ពោធិ៍សាត់ៈ អាជ្ញាធរខេត្ត​ពោធិ៍សាត់​កំពុង​ច្រក​ដី​ដាក់​ការុង ដើម្បី​ទប់ទឹក​កុំឱ្យ​ហូរ​លើផ្លូវ និង​លង់លិច​ចូលក្នុង​លំនៅឋាន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ពោធិ៍សាត់ ខណៈ​ទឹកស្ទឹង​ពោធិ៍សាត់​បាន​ជន់​ឡើង​ ៥,២ ​ម៉ែត្រ​លើស​ពី​កម្រិត​ត្រូវ​ប្រកាសអាសន្ន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។

លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ វិច្ឆិកា​ថា កម្លាំងចម្រុះ​នៃ​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ចុះ​អន្តរាគមន៍​រៀបចំ​បាវខ្សាច់​ធ្វើជា​ទំនប់​តាម​មាត់ស្ទឹង និង​តាម​ដងផ្លូវ​ក្នុង​ភូមិ​មួយចំនួន ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​កាត់បន្ថយ​ការជន់លិច​ហូរ​កាត់​ផ្លូវ​។ លោក​ថា​៖ «​នៅពេលនេះ ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​បាន​ជន់ឡើង​លើសពី​កម្រិត​ប្រកាសអាសន្ន​ ២ ​តឹក​ទៅហើយ គិត​ត្រឹម​វេលា​ម៉ោង​ ១១ ​ព្រឹក​ថ្ងៃទី​ ១៦ វិច្ឆិកា​»​។

ការជន់​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ទឹកស្ទឹង​ពោធិ៍សាត់​នេះ គឺ​បណ្ដាល​មកពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ ធ្វើឱ្យ​លំហូរ​ទឹក​ពី​ស្ទឹង​អារ៉ៃ ស្ទឹងធំ និង​ស្ទឹង​ព្រៃខ្ញុង នៃ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង​បាន​ធ្លាក់​មក​យ៉ាងគំហុក​មកលើ​ដងស្ទឹង​ពោធិ៍សាត់​។ លោក​បន្ថែមថា​នៅពេលនេះ​រដ្ឋបាលខេត្ត​ពោធិ៍សាត់​បាន​ត្រៀមកម្លាំង​និង មធ្យោបាយ​ដើម្បី​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព ក្នុង​ករណី​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ដែល​អាច​ធ្វើឱ្យ​ទឹកស្ទឹង​ពោធិ៍សាត់​បន្ត​ហក់​ឡើង​កាន់តែ​ខ្ពស់ជាង​នេះ​។

នៅ​ថ្ងៃ​ ១៦ ​វិច្ឆិកា​នេះដែរ នៅឯ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​បើក​ទម្លាក់​ពី​ទំនប់​អាងស្ទាក់​ទឹក​បាសាក់​ក្នុង​ស្រុក​រុក្ខគិរី​បាន​បង្ក​ការជន់លិច​ស្រែចម្ការ និង​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​ជាច្រើន​រយ​ខ្នង​។

កម្លាំង​សមត្ថកិច្ច​កំពុង​ទប់ទឹក​ស្ទឹង​ពោធិ៍សាត់​។ រូបថត រដ្ឋបាលខេត្ត​ពោធិ៍សាត់

លោក ទេព ហន អភិបាលស្រុក​មោងឫស្សី​ថ្លែង​ថា នៅពេល​នេះ​ទឹកបាន​ជន់លិច​ និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៤៥០ ​គ្រួសារ​នៃ​ភូមិ​ចំនួន​ ៥ ​ក្នុង​ឃុំ​ជ្រៃ​ និង​ប៉ះពាល់​ដល់​ដំណាំ​រួមផ្សំ​ចំនួន​ ៦៦០ ​ហិកតា ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួន​។

លោក​ថា​៖ «​ស្រុក​មោងឫស្សី​យើង​នៅក្នុង​ឆ្នាំនេះ ជួប​គ្រោះទឹកជំនន់​ចំនួន​ ៣ ​លើក ចាប់តាំងពី​ចុងខែ​កញ្ញា​មក​។ កត្តា​នេះ​បាន​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាកសិករ​យើង ជួបប្រទះ​ការលំបាក់​ថែម​មួយកម្រិត​ទៀត ខណៈ​ទឹកបាន​ជន់​លិច​ និង​ខូចខាត​ផលដំណាំ​ស្ទើរ​ទាំងអស់​»​។

យោងតាម​ការព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១៦ វិច្ឆិកា ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​រហូតដល់​ថ្ងៃទី​ ២៣ ​ខែវិច្ឆិកា​ពិសេស​បណ្ដា​ខេត្ត​ដែល​ស្ថិត​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​បណ្ដា​ខេត្ត​មួយចំនួន​ទៀត ដែល​ស្ថិតនៅតាម​បណ្ដោយ​តំបន់​ជួរ​ភ្នំក្រវាញ​៕