រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ផ្តល់​កំណល់​ទ្រ​ទំនិញ​ចំនួន​ ២ ០០០ ​ឈុត ដែល​ជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​រដ្ឋាភិបាល​ខ្លួន​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​គាំទ្រ​ដល់​គម្រោង​ផែនការមេ​ភ័ស្តុភារកម្ម​ស្តីពី​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ភ័ស្តុភារកម្ម និង​ប្រព័ន្ធ​កុំព្យូទ័រ​ភ័ស្តុភារកម្ម​។

ពិធី​ប្រគល់ និង​ទទួល​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ នា​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​នៃ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទាំង​ ២ និង​ភាគី​ពាក់ព័ន្ធ​។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បាន​អះអាង​ថា​៖ «​ពិធី​នៃ​ការប្រគល់​ទទួល​កំណល់​ទ្រ​ទំនិញ​នេះ​តំណាង​ឱ្យ​កិច្ចសហប្រតិបត្តិការ​កំពុង​បន្ត​រវាង​សាធារណរដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ការអភិវឌ្ឍ​វិស័យ​ពាក់ព័ន្ធ ជាពិសេស​វិស័យ​ភ័ស្តុភារកម្ម​នៅ​កម្ពុជា និង​បញ្ហា​ប្រឈម​ជា​សកល​មិន​ធ្លាប់​កើតមាន​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩»​។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ស្វាគមន៍​ចំពោះ​ជំនួយ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េ​បាន​ផ្តល់​ឱ្យ​កម្ពុជា​នៅពេលនេះ ដែល​នឹង​ចូលរួម​គាំទ្រ​បន្ថែមទៀត​ដល់​គម្រោង​ផែនការមេ​ភ័ស្តុភារកម្ម​ស្តីពី​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ភ័ស្តុភារកម្ម​របស់​ក្រសួង​។

បន្ថែម​ពីនេះ លោក​អះអាង​ថា កំណល់​ទ្រ​ទំនិញ​ទាំងនេះ ក៏​នឹងត្រូវ​ជូនទៅ​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង ដែល​មាន​ដូចជា​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត-អូរនាង ដើម្បី​ប្រើប្រាស់​នៅក្នុង​ឃ្លាំង ក៏ដូចជា​ដើម្បី​ចូលរួម​ក្នុង​ការសិក្សា​អំពី​ការប្រើប្រាស់​កំណល់​ទ្រ​ទំនិញ​ស្តង់ដា ក្រោម​ការត្រួតពិនិត្យ​របស់​ក្រសួង​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ការផ្ដល់​កំណល់​ទ្រ​ទំនិញ​ពី​ភាគី​កូរ៉េ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការសិក្សា​នៃ​គម្រោង​ផែនការមេ​កម្ពុជា​ឆ្នាំ​ទី​ ១ ​ស្តីពី​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ភ័ស្តុភារកម្ម និង​គម្រោង​សាកល្បង​នៃ​ប្រព័ន្ធ​កុំព្យូទ័រ​ភ័ស្តុភារកម្ម​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការគាំទ្រ​ពី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​កូរ៉េ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កូរ៉េ KRIHS»​។

លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើកឡើង​ថា បើទោះជា​ជំនួយ​នេះ មិន​ជាប់​ពាក់ព័ន្ធ និង​ការងារ​សុវត្ថិភាព​ចរាចរណ៍ ប៉ុន្តែ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ លោក​យល់ថា ការទទួល​បាន​អំណោយ​ក្នុង​លក្ខណៈ​មិត្តភាព​ជា​រឿង​ល្អ និង​គួរសាទរ​ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​ខ្វះខាត និង​មាន​តម្រូវការ​។

ទោះយ៉ាងណា លោក រតនៈ មើលឃើញ​ ១ ​ជ្រុង​ទៀត​ចំពោះ​ជំនួយ​នេះ ដែល​បង្ហាញ​ថា កម្ពុជា​នៅ​មិនទាន់​បាន​ត្រៀមខ្លួន​ល្អ​នោះទេ រឿង​ភ័ស្តុភារកម្ម ដោយ​ខ្វះខាត​តាំងពី​កំណល់​ទំនិញ​។ ជាពិសេស ស្រប​ពេលដែល​កម្ពុជា​ត្រូវការ​នូវ​ទំនើបកម្ម កម្មវិធី​គ្រប់គ្រង​ផ្នែក​នេះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​និយាយ​ជារួម ខ្ញុំ​អរគុណ​សម្រាប់​ការជូន​អំណោយ តែ​ខ្ញុំ​រឹតតែ​អរគុណ​ខ្លាំង​ជាង​នេះ បើសិន​ជា​មិត្ត​ខ្ញុំ​អាច​ជួយ​ខ្ញុំ​ឱ្យ​លែង​ត្រូវការ​អំណោយ ក្នុងពេល​អនាគត​»៕