បុរស​សង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ខណ្ឌដង្កោ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​ ១៧ វិច្ឆិកា ករណី​រំលោភ​ក្មេងស្រី​ម្នាក់​អាយុ​ ៦ ​ឆ្នាំ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាន​ ១ ​ថ្ងៃ​នៅក្នុង​មូលដ្ឋាន​សង្កាត់-ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

លោក​ ជឹម ស៊ីថា អធិការនគរបាល​ខណ្ឌ​ដង្កោ​ប្រាប់​នៅ​ថ្ងៃទី​ ១៧ វិច្ឆិកា ថា​ជនសង្ស័យ​ឈ្មោះ លី សេងធិន អាយុ ៤៨ ​ឆ្នាំ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​មាន ឈ្មោះ ម.ន​. អាយុ​ ៦ ​ឆ្នាំ ស្នាក់នៅ​ជាមួយ​ម្តាយ​នៅ​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិសាស្ត្រ​ទឹកដី​សង្កាត់-ខណ្ឌ​ដង្កោ​។

លោក​បញ្ជាក់ថា​៖ «​យើង​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ព្រឹក​មិញ​នេះ​ (​ថ្ងៃទី​ ១៧ វិច្ឆិកា​) ​តាម​បណ្តឹង​របស់​ម្តាយ​ក្មេងរងគ្រោះ​។ ពេលនេះ​ខាង​ជំនាញ​យើង​កំពុង​សាកសួរ​ជនសង្ស័យ​នៅ​អធិការដ្ឋាន​នគរបាល​យើង​»​។

បើតាម​កំណត់ហេតុ​របស់​នគរបាល​ខណ្ឌដង្កោ​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី​ ១៧ វិច្ឆិកា​បង្ហាញថា ​ជនសង្ស័យ លី សេងធិន មាន​របរ​ជា​អ្នកលក់​ភេសជ្ជៈ ស្នាក់នៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ រវាង​ជនសង្ស័យ និង​ម្តាយ​ក្មេងស្រី​រងគ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​រយៈពេល​ជាង​ ១ ​ឆ្នាំ​ហើយ​។

កំណត់ហេតុ​បន្តថា​លុះ​នៅ​ថ្ងៃកើតហេតុ​វេលា​រសៀល​ថ្ងៃទី​ ១៦ វិច្ឆិកា ជនសង្ស័យ​បាន​ទៅរក​ម្តាយ​ក្មេងស្រី​រងគ្រោះ​ដល់​កន្លែង​ស្នាក់នៅ​។ ប៉ុន្តែ​ពេលនោះ​ម្តាយ​ក្មេងរងគ្រោះ​ទៅ​ធ្វើការ​រោងចក្រ​កាត់ដេរ ហើយ​នៅតែ​ក្មេងស្រី​រងគ្រោះ​ម្នាក់ឯង​។

ពេលនោះ​ជនសង្ស័យ​បាន​ឱ្យ​លុយ​ក្មេងរងគ្រោះ​ទិញ​នំ​ហូប និង​ល្បួង​ឱ្យមើល​ទូរស័ព្ទ​រឿង​សិច​ក្នុង​បន្ទប់​ជួល​រួច​ចាប់​នាង​រំលោភ​បានសម្រេច​តែម្តង​។

ប្រភព​ដដែល​បន្តថា ក្រោយពី​ម្តាយ​ក្មេង​ត្រឡប់​មកពី​ធ្វើការ​វិញ​ពេល​ល្ងាច​ក្មេងស្រី​រងគ្រោះ​បាន​និយាយប្រាប់​ម្តាយ​។

លុះ​ព្រឹក​ឡើង​ថ្ងៃទី​ ១៧ វិច្ឆិកា ស្ត្រី​ជា​ម្តាយ​បាន​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ដង្កោ​។ បន្ទាប់ពី​សមត្ថកិច្ច​បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ម្តាយ​ក្មេងរងគ្រោះ សមត្ថកិច្ច​ក៏​ស្រាវជ្រាវ​អត្តសញ្ញាណ​ជនសង្ស័យ​តាម​ដែល​ម្តាយ​ក្មេងរងគ្រោះ​និយាយប្រាប់​រហូត​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ដដែល ក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ​៕