ភ្នំពេញៈ​ កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ ​៧៣៩ ​របស់​កម្ពុជា​ចំនួន​ ៧៣​ នាក់​ក្នុងនោះ​មាន​នារី​ ៣៤​ នាក់ បាន​ចេញទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ កាលពី​ថ្ងៃទី ​១៦ ​ខែ វិច្ឆិកា ​ឆ្នាំ ​២០២១ ​ដើម្បី​ជំនួស​អ្នក​ចាស់​ដែល​ទើប​ត្រឡប់​មកដល់​កម្ពុជា​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​។​

​អ្នកស្រី កុសល ម៉ា​លីន​ដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ព្រឹក​ថ្ងៃទី ​១៧ ​ខែវិច្ឆិកា ​នេះ​ថា ​ការ​ទៅ​បំពេញបេសកកម្ម​របស់​កងកម្លាំង​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ ​៧៣៩ ​នាពេលនេះ​ គឺជា​ការប្ដូរ​វេន​កម្លាំង​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ ​១៨៦ ​ចំនួន​ ៧៣​ នាក់ ក្នុងនោះ​មាន​នារី ២៨ ​នាក់ ដែល​ទើប​បានធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​ ១៦ ​ខែវិច្ឆិកា ឆ្នាំនេះ ក្រោយពី​បញ្ចប់​បេសកកម្ម​នៅ​ទីនោះ​អស់​រយៈពេល​ ១ ​ឆ្នាំ​ប្រកបដោយ​ជោគជ័យ​។​

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​តួនាទី​និង​ភារកិច្ច​របស់​ក្រុម​កម្លាំង​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ​ ៧៣៩ ទាំង​ ៧៣​ នាក់ ដែល​ត្រូវអនុវត្ត​ក្នុងប្រទេស​ស៊ូដង់​ខាងត្បូង​ ក្រោម​បេសកកម្ម​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ​នោះ​ គឺ​ចុះ​ត្រួតពិនិត្យ​សណ្ដាប់ធ្នាប់ ចរាចរណ៍ ការពារ​ក្បួន​ដង្ហែ​របស់​ឥស្សរជន​ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ដែល​កំពុង​បំពេញបេសកកម្ម​ការងា​រ​នៅក្នុង​ប្រទេស​នេះ​ និង​ការ​ល្បាត​រក្សា​សន្តិភាព​សម្រាប់​ពលរដ្ឋ​នៃ​ប្រទេស​ស៊ូដង់​»​។​

​បើតាម​អ្នកស្រី ម៉ា​លីន​ដា អត្រា​ចូលរួម​របស់​នារី​ក្នុង​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ​ ៧៣៩ នាពេលនេះ ស្មើ​ ៤៦% លើសពី​តម្រូវការ​របស់ អ​.​ស​.​ប​. ១៥%​។ ប្រការនេះ បានបញ្ជាក់​ឱ្យឃើញថា កម្លាំង​មួក​ខៀវ​កម្ពុជា ពិតជា​បានធ្វើ​នវានុវត្តន៍​ចំណេះ​ជំនាញ​ក្នុង​បរិបទ​នៃ​ការរស់នៅ​ថ្មី និង​សាមគ្គីភាព សហ​ប្រតិ​ប​ត្តិ​ការ គោរព​វិន័យ​ល្អ និង​ភាព​អង់អាច​ក្លាហាន​ក្នុងការ​អនុវត្ត​តួនាទី​របស់ខ្លួន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែងនៃ​តំបន់​ដែល​ខ្លួន​បាន​ចូលរួម ពិសេស​ការអនុវត្ត​នូវ​វិធានការ​ការពារ​មេរោគ​កូ​វីដ ​១៩​។

​អ្នកស្រី ម៉ា​លីន​ដា ក៏បាន​ប្រាប់​ផងដែរ​ថា ​កម្លាំង​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ ​១៨៦ ​ចំនួន​ ៧៣​ នាក់ ដែល​ទើបបាន​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​នេះ ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ថ្នាក់ដឹកនាំ​ម​ជ្ឈ​មណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព និង​ពី​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត នៃ​ក្រសួងការពារជាតិ​។ ពួកគេ​ត្រូវបាន​ក្រុមការងារ​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ​យក​សំណាក​ធ្វើតេស្ដ​រហ័ស (Rapid Test) រក​មេរោគ​កូ​វីដ​ ១៩​ ភ្លាមៗ​ផងដែរ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ប៉ុន្តែ​ជា​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់គ្នា​។

អ្នកស្រី​បានបញ្ជាក់​បន្ថែមថា​៖ «​ដោយសារ​ពួកគាត់​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ​១៩ ​ដូ​ស​ទី​៣ ដែលជា​ដូ​ស​ជំរុញ ក្រុមគ្រូពេទ្យ​ក៏បាន​ចាក់​ដូ​ស​ទី​៣ ​នោះ​ជូន​ពួកគាត់​រួចជាស្រេច​មុនពេល​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​របស់​ពួកគាត់​រៀងៗ​ខ្លួន​នោះ​»​។​

បើតាម​អ្នកស្រី ម៉ា​លីន​ដា ក្រុម​កម្លាំង​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ ​១៨៦ ​ទាំង​ ៧៣ ​នាក់ មិន​ត្រូវបាន​បញ្ជូនទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ក្នុង​ខេត្តកំពង់ឆ្នាំង​ ដូច​កង​មុនៗ​ទេ​។ ទោះយ៉ាងណា ពួកគាត់ ត្រូវបាន​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ក្នុង​រយៈពេល​ ៧ ​ថ្ងៃ មុនពេល​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​ក្រុមគ្រួសារ ​ឬ​សាច់ញាតិ​។

យោងតាម​របាយ​ណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព គិត​ចាប់ពី​ឆ្នាំ ​២០០៦ រហូតមកទល់​បច្ចុប្បន្ន​ប្រទេស​កម្ពុជា ​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ចំនួន ៧ ៨៩៩​ នាក់ ក្នុងនោះ​មាន​នារី ៥២៨​ នាក់​។ បច្ចុប្បន្ន កងកម្លាំង​មួក​ខៀវ​កំពុង​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​មាន​ចំនួន ៧៨៧ ​នាក់ ក្នុងនោះ​នារី ១១១​ នាក់​។​

ដោយឡែក​ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​សម្រាប់​ឆ្នាំ​ ២០២១ ដែលជា​ឆ្នាំ​ទី​១០ នៃ​ការបំពេញ​បេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​នេះ គឺ​កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​របស់ខ្លួន​សរុប​ចំនួន​ ៧៣០ ​នាក់ ក្នុងនោះ​មាន​កម្លាំង​មួក​ខៀវ​ជានា​រី ​១២៤ ​នាក់​៕