និងការឱ្យតម្លៃពីមហាជន និងអស់សទ្ធាពីពុទ្ធបរិស័ទ និងធ្វើឱ្យព្រះពុទ្ធសាសនាចុះអន់ថយ ជាដើម។
លោក ហ៊ត វាន់ធី ប្រធានផ្សារអូរឬស្សីប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងដែរថា ចំពោះកិច្ចការនេះ គណៈគ្រប់គ្រងផ្សារបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តបិណ្ឌបាត និងរៃអង្គាសប្រាក់នៅក្នុងផ្សារនោះទេ ប៉ុន្តែក្នុងករណីនិមន្តឱ្យចេញហើយមិនស្តាប់នឹងរាយការណ៍ទៅការិយាល័យធម្មការខណ្ឌឱ្យជួយមានចំណាត់ការ និង ប្រគល់ដល់គណៈសង្ឃដើម្បីមានវិធានការតាមធម៌វិន័យ។
លោក បន្តថា ក្នុងករណីព្រះសង្ឃមករកជាវសៀវភៅ ឬ សម្ភារយកទៅប្រើប្រាស់ មិនជាបញ្ហាអ្វីទេ។ គណៈកម្មការផ្សារតែងតែអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនលើកិច្ចការនេះ ប៉ុន្តែក្នុងអំឡុងពេលកូវីដ ១៩ មិនមានព្រះសង្ឃនិមន្តមកចូលផ្សារទេ ទើបតែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕
វីដេអូ៖