​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្នើ​ដល់​ធនាគារពិភពលោក​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ភាពជា​ដៃគូ​ជិតស្និទ្ធ និង​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​ក្នុង​ការកសាង​សមត្ថភាព​មន្ត្រី ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​។​

​សំណើ​នេះ​ត្រូវបាន​លើកឡើង នាឱកាស​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួបពិភាក្សា​ជាមួយ លោកស្រី Mariam Sharman នាយិកា​ធនាគារពិភពលោក​ប្រចាំកម្ពុជា ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា និង​គណៈប្រតិភូ​អមដំណើរ កាលពី​ថ្ងៃទី ​១៦ ​ខែ វិច្ឆិកា​នេះ​។​

លោក ស៊ុន ចាន់ថុល បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​លោក​លោកស្រី Mariam Sharman ដែល​ទើប​ទទួលបាន​ការតែងតាំង​ក្នុង​មុខតំណែង​ដឹកនាំ​នៅក្នុង​ធនាគារ ពិភពលោក​ប្រចាំ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ពិភពលោក​ដែល បានផ្ដល់​ការគាំទ្រ និង​ទំនាក់ទំនង​ល្អ​លើ​ការងារ​ស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​។

ទន្ទឹមនេះដែរ​លោក​រដ្ឋ​មន្ត្រី ក៏បាន​ស្នើឱ្យ​ធនាគារពិភពលោក​បន្ត​តាមដាន​សកម្មភាព​រប​ស់​ខ្លួន​ផងដែរ​ទាក់ទង​នឹង​គម្រោង​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​ដែល​បាន​អនុវត្ត​តាំងពី​រយៈពេល​ ១៥ ​ឆ្នាំ​កន្លងទៅ ជាពិសេស ពិនិត្យ​និង​ប្រៀបធៀប​ភាពខុសគ្នា​នៃលក្ខណៈ​បច្ចេកវិទ្យា​ពីមុន និង​បច្ចេកវិទ្យា​បច្ចុប្បន្ន ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​បណ្តាលឱ្យ​ផ្លូវ​ឆាប់​ខូច​មុន​អាយុកាល​។

លោកក៏បាន​ស្នើឱ្យ​ធនា​ធនាគារពិភពលោក​ពង្រឹង ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ជិតស្និទ្ធ​ទៅ​ថ្ងៃ​ខាងមុខ​បន្តទៀត​នៅក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​។ លោកក៏បាន​ស្នើ​ដែរ​ឱ្យ​ធនាគារពិភពលោក​ពិនិត្យ​លើ​ជំនួយ​បច្ចេកទេស​លើ​គម្រោង​មួយចំនួន​រួមមាន ការកសាង​សមត្ថភាព​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កិច្ចសហប្រតិបត្តិការ​រវាង​ធនាគារពិភពលោក និង​ក្រសួង​លើ​ការសិក្សា​ដល់ទី​កន្លែង​ដើម្បី​កំណត់​ទំហំ​ថវិកា​ឱ្យបាន ជាក់លាក់​សំដៅ​សាងសង់​ផ្លូវ​ឱ្យបាន​រឹងមាំ និង​ផែនការមេ​ទាក់ទង​ទឹក​កខ្វក់​ទូទាំងប្រទេស និង​បានស្នើ​ដែរ​ឱ្យ​ធនាគារពិភពលោក បញ្ជូន​អ្នកជំនាញការ​របស់ខ្លួន​មក​សិក្សា​ឱ្យបាន​ច្បាស់លាស់​ដើម្បី​ឈានទៅ​បង្កើត​ផែនការមេ​ចម្រោះ​ទឹក​កខ្វក់​នេះ​។

ក្នុងជំនួប​នោះដែរ លោកស្រី Mariam Sharman តំណាង​ធនាគារពិភពលោក​ប្រចាំកម្ពុជា បាន​ថ្លែង​ការកោតសរសើរ​ដល់​ក្រសួង ដែល​បាន​សហការ​ល្អជា​មួយ​ធនាគារពិភពលោក​ទាក់​ទង​នឹង​ការអនុវត្ត​គម្រោង​ RAMP II ដែល​រួមមានគម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​ ៣ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​ ៤ និង​ផ្លូវជាតិ​លេខ​ ៧ និង​បានលើកឡើង​ផងដែរ​ទាក់ទង​នឹង​ការគ្រប់គ្រង​ទឹក​កខ្វក់ ការដឹកជញ្ជូន​បៃតង​ដោយ​ប្រើ​ថាមពល​កកើតឡើង​វិញ​នៅ​ទីក្រុង​សៀមរាប ច្រករបៀង​សេដ្ឋកិច្ច​សំខាន់ៗ និង​ការតភ្ជាប់​តំបន់​ផងដែរ​។​

លោក ស៊ុន ចាន់ថុល ក៏បាន​លើកឡើង​ផងដែរ​ទាក់ទង​នឹង​ការរៀបចំ​គោលនយោបាយ និង​ការគាំទ្រ​ពេញលេញ​សម្រាប់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ (EVs) និង​ការធានា​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងមូល សម្រាប់​​ EVs​ នៅ​កម្ពុជា​។ លោក​ថា​៖ «​ជាពិសេស​ស្ថានីយ​សាក​អាគុយ កន្លែង​ផ្តល់​សេវា គ្រឿងបន្លាស់ បុគ្គលិក​ទទួល​ការបណ្តុះបណ្តាល និង​សេវា​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យមក​ពិចារណា​លើ​រថយន្ត​ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ ជំនួស​ឱ្យ​រថយន្ត​ដើរ​ដោយ​ឥន្ធនៈ​»៕​