ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយកន្លែង​ទៀត នៅ​សណ្តរ​ស្ទឹង​ព្រែកត្នោត​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ទៅ​ប្រជាពលរដ្ឋ​នៅក្នុង​ខណ្ឌ​ចំនួន​ ៣ ។

លោក ឃួង ស្រេង បានស្នើ​បែបនេះ​ក្នុង​ពេល​អនុញ្ញាត ឱ្យ លោក ឡុង ណារ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចូលជួប​សម្តែង​ការសួរសម និង រាយការណ៍​ជូន​ពី​បច្ចុប្បន្នភាព​ការងារ​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត នៅក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៦ ​វិច្ឆិកា​។ នេះ​បើ​យោងតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

លោក ឃួង ស្រេង បន្តថា លោក​មិនមែនជា​ជំនាញ​ពាក់ព័ន្ធ​នឹង​ការងារ​ផលិត​ទឹកស្អាត​នោះទេ ប៉ុន្តែ​អ្វីដែល​លោក​មើលឃើញ​នោះ​គឺ​លោក​ចង់ឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បង្កើត​រោងចក្រ​ផលិត​ទឹកស្អាត​មួយ​ថ្មី​ទៀត នៅ​សណ្តរ​ស្ទឹងព្រែកត្នោត​។

លោក​ ឃួង ស្រេង ស្នើឱ្យ​ខាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សហការ​ជាមួយ​នឹង​ក្រសួង​ធនធានទឹក ដើម្បី​សិក្សា សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​នេះ​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​យក​ទឹក​ពី​ស្ទឹង​ព្រែកត្នោត​មក​ផលិត​ជា​ទឹកស្អាត ខណៈ​ដែល​ការផ្តល់​ទឹកស្អាត នៅក្នុង​រាជធានី​ភ្នំពេញ​មិនទាន់​បាន​គ្រប់គ្រាន់​នៅឡើយ​។

ក្នុង​ឱកាស​នោះដែរ លោក ឃួង ស្រេង​ក៏បាន​ណែនាំ​ដល់​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​លោក​ នួន ផារ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​ត្រូវ​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចុះ​ត្រួតពិនិត្យ​ពី​ការយក​តម្លៃ​ទឹកស្អាត​ពី កម្មករ កម្មការិនី នៅតាម​ផ្ទះជួល ដោយ​លោក​ស្នើឱ្យ​អាជ្ញាធរ​ធ្វើយ៉ាងណា​សម្របសម្រួល​ជាមួយ ម្ចាស់​ផ្ទះជួល ដើម្បី​កុំឱ្យ​ពួកគាត់​យក​តម្លៃ​ទឹកស្អាត ថ្លៃ​ហួសហេតុ​ពេក គឺ​យកតែ​តម្លៃ​ផ្ទះជួល​ទៅ​បាន​ហើយ កុំ​យកចំណេញ​ពី​ការប្រើប្រាស់​ទឹក​ថែមទៀត​។

លោក ម៉េត្រ មាសភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្លែង​នៅ​ថ្ងៃទី​ ១៧ វិច្ឆិកា​ថា ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ការសាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយ​កន្លែង​ទៀត នៅ​សណ្តរ​ស្ទឹង​ព្រែកត្នោត​ភាគ​ខាងលិច រាជធានី​ភ្នំពេញ​នេះ លោក​មិនមាន​ព័ត៌មាន​លម្អិត​ទេ ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អាត​ចំការមន និង​បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង​កាលពី​ដើមឆ្នាំ​ ២០២១ ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​ត្រូវការ ទឹកស្អាត​ប្រមាណ​ ៧៥ ​ម៉ឺន​ម៉ែត្រគុប ហើយ​ការផលិត​បាន​ត្រឹម​ជាង​ ៦០ ​ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​ពោល​គឺ​ខ្វះ​ទឹកស្អាត ប្រើប្រាស់​ប្រមាណ​ ១៥ ​ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៀតថា​៖ «​តម្រូវការ​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ​គឺ​កើនឡើង​រាល់ថ្ងៃ ដូច្នេះ​យើង​ត្រូវតែ​ប្រឹងប្រែង ក្នុង​ការអភិវឌ្ឍ​សមត្ថភាព​ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត​ឱ្យបាន​ច្រើនជាង​មុន​»៕